27.5 C
Phnom Penh

អ្នក​ជំនាញ​និយាយ​ថា អង្គរវត្ត​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញអន្តរជាតិដែលមកទស្សនាឧទ្យានបុរាណអង្គរបានចែករំលែកការសង្កេតឃើញដែលគួរឲ្យបារម្ភជាមួយសមភាគីកម្ពុជារបស់ខ្លួននៅសប្តាហ៍នេះថា កំពូលប្រាសាទអង្គរវត្តដ៏ល្បីល្បាញត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ទល់ផលប៉ះពាល់នៃអាយុកាល ធាតុអាកាស និងការបំពុលបរិស្ថាន។

cam-photo-angkor-wat-reuters-800x533លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ជាទីភ្នាក់ងាររដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យាននៅខេត្តសៀមរាប បានមានប្រសាសន៍ថា ទោះបីជាអង្គរវត្ត ជាប្រាសាទធំបំផុតនិងមានអ្នកទស្សនាច្រើនបំផុតក្នុងឧទ្យាននេះ កំពុងជួសជុលជាប្រចាំក៏ដោយ ក៏ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យមានការយកចិត្តទុកដាក់បន្ថែមចំពោះថ្មរបស់កំពូលប្រសាទ។

លោកស្រីបានមានប្រសាសន៍ថា “ដូចជាក្នុងករណីមានកត្តាធម្មជាតិ អាយុថ្ម ជាដើម ដូច្នេះយើងត្រូវដាក់ការសង្កត់ធ្ងន់លើរចនាសម្ពន្ធទាំងនោះ ដែលអាចមើលឃើញថារឹង ប៉ុន្តែថ្មទាំងនោះរងការគំរាមកំហែងជាប្រចាំដោយបរិស្ថាន”។

ក្រុមអ្នកឯកទេសក្នុងវិស័យនានាដូចជា រុក្ខជាតិរស់ក្នុងទឹក ការគ្រប់គ្រងទេសចរណ៍ និងភាសាសំស្ក្រឹត មកជួបគ្នានៅក្រុងសៀមរាបក្នុងសប្តាហ៍នេះ ដើម្បីចូលរួមការប្រជុំផ្នែកបច្ចេកទេសនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ (ICC) នៅថ្ងៃនេះនិងថ្ងៃស្អែក។ ធ្វើជាប្រចាំឆ្នាំ ការប្រជុំនេះនាំមកនូវការជួបជុំគ្នានៃក្រុមអន្តរជាតិនិងកម្ពុជា ដែលធ្វើការនៅឧទ្យានអង្គរ ទាំងខាងជួសជុលប្រសាទ ទាំងខាងគ្រប់គ្រងព្រៃឈើ។

បន្ទាប់ពីការដាក់បន្ថែមប្រាសាទអង្គរវត្តចូលបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៩២មក អាយស៊ីស៊ី-អង្គរ ត្រូវបានបង្កើតឡើងដើម្បីនាំមកនូវជំនាញការនិងការផ្តល់មូលនិធិដើម្បីជួសជុលទីតាំងនេះ ដែលបានខូចខាតដោយសារតែការមិនយកចិត្តទុកដាក់ បន្ថែមទៅនឹងការដាក់មីនផង នៅអំឡុងសង្គ្រាមនិងជម្លោះជាច្រើនទសវត្សរ៍ក្នុងប្រទេសនេះ។

ធ្វើសហប្រធានដោយប្រទេសបារាំងនិងប្រទេសជប៉ុនព្រមទាំងមានការគាំទ្រពីអង្គការយូណេស្កូផងនោះ គណៈកម្មាធិការនេះមើលខុសត្រូវគ្រប់ទិដ្ឋភាពទាំងអស់នៃឧទ្យានមានផ្ទៃដីទំហំ៤០១គីឡូម៉ែត្រក្រឡា ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរអប្សរា ដែលមានលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ជាប្រធាន។

ចាប់តាំងពីអង្គរបានចាប់ផ្តើមនាំមកនូវប្រាក់ចំណូលទេសចរណ៍រាប់លានដុល្លាររាល់ឆ្នាំមក អាយស៊ីស៊ី-អង្គរកាន់តែមានលក្ខណៈផ្លូវការច្រើនឡើង ទាំងនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសដែលផ្តល់ប្រាក់ជួយគម្រោងនានានៅអង្គរ ទាំងកិច្ចប្រជុំបច្ចេកទេសប្រចាំឆ្នាំរបស់ខ្លួនដែរ។

បុរាណវត្ថុវិទូបរទេសមួយចំនួនបានរាយការណ៍ថា នីតិវិធីរវាងអាជ្ញាធរអប្សរានិងក្រុមអ្នកស្រាវជ្រាវបរទេសកាន់តែតឹងរ៉ឹងឡើង។

“ក្រមប្រតិបត្តិ” សម្រាប់ក្រុមអ្នកស្រាវជ្រាវ ដែលរៀបចំដោយលោក ត័ន ប៊ុនស៊ុយ អគ្គនាយករងអាជ្ញាធរអប្សរា និងលោកស្រី ហេឡែន ចាវិស ទីប្រឹក្សាជើងចាស់របស់លោក សុខ អាន នឹងត្រូវធ្វើបទបង្ហាញនៅកិច្ចប្រជុំថ្ងៃស្អែក។ លោកស្រី ស៊ុនកិរិយា បានមានប្រសាសន៍ថា ច្បាប់ថ្មីនេះគ្រាន់តែធ្វើឲ្យនីតិវិធីបច្ចុប្បន្នមានស្តង់ដារប៉ុណ្ណោះ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស