28 C
Phnom Penh

ឱសានវាទ​សម្រាប់​ការ​ចុះ​បញ្ជី​មជ្ឈមណ្ឌលកុមារ​កំព្រាត្រូវបាន​ពន្យារពេល​ជាថ្មីម្តងទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឱសានវាទសម្រាប់មជ្ឈមណ្ឌលកុមារកំព្រាទូទាំងប្រទេសក្នុងការចុះឈ្មោះជាមួយក្រសួងសង្គមកិច្ចត្រូវបានពន្យារពេលជាថ្មីម្តងទៀត ខណៈដែលរដ្ឋាភិបាលបន្តការខិតខំប្រឹងប្រែងរយៈពេលជាច្រើនខែដើម្បីចាប់ផ្តើមគ្រប់គ្រងប្រព័ន្ធគាំពារកុមារដែលផ្តល់កន្លែងស្នាក់នៅ។

លោក រស់ សុខា ប្រធានផ្នែកសុខុមាលភាពកុមារនៅក្រសួងនេះបានមានប្រសាសន៍ថា ស្ថាប័នតែ១០ប៉ុណ្ណោះទទួលបានផលប្រយោជន៍ពីរយៈពេលដែលបានពន្យារថ្មីៗនេះ ប៉ុន្តែ ចំនួននេះអាចកើនឡើងនៅពេលមន្ទីរសង្គមកិច្ចខេត្តដាក់ជូនឯកសារចុះបញ្ជី។

មិនដល់៦០ភាគរយផងនៃកន្លែងផ្តល់ការស្នាក់នៅដែលគេដឹងគឺ ៣៧៤ក្នុងចំណោម៦៤១បានដាក់ជូនបែបបទនេះចាប់តាំងពីវិធានស្តីពីការចុះបញ្ជីត្រូវបានប្រកាសកាលពីខែកញ្ញា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលធ្វើឡើងដោយមានការគាំទ្រពីអង្គការយូនីសេហ្វ។

ការែកទម្រង់មានបំណងធ្វើឲ្យកន្លែងបែបនេះទាំងអស់មានបទដ្ឋានអប្បបរមា និងលើកទឹកចិត្តឲ្យមានការបញ្ជូនកុមារទៅសាច់ញាតិវិញនៅពេលអាចធ្វើទៅបាន។ ជាង៧៥ភាគរយនៃកុមារនៅក្នុងមជ្ឈមណ្ឌលផ្តល់កន្លែងស្នាក់នៅ មានឪពុក ឬម្តាយនៅរស់ នេះបើយោងតាមការសិក្សាឆ្នាំ២០១២របស់អង្គការយូនីសេហ្វ និងក្រសួងសង្គមកិច្ច។

នៅពេលអនុក្រឹត្យត្រូវបានផ្សព្វផ្សាយកាលពីខែធ្នូ ក្រុមមន្ត្រីបានលើកឡើងថា មជ្ឈមណ្ឌលកុមារកំព្រាណាដែលមិនបានជូនដំណឹងដល់ក្រសួងអំពីអត្ថិភាពរបស់ខ្លួនត្រឹមថ្ងៃទី១១ ខែមីនា នឹងប្រឈមការបិទចោល។ ប៉ុន្តែ លោក សុខា បានលើកឡើងកាលពីម្សិលមិញថា វាទំនងជាថា មជ្ឈមណ្ឌលដែលមិនបានចុះបញ្ជីនឹងត្រូវបានបិទទេ បើទោះជាមជ្ឈមណ្ឌលទាំងនេះខកខានឱសានវាទថ្មីដែលបានកំណត់សម្រាប់ចុងសប្តាហ៍នេះក៏ដោយ។

លោកបានថ្លែងថា “ប្រសិនបើមជ្ឈមណ្ឌលមួយចំនួនមិនបានបញ្ជូនឯកសារមកយើងទេនោះ យើងនឹងចុះទៅពិនិត្យមើល និងរកឱ្យឃើញថា តើបញ្ហាពិតជាអ្វី”។

លោក Bruce Grant ប្រធានផ្នែកគាំពារកុមារនៅអង្គការយូនីសេហ្វកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា អង្គការបានគាំទ្រការពន្យារពេលថ្មីៗនេះ។

លោកបានថ្លែងថា “ដំណើរការនេះគឺសំខាន់ណាស់ដើម្បីធានាថា មជ្ឈមណ្ឌលគាំពារដែលផ្តល់កន្លែងស្នាក់នៅទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណត្រឹមត្រូវ ហើយអាចចុះបញ្ជីនៅពេលក្រោយដើម្បីប្រតិបត្តិការសេវាគាំពារស្របច្បាប់”។

លោក Sebastien Marot នាយកប្រតិបត្តិអង្គការ Friends International ជាអង្គការមិនមែនរដ្ឋាភិបាលដែលផ្សព្វផ្សាយការគាំពារក្នុងសហគមនមានប្រសាសន៍ថា វាសំខាន់ណាស់សម្រាប់ក្រសួងដើម្បីស្វែងយល់ច្បាស់លាស់ពីចំនួនស្ថាប័ននៅក្នុងប្រទេស។

លោកបានថ្លែងថា “ខ្ញុំគិតថា វាជារឿងល្អនៅដំណាក់កាលនេះដែលក្រសួងផ្តល់ឱកាសដល់អង្គការនានាក្នុងការចុះបញ្ជី ពីព្រោះវានឹងផ្តល់ឱ្យយើងនូវការពិនិត្យកាន់តែច្រើនជាងនេះ។ ក្រសួងនឹងមានគំនិតល្អៗថា អ្នកណាកំពុងប្រតិបត្តិការនៅកន្លែងណា និងដោយរបៀបណា”។

បើទោះជាដំណើរការនេះមិនគួរត្រូវបានពន្យារពេលដោយមិនកំណត់ក៏ដោយ ក៏លោក Marot បានលើកឡើងថា ការដាក់ទោសទណ្ឌស្ថាប័នណាដែលមិនអនុវត្តតាមជាការលំបាក។

លោកបានថ្លែងថា”តើបញ្ហានេះនឹងផ្លាស់ប្តូរអ្វីៗឬ? នោះគឺជាចំណោទដ៏ធំ។ ពីព្រោះ បើអ្នកមិនបានចុះបញ្ជីជាមួយក្រសួង តើគេនឹងពិន័យអ្នកដោយរបៀបណា?”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស