អ្នកស្រី កុក អេង បានដើរកាត់ផ្សារលក់សាច់និងបន្លែស្រស់នៅអូរឫស្សីក្នុងក្រុងភ្នំពេញកាលពីរសៀលថ្ងៃពុធ ដោយមានយួរថង់ប្លាស្ទីកបីនៅនឹងម្រាមដៃផង។ ក្នុងថង់នីមួយៗ មានថង់ច្រើនទៀតដែលដាក់មុខទំនិញខ្ចប់ដោយឡែកពីគ្នា មានដូចជាអាវ បន្លែ និងផ្លែត្របែកជាដើម។
អ្នកស្រីវ័យ៥០ឆ្នាំរូបនេះបានមានប្រសាសន៍ថា “នៅពេលអ្នកទៅផ្សារទិញអីវ៉ាន់ អ្នកមិនបាច់យកថង់ទៅជាមួយទេ ពីព្រោះអ្នកទទួលបានថង់តូចៗច្រើន។ យើងទិញរបស់មួយ យើងបានថង់មួយ។ យើងទិញមួយទៀត បានមួយទៀត”។
អ្នកស្រី អេង បានមានប្រសាសន៍ថា គ្មានប្រយោជន៍ដែលត្រូវយកថង់ផ្ទាល់ខ្លួនទៅផ្សារនោះ ព្រោះអ្នកលក់សប្បាយនឹងឲ្យថង់តែរហូត។
យោងតាមការស្ទង់មតិនៅទូទាំងប្រទេសដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងធ្វើដោយអង្គការអាក្រា (ACRA) ជាអង្គការប្រឆាំងភាពក្រីក្រកាលពីឆ្នាំមុនឲ្យដឹងថា ប្រជាជនកម្ពុជាម្នាក់រស់នៅក្នុងក្រុងជាមធ្យមប្រើប្រាស់ថង់ប្លាស្ទីកច្រើនជាង២.០០០ថង់ក្នុងមួយឆ្នាំ គឺ១០ដងច្រើនជាងនៅសហភាពអឺរ៉ុបនិងប្រទេសចិន នៅពេលដែលថង់ប្លាស្ទីកជាមធ្យម១០លានថង់ត្រូវគេប្រើប្រាស់រាល់ថ្ងៃតែនៅក្នុងក្រុងភ្នំពេញ។
លោក ម៉ក់ ប៊ុនធឿន មន្ត្រីគម្រោងនៃអង្គការអាក្រា បាននិយាយថា ការខូចខាតដែលកើតឡើងដោយសារតែថង់ប្លាស្ទីកគឺធំធេងណាស់និងជាការខាតបង់យ៉ាងច្រើន។
លោកបាននិយាយថា “រដ្ឋាភិបាលចំណាយប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីដោះស្រាយបញ្ហាទាក់ទិននឹងថង់ប្លាស្ទីកនេះ ដោយសារប្រព័ន្ធបង្ហូរទឹកស្ទះ បញ្ហាសុខភាព និងខាតបង់ខាងទេសចរណ៍ដោយសារតែការប្រើប្រាស់ថង់ប្លាស្ទីកវេចខ្ចប់ច្រើនលើសលុប។
លោក ប៊ុនធឿន បាននិយាយថា ជាឧទាហរណ៍ អាជីវករលក់ដូរតាមផ្លូវជារឿយៗខាតបង់ប្រាក់ចំណូលនៅរដូវភ្លៀង នៅពេលដែលលូបង្ហូរទឹកស្ទះបង្កឲ្យមានការជន់លិចនិងធ្វើឲ្យខកខានដល់ការរកស៊ី។
លោកបាននិយាយថា “វាក៏មានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជនដែរ ពីព្រោះពួកគាត់ប្រើថង់ប្លាស្ទីកដោយខុសរបៀប។ ពួកគាត់ប្រើវាសម្រាប់ដាក់អាហារក្តៅឬរាវ” ដែលបណ្តាលឲ្យសារធាតុគីមីពុលក្នុងថង់ប្លាស្ទីកនោះធ្វើឲ្យអាហារនិងភេសជ្ជៈមានជាតិពុល។
ការព្យាយាមពីមុនៗរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ដូចជាស្នើឲ្យផ្សារទំនើបនានាយកកម្រៃបន្ថែម៥០០រៀលសម្រាប់ថង់មួយពីអ្នកប្រើប្រាស់ និងលើកទឹកចិត្តឲ្យវេចខ្ចប់ដោយការប្រើស្លឹកចេកនិងស្លឹកឈូក ភាគច្រើនមិនសូវមានប្រសិទ្ធភាពទេ។
លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានទទួលស្គាល់កាលពីថ្ងៃពុធក្នុងសិក្ខាសាលាស្តីពីសេចក្តីព្រាងលើ “ប្រកាស” ឬសារាចរណែនាំដែលត្រូវប្រតិបត្តិ សំដៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកនោះថា “យើងបានបញ្ជូនលិខិតនិងព័ត៌មានអំពីការកាត់បន្ថយថង់ប្លាស្ទីក ប៉ុន្តែវាមិនបានការទេ”។
លោក ណារ៉េត បានមានប្រសាសន៍ថា យោងតាមការសិក្សារបស់អង្គការអាក្រា ច្បាប់ថ្មីនេះនឹងមានប្រសិទ្ធភាពច្រើនជាងការប្រឹងប្រែងកន្លងមក។
លោកបានមានប្រសាសន៍ថា ដោយហាមការនាំចូល ផលិតកម្មនិងការចែកចាយថង់ទទឹងតូចជាង៣០សង់ទីម៉ែត្រ និងកម្រាស់០,០៣មីល្លីម៉ែត្រនោះ រដ្ឋាភិបាលនឹងលុបបំបាត់បញ្ហានេះបានមួយភាគធំ ពីព្រោះទំនងជាបំពេញគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើថង់ប្លាស្ទីកនៅទូទាំងប្រទេសឲ្យបាន៥០ភាគរយនៅត្រឹមឆ្នាំ២០១៩។
យោងតាមលោក ប៊ុនធឿន ការលើកទឹកចិត្តអាជីវករលក់សាច់និងបន្លែឲ្យដាក់មុខទំនិញច្រើនមុខចូលក្នុងថង់ធំៗ ក៏នឹងអាចជួយបានដែរ។
លោកបានមានប្រសាសន៍ថា “ថង់៥០ភាគរយមកពីទីផ្សារសាច់និងបន្លែស្រស់។ លោកបាននិយាយបន្ថែមថា ភាគច្រើននៃថង់ប្លាស្ទីកទាំងអស់ដែលប្រើប្រាស់នៅប្រទេសកម្ពុជា នឹងធ្លាក់ចុះអំឡុងពេលហាមប្រាម។ ហេតុដូច្នេះហើយ យើងចង់ជំរុញការប្រើប្រាស់ថង់ធំៗ ហើយនៅពេលជាមួយគ្នានេះ យើងពង្រឹងគំនិតនៃការដាក់ទំនិញច្រើនមុខចូលក្នុងថង់ធំៗ”។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការលុបបំបាត់ទម្លាប់អ្នកប្រើប្រាស់គឺជារឿងលំបាក។
លោក សុភាព បានមានប្រសាសន៍ថា “វានៅតែជាគោលដៅដ៏លំបាកក្នុងការកាត់បន្ថយការប្រើប្រាស់ចំនួន៥០ភាគរយក្នុងពេលតែពីរបីឆ្នាំនោះ។ ប្រជាជនធ្លាប់ប្រើ ហើយក៏នៅតែងាយស្រួលប្រើថង់ប្លាស្ទីកដែរ”។
អ្នកស្រី អ៊ុក ម៉ៅ អ្នកលក់ផ្លែឈើនៅផ្សារកណ្តាលក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា គេគួរបង្ហាញអ្នកប្រើប្រាស់នូវជម្រើសការខ្ចប់វេចដែលអាចជំនួសបាន។
អង្គុយនៅចន្លោះគំនរផ្លែឪឡឹក មានទាំងថង់ប្លាស្ទីកធំប៉ុនផ្លែឪឡឹកដាក់ក្បែរជើងផង អ្នកស្រីបាននិយាយថា “ក្នុងមួយថ្ងៃ ខ្ញុំប្រើថង់តូចៗមួយគីឡូក្រាម និងថង់ធំមួយគីឡូក្រាម”។
នៅខណៈដែលអ្នកស្រី ម៉ៅ និយាយថា ការប្រើថង់ធំសម្រាប់ច្រកទំនិញមួយចំនួនជាគំនិតល្អមួយនោះ អ្នកស្រីមិនរំពឹងថា ម៉ូយរបស់អ្នកស្រីយល់ស្របតាមនោះទេ។
អ្នកស្រីបានមានប្រសាសន៍ថា “ម៉ូយមិនចង់បានថង់ធំទេ ពីព្រោះ ប្រសិនបើអ្នកដាក់ផ្លែឪឡឹកមួយនិងផ្លែល្ហុងមួយចូលគ្នា អ្នកទិញនឹងបារម្ភថា ឪឡឹកនឹងធ្វើឲ្យបែកល្ហុង។ គេត្រូវដាក់វាដោយឡែកពីគ្នា”៕ និត