34 C
Phnom Penh

មន្ត្រី​និយាយ​ថា មន្ត្រី​ក្រសួង​អប់រំ​​​​ជាន់​​ខ្ពស់​​ម្នាក់​បៀតបៀន​កេរ្តិ៍​ភេទ​អ្នក​​​បក​ប្រែ​ស្រី​​នៅ​​​កូរ៉េខាង​ត្បូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីកម្ពុជា និងកូរ៉េបាននិយាយកាលពីម្សិលមិញថា លោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំជាន់ខ្ពស់ត្រូវបានចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួនអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីចុងខែឧសភា ហើយត្រូវបានដោះលែងវិញ បន្ទាប់ពីស្ថានទូតកម្ពុជាអន្តរាគមន៍ និងបង់ប្រាក់ពិន័យដល់ទៅជាង១២.០០០ដុល្លារ។

cam-photo-koreaលោក គ្រី ស៊ាងឡុង ដែលបានចូលរួមវេទិកាស្ដីពីការអភិវឌ្ឍន៍ធនធានមនុស្សអាសា៊នបូក៣ ឆ្នាំ២០១៦ (2016 Asean+3 HRD Forum) រយៈពេល៣ថ្ងៃនៅទីក្រុងសេអ៊ូល ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា មិនបានសារភាពថាខ្លួនប្រព្រឹត្តទង្វើបែបនេះទេកាលពីម្សិលមិញ ប៉ុន្តែនិយាយថា បញ្ហានេះត្រូវបាន “ដោះស្រាយរួចហើយ”។

មន្ត្រីមួយរូបមកពីទីភ្នាក់ងារនគរបាលក្រុងសេអ៊ូល ដែលសុំមិនបញ្ចេញឈ្មោះដោយសារហេតុផលផ្លូវច្បាប់ បានបញ្ជាក់ថា មន្ត្រីក្រសួងអប់រំកម្ពុជាមួយរូបត្រូវបានចាប់ខ្លួននៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៦ ខែឧសភា ពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួន។

មន្ត្រីដដែលនិយាយតាមទូរស័ព្ទថា “គាត់ត្រូវបានផ្ដន្ទាទោសឲ្យបង់ប្រាក់ពិន័យ៥.០០០ដុល្លារ ហើយត្រូវបានដោះលែងវិញ។ គាត់ជាប់សង្ស័យពីបទបៀតបៀនកេរ្តិ៍ភេទ”។

ទោះបីជាសមត្ថកិច្ចរបស់កម្ពុជាមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីករណីនេះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះចាប់តាំងពីលោក គ្រី ស៊ាងឡុង ត្រូវបានចាប់ខ្លួនក្ដីក៏វាគេចមិនផុតពីការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដែរ។

កាលពីថ្ងៃទី២ ខែមិថុនា គេហទំព័រព័ត៌មានមួយរបស់កូរ៉េដែលមានឈ្មោះថា Yes! Top News បានចុះផ្សាយថា មន្ត្រីកម្ពុជាវ័យ៤៤ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅម៉ោង១០យប់ថ្ងៃទី២៦ ខែឧសភា ក្នុងសង្កាត់ហ្គូរ៉ូហ្គុ (Guro-gu)។ នៅក្នុងអត្ថបទមួយចុះផ្សាយកាលពីថ្ងៃអង្គារ គេហទំព័រ News1 Korea បានលើកឡើងថា អ្នកបកប្រែរបស់មន្ត្រីរូបនេះបានប្ដឹងនគរបាល បន្ទាប់ពីគាត់បានលូកដៃឱបចង្កេះរបស់នាង និងប៉ុនប៉ងថើបនាង។ រដ្ឋអាជ្ញាបានស្នើឲ្យហាមមិនឲ្យមន្ត្រីរូបនេះធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅលើកក្រោយៗទៀត។

យោងតាមលិខិតមួយចុះថ្ងៃទី៩ ខែមិថុនា ដែលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំនៅកូរ៉េខាងត្បូងបានផ្ញើមកក្រសួងការបរទេស បានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញាសង្កាត់ Seoul Southern បានយល់ព្រមដោះលែងលោក គ្រី ស៊ាងឡុង បន្ទាប់ពីក្រសួងអប់រំយល់ព្រមបង់ប្រាក់ពិន័យចំនួន១៤,១លានវ៉ុន ឬប្រហែល១២.៣០០ដុល្លារ។

