30.7 C
Phnom Penh

ព្រះសង្ឃ​ដែល​សម្រេច​កាម​​ខ្លួន​ឯង​​ត្រូវ​បាន​​ចាប់​ផ្សឹក​​បន្ទាប់ពី​​ប្រគល់​ខ្លួន​ឲ្យ​មន្ត្រី​សង្ឃ​​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រតិបត្តិការតាមប្រមាញ់ព្រះសង្ឃវ័យក្មេងមួយអង្គដែលសាងភាពល្បីល្បាញក្នុងពេលដ៏ខ្លីតាមរយៈការបង្ហោះវីដេអូ និងរូបភាពអាសអាភាសលើទំព័រហ្វេសប៊ុករបស់ខ្លួន បានបញ្ចប់កាលពីថ្ងៃច័ន្ទ នៅពេលសង្ឃអង្គនោះប្រគល់ខ្លួនសារភាពទទួលទោសកំហុសចំពោះមុខមន្ត្រីសង្ឃថ្នាក់កំពូលនៅក្នុងរាជធានីភ្នំពេញ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា “លោកបានប្រគល់ខ្លួនឲ្យមន្ត្រីសង្ឃ បន្ទាប់មកលោកក៏ត្រូវចាប់ផ្សឹក”។

ក្រសួងនេះបានបញ្ជាឲ្យតាមស្វែងរកព្រះសង្ឃព្រះនាម វ៉ា ស៊ីណាន កាលពីសប្ដាហ៍មុន បន្ទាប់ពីសង្ឃអង្គនេះបានបង្ហោះចែករំលែកវីដេអូ និងរូបភាពលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីសកម្មភាពខ្លួនកាន់ប្រាក់ជាច្រើនគ្រវី ហើយលូកដៃចូលស្បង់ចីវរដើម្បីសម្រេចកាមខ្លួនឯង។ កាលពីថ្ងៃព្រហស្បតិ៍សង្ឃ វ៉ា ស៊ីណាន ដែលមានព្រះជន្មខ្ទង់២០ឆ្នាំប្លាយបានបង្ហោះវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអះអាងថា ខ្លួនស្ថិតនៅក្នុងប្រទេសថៃ ហើយទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនត្រូវគេហ៊ែកចូល ប៉ុន្តែមិនបានបដិសេធចំពោះវីដេអូ និងរូបភាពទាំងនោះទេ។

យោងតាមលោក សេង សុមុនី បានឲ្យដឹងថា ការផ្សឹកសង្ឃអង្គនេះកាលពីថ្ងៃច័ន្ទ គឺជារឿងចាំបាច់ ”ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា និងបញ្ឈប់ការភាន់ច្រឡំក្នុងចំណោមប្រជាពលរដ្ឋ”។

រូបភាពវីដេអូស្ដីពីការសារភាពទោសកំហុសរបស់សង្ឃ វ៉ា ស៊ីណាន អំឡុងពិធីផ្សឹក ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សាលាគណរាជធានីភ្នំពេញ កាលពីយប់ថ្ងៃច័ន្ទ។ នៅក្នុងវីដេអូនោះ សង្ឃ វ៉ា ស៊ីណាន បានសូមអភ័យទោសចំពោះ ”រឿងអាស្រូវនឹកស្មានមិនដល់” ដែលបង្កឡើងដោយទង្វើរបស់ខ្លួន។

សង្ឃអង្គនេះបានសារភាពទោសកំហុសរបស់ខ្លួនថា “អាត្មាភាពសូមចម្រើនពរទៅដល់ញាតិញោមជាពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យបានជ្រាបថា រឿងរ៉ាវអាស្រូវកន្លងមករបស់ទូលព្រះបង្គំខ្ញុំកូណាអាត្មាភាពនេះគឺនឹកស្មានមិនដល់ អ្វីដែលកើតឡើងមានភាពស្មុគស្មាញនៅក្នុងសង្គមនេះ។ ហើយខ្ញុំកូណាអាត្មាភាពនឹងព្រមទទួលនូវទោសកំហុសដែលខ្ញុំព្រះករុណាអាត្មាភាពបានធ្វើ ខ្ញុំកូណាអាត្មាភាពនឹងទទួលខុសត្រូវចំពោះមុខច្បាប់ និងព្រមលាចាកសិក្ខាបទដើម្បីថែរក្សាតម្លៃព្រះពុទ្ធសាសនា និងដើម្បីឱ្យពុទ្ធបរិស័ទស្ងប់នូវបញ្ហាស្មុគស្មាញដែលកើតឡើងនឹកស្មានមិនដល់ចំពោះរឿងកេរ្តិ៍អាស្រូវរបស់ខ្ញុំកូណាអាត្មាភាព”។

សេចក្ដីថ្លែងការណ៍មួយអមវីដេអូនោះបានជំរុញឲ្យសាធារណជនឈប់ជជែកដេញដោលអំពីទង្វើមិនគប្បីរបស់សង្ឃ វ៉ា ស៊ីណាន ហើយចៀសវាងការជជែកដេញដោលរឿងព្រះសង្ឃ។ សេចក្តីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា “សូមកុំយករូបថតទាំងនេះធ្វើជាប្រធានបទជជែកដេញដោល។ ករណីនេះគ្រាន់តែជារឿងបុគ្គលប៉ុណ្ណោះ”។

ថ្វីបើសមត្ថកិច្ចតាមប្រមាញ់សង្ឃ វ៉ា ស៊ីណាន យ៉ាងណាក្ដី ក៏ទោសកំហុសរបស់សង្ឃអង្គនេះគឺស្រាលនៅឡើយ បើប្រៀបធៀបទៅនឹងទោសកំហុសដែលប្រព្រឹត្តកាន់តែញឹកញាប់ដោយព្រះសង្ឃនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងនោះរួមមានទាំងឃាតកម្ម ការចាប់រំលោភ និងការរំលោភសេពសន្ថវៈកុមារផងដែរ។

បណ្ដាអ្នករិះគន់បានចាត់ទុកវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាជាកន្លែងយកក្មេងប្រុសៗទៅបំបរបង់ចោល ដែលឪពុកម្ដាយគ្មានលទ្ធភាពឬគ្មានឆន្ទៈចិញ្ចឹមបីបាច់ពួកគេឲ្យបានសមរម្យ ប៉ុន្តែមន្ត្រីសង្ឃជាន់ខ្ពស់នៅក្នុងប្រទេសបានបដិសេធមិនទទួលស្គាល់បញ្ហាដែលកើតមានជាលក្ខណៈប្រព័ន្ធឡើយ ដោយចាត់ទុកបទល្មើសហិង្សាដែលកើតឡើងជាបន្តបន្ទាប់ថាជារឿងបុគ្គល៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស