28 C
Phnom Penh

លោក សម រង្ស៊ី៖ កុំប្រៀប​ធៀប​ខ្ញុំទៅនឹង​លោកស្រី អ៊ុង​ សាន ស៊ូជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានសុំកុំឲ្យអ្នកគាំទ្រប្រៀបធៀបរូបលោកជាមួយលោកស្រី អ៊ុង សាន ស៊ូជី មេ ដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យនៅភូមា ដោយលើកឡើងថា លោកមិនខ្លាចវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារទេ ប៉ុន្តែ លោកបារម្ភថា លោកអាចត្រូវគេសម្លាប់ដោយឥតប្រយោជន៍។

ការនិរទេសខ្លួនរបស់លោក សម រង្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានសើរើទោសជាប់ពន្ធនាគាររបស់លោក រងរិះគន់ពីសំណាក់អ្នកគាំទ្រក៏ដូចជាគូបដិបក្ខកាលពីខែមុន ខណៈដែលលោក កឹម សុខា អនុប្រធានគណបក្សបានស្ថិតនៅក្នុងប្រទេសកម្ពុជា តតាំងនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីចាប់ខ្លួនលោក។

និយាយទៅកាន់អាណិកជនខ្មែរនៅក្នុងទីក្រុងឡូវែល រដ្ឋមា៉សាជូសេត កាលពីថ្ងៃអាទិត្យ ជាផ្នែកមួយនៃដំណើរទៅរៃអង្គាសមូលនិធិនៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី ត្រូវបានសួរដេញដោលអំពីមូលហេតុដែលលោកមិនតតាំងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការគំរាមចាប់ខ្លួនរូបលោក។

លោក សម រង្ស៊ី បានលើកឡើងនៅក្នុងខ្សែអាត់វីដេអូដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា “រឿងថា ខ្ញុំខ្លាចជាប់គុក ខ្ញុំអត់ខ្លាចទេបងប្អូន បើខ្ញុំជាប់គុក បើខ្ញុំស្លាប់ ជាតិយើងបានរស់ ខ្ញុំយល់ព្រមភ្លាមមួយរំពេច។ តែសុំធានា បើ សម រង្ស៊ី ទៅស្រុកខ្មែរឥឡូវនេះ បើ សម រង្ស៊ី ជាប់គុក សម រង្ស៊ី ត្រូវគេសម្លាប់ អត់បញ្ហា”។

ដោយប្រើពាក្យដែលគេតែងចាត់ទុកថា ជាពាក្យប្រមាថដល់ជនជាតិវៀតណាមនោះ លោកបានបន្ថែមថា “តែក្រោយពីខ្ញុំជាប់គុក ក្រោយពីខ្ញុំស្លាប់ សុំឱ្យបញ្ជាក់ថា ប្រទេសកម្ពុជានឹងរួចពីក្រញាំរបស់យួន ខ្ញុំសុខចិត្តភ្លាម។ ខ្ញុំអត់ខ្លាចស្លាប់ទេបងប្អូន តែស្លាប់ឱ្យមានប្រយោជន៍”។

លោក សម រង្ស៊ី ដែលជារឿយៗបានប្រៀបធៀបការតស៊ូរបស់លោកប្រឆាំងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទៅនឹងការតស៊ូនៅក្នុងប្រទេសភូមា ដែលដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី នោះបន្ទាប់មកបានសុំឲ្យប្រជាពលរដ្ឋកុំប្រៀបធៀបការសម្រេចរបស់លោកគេចខ្លួនពីប្រទេសកម្ពុជាជាមួយជម្រើសរបស់លោកស្រីត្រូវគេឃុំខ្លួនក្នុងផ្ទះរយៈពេល១៥ឆ្នាំអី។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា “កុំប្រៀបធៀប សម រង្ស៊ី ជាមួយ អ៊ុង សាន សូជី ជាពិសេសកុំប្រៀបធៀបប្រទេសកម្ពុជា ជាមួយប្រទេសភូមា ភូមា ជនជាតិភូមា គេនិយាយគ្នាគេ គេស្រឡាញ់ជាតិទាំងអស់គ្នា គេរកដំណោះស្រាយដោយសន្តិវិធី”។

លោកបានថ្លែងថា “ពួកទាហានយោធាមិនដែលមានបំណងសម្លាប់ អុ៊ង សាន សូជី ទេ គ្រាន់តែឃុំឃាំងឱ្យនៅក្នុងផ្ទះ មិនដែលប៉ុនប៉ងសម្លាប់ទេ”។

លោកបានមានប្រសាសន៍ថា នៅក្នុងប្រទេសភូមា ពួកគេ “រកដំណោះស្រាយរវាងភូមា និងភូមា ប៉ុន្តែបញ្ហាស្រុកខ្មែរ មិនមែនខ្មែនិងខ្មែរទេ គឺខ្មែរនិងយួន”។

លោក សម រង្ស៊ី បានថ្លែងថា ការប្រឆាំងរបស់លោកទៅនឹងការរំលោភឈ្លានពានទឹកដីពីសំណាក់វៀតណាម និងអន្តោប្រវេសន៍ ខុសច្បាប់ និងទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋាភិបាលកម្ពុជាជាមួយក្រុងហាណូយ ធ្វើឲ្យបញ្ហាខុសប្លែកគ្នានៅទីនេះ។ លោកមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយកាលពីម្សិលមិញ។