លិខិតនោះមានខ្លឹមសារដូច្នេះថា “ខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាបជូនឯកឧត្ដម [លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស] មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៧:៥០ (ម៉ោងកូរ៉េ) ការិយាល័យរដ្ឋអាជ្ញាសង្កាត់ Seoul Southern បានសម្រេចលើកលែងការចោទប្រកាន់ និងដោះលែងលោក គ្រី ស៊ាងឡុង ទាំងស្រុងពីមណ្ឌលឃុំឃាំង Nambu Detention Center ក្នុងទីក្រុងសេអ៊ូល។ ប៉ុន្តែរដ្ឋអាជ្ញាបានសម្រេចផាកពិន័យជាប្រាក់ចំនួន៣.៦០០.០០០វ៉ុន និងសងជំងឺចិត្តដល់ជនរងគ្រោះចំនួន៥.០០០.០០០វ៉ុន និងថ្លៃមេធាវីចំនួន ៥.៥០០.០០០វ៉ុន។ ចំពោះថវិកាទាំងអស់នេះគឺបានពីការផ្ដល់ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយសំណង”។

យោងតាមលិខិតដដែលបានឲ្យដឹងថា ស្ថានទូតបានចេញកំណត់ទូតដាច់ដោយឡែកចំនួនបី ដើម្បីស្នើសុំឲ្យអន្តរាគមន៍ដោះលែងលោក គ្រី ស៊ាងឡុង គឺមួយច្បាប់ផ្ញើទៅការិយាល័យចៅក្រមនៅថ្ងៃទី២៧ ខែឧសភា មួយច្បាប់ផ្ញើទៅការិយាល័យរដ្ឋអាជ្ញានៅថ្ងៃទី៣ ខែមិថុនា និងមួយច្បាប់ទៀតផ្ញើទៅក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃទី៥ ខែមិថុនា។

លិខិតនេះបានបន្ថែមទៀតថា “បន្ថែមពីលើនេះ ខ្ញុំបាទនិងមន្ត្រីស្ថានទូតបានទៅជួបរដ្ឋអាជ្ញាចំនួនពីរលើក និងជួបផ្ទាល់ជាមួយលោក គ្រី ស៊ាងឡុង ចំនួនបួនលើក។ បច្ចុប្បន្ននេះលោក គ្រី ស៊ាងឡុង កំពុងស្នាក់នៅស្ថានទូតហើយនឹងត្រូវត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី១០ ខែមិថុនា”។

លោក ឡុង ឌីម៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញករណីនេះ។ ចំណែកឯលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានលើកឡើងតាមរយៈសារជាអក្សរថា ”គ្មានមន្ត្រីក្រសួងណាមានបេសកកម្មទៅកូរ៉េទេក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ”។ ទោះជាយ៉ាងណា លោកមិនបានឆ្លើយតបនឹងសំណើសុំការឆ្លើតបំភ្លឺបន្ថែមទៀតឡើយ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា មន្ត្រីក្រសួងអប់រំមួយរូបពិតជាត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងដោះលែងវិញនៅទីក្រុងសេអ៊ូលប្រាកដមែន ប៉ុន្តែថា លោកមិនស្គាល់ឈ្មោះ ឬដឹងពីមុខតំណែងរបស់មន្ត្រីរូបនោះទេ។ លោកបានបន្តថា ”ដោយសារតែការអន្តរាគមន៍របស់ស្ថានទូតបញ្ហានេះត្រូវបានដោះស្រាយហើយ”។

នៅក្នុងសារហ្វេសប៊ុកជាបន្តបន្ទាប់កាលពីល្ងាចម្សិលមិញ លោក គ្រី ស៊ាងឡុង មិនបានសារភាពថា ខ្លួនបានបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែរបស់ខ្លួនឡើយ ប៉ុន្តែបានលើកឡើងថា បញ្ហាដោះស្រាយរួចហើយ”។

លោកបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតស្ដីពីហេតុការណ៍នេះទេ ហើយបានជំរុញអ្នកយកព័ត៌មានកុំឲ្យចុះផ្សាយរឿងនេះ។ លោកនិយាយថា “សូមកុំចុះផ្សាយអី ខ្ញុំសូមអង្វរ”។

ខិត្តប័ណ្ណមួយដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់វេទិកា 2016 Asean+3 HRD Forum ពណ៌នាអំពីសន្និសីទរយៈពេលបីថ្ងៃនេះថា ជាព្រឹត្តិការណ៍បណ្ដុះបណ្ដាលសម្រាប់ការលើកកម្ពស់ជំនាញធនធានមនុស្សនៅក្នុងបណ្ដាសេដ្ឋកិច្ចកំពុងរើបឡើង។

រូបថតបង្ហាញពីដំណើរទស្សនកិច្ចរបស់លោក គ្រី ស៊ាងឡុង ទៅកាន់ទីក្រុងសេអ៊ូលសម្រាប់ចូលរួមវេទិកានេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញពីសកម្មភាពលោកទទួលទានអាហារកូរ៉េ អង្គុយថតរូបក្រោមទ្រើងផ្កាកុលាប និងដើរលេងនៅ JobWorld។ រូបថតផ្សេងទៀតបង្ហាញពីលោកទទួលគ្រឿងឥស្សរិយយសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការចូលរូមសន្និសីទមុនៗនៅកោះបាលី ក្រុងបាងកក និងប្រទេសកូរ៉េខាងត្បូង៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស