តុលាការកំពូលនៅថ្ងៃនេះតម្កល់សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដើម្បីឲ្យស៊ើបអង្កេតឡើងវិញនូវការអះអាងថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង បានក្លែងសន្ធិសញ្ញាការទូត ហើយឲ្យឃុំខ្លួនបន្តទៀត។
លោក សុខហួរ ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែសីហា តាមបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីមានវីដេអូមួយបានបង្ហោះតាមអ៊ីនធឺណិតដែលឃើញលោកធ្វើបទបង្ហាញសន្ធិសញ្ញាព្រំដែននាទសវត្សរ៍ឆ្នាំ១៩៨០ក្លែងក្លាយជាមួយប្រទេសវៀតណាម។
លោក សឹង បញ្ញាវុឌ្ឍ ចៅក្រមជំនុំជម្រះតុលាការកំពូលបាននិយាយថា សំណុំរឿងនេះគឺស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការក្រុងនៅឡើយ ហើយជនជាប់ចោទដែលមានការជាប់ព័ន្ធនឹងបទល្មើសច្រើន គឺមិនអាចអនុញ្ញាតឲ្យនៅក្រៅឃុំបានទេ។
លោក សុខហួរ បានបដិសេធថាមិនបានក្លែងឯកសារទេ ដោយនិយាយថា លោកបានឃើញឯកសារនោះតាមហ្គូហ្គលក្នុងឆ្នាំ២០០៧។
បណ្តើរចូលរថយន្តនគរបាលដែលរង់ចាំនៅឯតុលាការកំពូល លោក សុខហួរ បាននិយាយថា “អត់មានអីភ្ញាក់ផ្អើលទេ ព្រោះវាជារឿងនយោបាយ។ យើងដឹងមុនរួចហើយ”។
តុលាការក្រុងភ្នំពេញបានសម្រេចឲ្យបន្តឃុំខ្លួនលោក សុខហួរ និងឲ្យរឹបអូសកុំព្យូទ័ររបស់លោកសម្រាប់ការស៊ើបអង្កេតថ្មី ដើម្បីកំណត់ថាតើ លោកគឺជាអ្នកសរសេរដោយផ្ទាល់ឬយ៉ាងណា៕