ថ្ងៃអាទិត្យនឹងជាខួបគម្រប់១ខែចាប់តាំងពីលោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញ ទីដែលក្រុមអ្នកគាំទ្របាននៅរង់ចាំកំដរដើម្បីការពាររូបលោកពីការប៉ុនប៉ងចាប់ខ្លួនម្ដងទៀត។

កាលពីថ្ងៃទី២៦ ខែឧសភា នគរបាលប្រដាប់អាវុធបានប៉ុនប៉ងចាប់ខ្លួនរូបលោកនៅទីស្នាក់ការគណបក្ស ប៉ុន្តែ លោក កឹម សុខា បានដកថយទៅរកកន្លែងសុវត្ថិភាពនៅខាងក្នុង។ លោកបានប្ដេជ្ញានៅក្នុងប្រទេសកម្ពុជាអំឡុងពេលមានការគំរាមកំហែងចាប់ខ្លួនបន្ថែមទៀត។

លោក រឿង វាសនា ជាអតីតជនភៀសខ្លួនម្នាក់ដែលរស់នៅក្នុងរដ្ឋ Connecticut និងជាអនុប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងដែលគាំទ្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួនកាន់តែមានកំហឹងចំពោះការមិនគោរពតាមសម្តីខ្លាំងៗនៅក្នុងសុន្ទរកថារបស់លោក។

លោកបានលើកឡើងថា “នៅពេលនេះ ពួកយើងភាគច្រើនរស់នៅសហរដ្ឋអាមេរិកគាំទ្រគណបក្សប្រឆាំង ពីព្រោះអ្វីៗប្រសើរជាងលោក ហ៊ុន សែន ប៉ុន្តែ ជាអកុសលនោះហេតុផលគឺនៅត្រង់ការគាំទ្រហ្នឹងឯង។ ហេតុផលសម្រាប់ការគាំទ្រគួរមានការជឿជាក់ និងការទុកចិត្តលើមេដឹកនាំ”។

លោកបានបន្ថែមថា “ទីបំផុត លោក សម រង្ស៊ី ត្រូវសម្រេចថាតើអ្វីដែលលោកកំពុងធ្វើពិតប្រាកដសម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រ ឬសម្រាប់ ហេតុផលផ្សេង”។

នៅខាងក្រៅទីស្នាក់ការគណបក្សសង្គ្រោះ ជាតិក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានមានប្រសាសន៍ថា ឥឡូវនេះ គណបក្សប្រឆាំងសង្ឃឹមថា នឹងដាក់ញត្តិដោយផ្ទាល់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី អំពាវនាវសុំឲ្យព្រះអង្គជួយអន្តរាគមន៍ជុំវិញការធ្វើទុក្ខបុកម្នេញរបស់គណបក្សប្រជាជនកម្ពុជាលើអ្នកប្រឆាំងខ្លួន។

បន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា កាលពីខែមុន គណបក្សសង្គ្រោះជាតិបានយកស្នាមមេដៃចំនួន១៧០.០០០ទៅកាន់ព្រះបរមរាជវាំង ក្នុងការគាំទ្រញត្តិស្រដៀងគ្នានេះ ហើយចាប់តាំងពីពេលនោះមករដ្ឋាភិបាលបានអះអាងថា ស្នាមមេដៃមួយចំនួនគឺក្លែងក្លាយ ហើយបានគំរាមផ្ដន្ទាទោសមន្ត្រីគណបក្សសង្គ្រោះជាតិ។

លោក យឹម សុវណ្ណ បានថ្លែងថា “យើងចង់យកញត្តិតម្រង់ទៅព្រះមហាក្សត្រតែម្តងព្រោះយើងមិនទុកចិត្តនរណាម្នាក់ទៀតឡើយ”។ លោកបានបន្ថែមថា គណបក្សរង់ចាំទទួលព័ត៌មានពីព្រះបរមរាជវាំងវិញអំពីសំណើរបស់ខ្លួន។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះ ជាតិបានមានបន្ទូលថា ព្រះអង្គគ្មានបញ្ហាជាមួយការដាក់ញត្តិដោយផ្ទាល់ថ្វាយព្រះមហាក្សត្រឡើយ ប៉ុន្តែបានលើកឡើងថា វាទំនងជាមិនកើតឡើងទេ។

ព្រះអង្គម្ចាស់មានបន្ទូលថា “អ្វីៗក៏អាចកើតឡើងបានដែរនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ រហូតមកទល់ពេលនេះ ខ្ញុំគិតថា ព្រះមហាក្សត្រមិនដែលទទួលបានញត្តិណាមួយដោយផ្ទាល់ទេ ដូច្នេះខ្ញុំមិនឃើញឱកាសសម្រាប់ព្រះអង្គធ្វើដូចនេះនៅក្នុងកាលៈទេសៈបច្ចុប្បន្នឡើយ”៕ សារុន (រាយការណ៍បន្ថែមដោយ សេក ឧត្ដម)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស