យោងតាមនគរបាលបានឲ្យដឹងថា និស្សិតអាយុ២១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្មទាំងកណ្តាលថ្ងៃចែសលើអ្នកស្រី លី ដាវី ជាវរសេនីយ៍ត្រីនៅក្រសួងការពារជាតិក្នុងរាជធានីភ្នំពេញកាលពីថ្ងៃ អង្គារ ហើយកាលពីម្សិលមិញ និស្សិតរូបនេះបានប្រាប់ក្រុមអ្នកសើុបអង្កេតថា ខ្លួនបានសម្លាប់មន្ត្រីរូបនេះព្រោះគាត់តែងតែស្ដោះទឹកមាត់ដៀមដាមខ្លួន។
លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានី បានលើកឡើងថា ម៉ី គឹមហេង និសិ្សតឆ្នាំទី១នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរស់នៅជាមួយគ្រួសាររបស់ខ្លួនជាប់ផ្ទះរបស់ជនរងគ្រោះក្នុងខណ្ឌទួលគោកត្រូវបានចាប់ខ្លួននៅផ្ទះនៅម៉ោងប្រហែល៩យប់ថ្ងៃពុធ។

អ្នកស្រី លី ដាវី អាយុ៣៦ឆ្នាំជាវរសេនីយ៍ត្រីនៅនាយកដ្ឋានយោធសេវានៃក្រសួងការពារជាតិ កំពុងដើរតែម្នាក់ឯងក្បែរផ្សារដេប៉ូក្នុងខណ្ឌទួលគោកនៅម៉ោងប្រហែល៩ និង៤៥នាទីព្រឹកកាលពីថ្ងៃអង្គារ ស្រាប់តែបុរសម្នាក់មានពាក់មួកសុវត្ថិភាពបានមកចាក់គាត់ចំទ្រូងជាច្រើនកាំបិតមុនពេលជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
លោក អេង សោភា បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានចាប់ខ្លួនជនសង្ស័យនៅផ្ទះរបស់ជននេះកាលពីយប់មិញ។ ផ្ទះរបស់ពួកគេនៅជាប់គ្នា ហើយយើងកំពុងរៀបចំឯកសារបញ្ជូនជននេះទៅតុលាការនៅព្រឹកស្អែក”។
លោកបានលើកឡើងទៀតថា និស្សិត ម៉ី គឹមហេង បានសារភាពថា ពិតជាបានប្រព្រឹត្តអំពើឃាតកម្មនេះមែន ពេលសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។
លោកបានថ្លែងថា “ជនរងគ្រោះបានស្តោះទឹកមាត់ដៀមដាមជនសង្ស័យជាង២ឆ្នាំមកហើយ។ ពេលណាឃើញជនសង្ស័យ ជនរងគ្រោះតែងតែស្តោះទឹកមាត់។ នេះគេហៅថា ជាការរើសអើង ដែលជាហេតុនាំឲ្យជនសង្ស័យខឹងរួចក៏សងសឹកគាត់វិញ”។
លោក អេង សោភា បានលើកឡើងបន្តទៀតថា ទោះជាយ៉ាងណា លោកមិនដឹងទេថា តើហេតុអ្វីបានជាអ្នកស្រី លី ដាវី ប្រហែលជាស្អប់ ម៉ី គឹមហេង នោះ ហើយថា នគរបាលមិនបានសួរជនសង្ស័យទេ។លោកបានបន្ថែមថា រូបភាពវីដេអូស្តីពីហេតុការណ៍ធ្វើឃាត ថតបានដោយកាមេរ៉ាសុវត្ថិភាពដែលអ្នករកស៊ីក្បែរផ្សារដេប៉ូម្នាក់បានដំឡើងនោះ បានជួយនគរបាលក្នុងការភ្ជាប់ ម៉ី គឹមហេង ទៅនឹងអំពើឃាតកម្មនេះ។
លោកបានមានប្រសាសន៍ថា “ភ័ស្តុតាងទាំងអស់ត្រូវបានប្រមូលហើយត្រូវបានយកមកផ្ទៀងផ្ទាត់ជាមួយកាមេរ៉ាសុវត្ថិភាព។វាបានបង្ហាញថា ដូចគ្នា១០០ភាគរយ ហើយមិនអាចប្រកែកបានទេ។ បន្ទាប់ពីហេតុការណ៍ចាក់សម្លាប់នេះ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានឃើញអ្វីដែលបានកើតឡើងហើយមានម្នាក់បានយកឆត្រវ៉ៃដៃជនសង្ស័យ រហូតបាក់ ហើយអ្នកខ្លះបានទាត់ជននេះ រហូតទាល់តែបាក់ដៃម្ខាងតែម្តង”។ លោកបានបន្ថែមទៀតថា “ជាពិសេសនោះគឺ ជនសង្ស័យបានសារភាព ហើយយើងមិនបានបង្ខំជននេះទេ”។
អ្នកស្រី លី ស៊ីឡេន ម្តាយមីងរបស់ជនរងគ្រោះបានលើកឡើងថា សពក្មួយស្រីរបស់អ្នកស្រីត្រូវបានបូជានៅវត្តទឹកថ្លាកាលពីម្សិលមិញ។
អ្នកស្រីបានលើកឡើងទៀតថា គ្រួសាររបស់និស្សិត ម៉ី គឹមហេង រាប់អានជាមួយក្មួយស្រីរបស់អ្នកស្រី ហើយថាអ្នកស្រីមិនដឹងថា ក្មួយស្រីរបស់ខ្លួន និងនិស្សិតរូបនេះមានគំនុំអ្វីនឹងគ្នានោះទេ។
អ្នកស្រីបាននិយាយថា “ខ្ញុំនៅតែមិនយល់ ហេតុអ្វីបានជាក្មួយស្រីរបស់ខ្ញុំត្រូវគេសម្លាប់។ ខ្ញុំមិនដែលឃើញក្មួយស្រីរបស់ខ្ញុំធ្វើអាក្រក់ឡើយ ហើយពួកគេមិនដែលមានទំនាក់ទំនងជាមួយគ្នានោះទេ។ ក្មួយស្រីរបស់ខ្ញុំ ហើយនឹងខ្ញុំជិតដិតគ្នាណាស់ ហេតុដូច្នេះខ្ញុំស្គាល់ក្មួយរបស់ខ្ញុំច្បាស់ណាស់”។
អ្នកស្រីបាននិយាយទាក់ទិននឹងគ្រួសារទាំងពីរនេះថា “យើងតែងតែញញឹមដាក់គ្នាពេលជួបគ្នា។ ហេតុដូច្នេះមានការរាប់អានគ្នាជាធម្មតា ទោះបីជាយើងមិនជិតដិតនឹងគ្នាក៏ដោយ ហើយយើងទាំងពីរនាក់រវល់រឿងរកស៊ីរៀងៗខ្លួន”។
នៅឯផ្ទះរបស់និស្សិត ម៉ី គឹមហេង កាលពីម្សិលមិញ លោក ម៉ី សារិទ្ធ ឪពុករបស់ជនសង្ស័យរូបនេះបានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានឡើយ។ សាច់ញាតិផ្សេងៗទៀតដែលបដិសេធមិនប្រាប់ឈ្មោះបានលើកឡើងថា ម៉ី គឹមហេង ជាមនុស្សមានអត្តចរិតល្អ ហើយខិតខំរៀនសូត្រណាស់ ហេតុដូច្នេះមិនអាចជាឃាតករបានទេ៕ ស៊ុយឈាង