នគរបាលរាជធានីភ្នំពេញបានលើកឡើងថា ខ្លួនច្រានចោលអំពើប្លន់ថាមិនមែនជាមូលហេតុដែលជំរុញឲ្យមានការចាក់សម្លាប់មន្ត្រីក្រសួងការពារជាតិម្នាក់ក្បែរចិញ្ចើមផ្លូវទាំងកណ្ដាលថ្ងៃចែសកាលពីថ្ងៃអង្គារឡើយ ប៉ុន្តែមិនទាន់កំណត់អត្តសញ្ញាណឃាតករដែលជិះម៉ូតូគេចខ្លួនបាត់ស្រមោលបាននៅឡើយទេ។

អ្នកស្រី លី ដាវី អាយុ៣០ឆ្នាំ ដែលជាវរសេនីយ៍ត្រីនៅនាយកដ្ឋានយោធសេវានៃក្រសួងការពារជាតិកំពុងដើរតែម្នាក់ឯងក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក នៅម៉ោងប្រហែល៩និង៣០នាទីព្រឹក ស្រាប់តែបុរសម្នាក់ដែលមានពាក់មួកសុវត្ថិភាពបានចាក់គាត់ចំទ្រូងជាច្រើនកាំបិត នេះបើយោងតាមសាក្សី និងនគរបាល។ សាក្សីបានយកធ្យូង និងមួកសុវត្ថិភាពគប់លើជនដៃដល់ ប៉ុន្តែជនដៃដល់រូបេនះបានជិះម៉ូតូហុងដាឃ្លីកគេចខ្លួនបាត់។
លោក តី វិសាល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនគរបាលរាជធានីបានលើកឡើងកាលពីម្សិលមិញថា ឃាតករកំពុងរត់គេចខ្លួននៅឡើយ ប៉ុន្តែលោកបានបន្ថែមថា ក្រុមមន្ត្រីបានច្រានចោលអំពើប្លន់ថាមិនមែនជាមូលហេតុដែលនាំឲ្យមានការចាក់សម្លាប់នេះឡើយ។
លោកបានមានប្រសាសន៍ថា “ករណីនេះមិនមែនជាអំពើប្លន់ទេ ព្រោះជនរងគ្រោះកំពុងដើរស្រាប់តែត្រូវជនសង្ស័យចាក់សម្លាប់តែម្តង ប៉ុន្តែ ជនសង្ស័យមិនបានយកអ្វីទេ”។
លោក តី វិសាល បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ ហើយបានបង្វែរសំណួរទៅថ្នាក់លើរបស់លោក គឺលោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនគរបាលរាជធានី។ ទាំងលោក អេង សោភា និងលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌសុទ្ធតែបដិសេធមិននិយាយអ្វីសោះឡើយក្រៅពីតែពាក្យថា ពួកគាត់នៅមិនទាន់មានតម្រុយណាមួយនៅឡើយទេ។
លោក អេង សោភា បានមានប្រសាសន៍នៅម៉ោងប្រហែល៥ល្ងាចថា ”ទោះបីជាយើងមិនទាន់រកឃើញតម្រុយណាមួយក៏ដោយ តែយើងកំពុងតែស៊ើបអង្កេតយ៉ាងសកម្ម ហើយខ្ញុំមិនទាន់ទាំងបានទទួលទានអាហារថ្ងៃត្រង់ផង”។
លោក ជាម ស៊ីថា នាយប៉ុស្តិ៍សង្កាត់ផ្សារដេប៉ូ១ ដែលជាកន្លែងកើតហេតុការណ៍នោះ បានលើកឡើងថា អាជ្ញាធរបានចុះទៅពិនិត្យផ្ទះរបស់អ្នកស្រី លី ដាវី កាលពីម្សិលមិញ។
នាយប៉ុស្តិ៍រូបនេះបានថ្លែងថា “ខ្ញុំទើបតែដឹងពីសហសេវិករបស់ខ្ញុំមកថា នគរបាលបានចុះទៅពិនិត្យផ្ទះរបស់ជនរងគ្រោះពីរដងនៅក្នុងថ្ងៃនេះ ម្ដងនៅពេលព្រឹក និងម្ដងទៀតនៅពេលរសៀល។ ខ្ញុំមិនដឹងអ្វីលើសពីនេះឡើយ”។
លោកលើកឡើងបន្តថា សពជនរងគ្រោះដែលត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា កាលពីថ្ងៃអង្គារ នឹងបូជានៅថ្ងៃេនះ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងថា ករណីនេះទាមទារឲ្យមានការលាក់ការណ៍សម្ងាត់បំផុត។
លោកបានមានប្រសាសន៍ថា “និយាយពាក់ព័ន្ធការស៊ើបអង្កេត ទោះបីជាយើងរកឃើញអ្វីក៏ដោយ ប៉ុន្តែយើងមិនទាន់បញ្ចប់នោះ យើងមិនអាចនិយាយថាយ៉ាងនេះឬយ៉ាងនោះបានឡើយ៕ ស៊ុយឈាង