ក្រសួងអប់រំបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា មន្ត្រីក្រសួងអប់រំជាន់ខ្ពស់ម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍ភេទអំឡុងដំណើរទស្សនកិច្ចបំពេញការងារទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ត្រូវបានដកចេញពីតំណែងហើយ និងត្រូវបានបង្ខំឲ្យសងថវិកាប្រមាណ១២.០០០ដុល្លារដែលប្រើប្រាស់សម្រាប់ធានាដោះលែងគាត់។
មន្ត្រីកម្ពុជា និងកូរ៉េបាននិយាយកាលពីថ្ងៃអង្គារថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ ត្រូវបានចាប់ខ្លួននៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៦ ខែឧសភា ពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួន បន្ទាប់ពីតំណាងឲ្យកម្ពុជាទៅចូលរួមវេទិកាអភិវឌ្ឍន៍ធនធានមនុស្សអាស៊ានបូក៣ ឆ្នាំ២០១៦ (2016 Asean+3 HRD Forum)។
យោងតាមលិខិតមួយចុះថ្ងៃទី៩ ខែមិថុនា ដែលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងផ្ញើមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា ក្រសួងអប់រំបានចំណាយថវិកាចំនួន១៤,១លានវ៉ុន ឬប្រហែល១២.៣០០ដុល្លារ ដើម្បីធានាដោះលែងគាត់ពីការឃុំឃាំង។
ទោះជាយ៉ាងណា ទើបតែម្សិលមិញនេះប៉ុណ្ណោះដែលក្រសួងអប់រំបានលើកឡើងពីរឿងអាស្រូវនេះជាសាធារណៈយោងតាមអត្ថបទមួយស្ដីពីការចាប់ខ្លួនលោក គ្រី ស៊ាងឡុង ចុះផ្សាយក្នុងកាសែត ខេមបូឌា ដេលី កាលពីថ្ងៃពុធ។
ក្រសួងនេះបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា “ឆ្លើយតបនឹងអត្ថបទនេះ ក្រសួងមានកិត្តិយសសូមជម្រាបជូនថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈត្រូវបានចាត់តាំងឲ្យទៅចូលរួមក្នុងសិក្ខាសាលានៅសាធារណរដ្ឋកូរ៉េ ហើយនៅថ្ងៃបិទបញ្ចប់សិក្ខាសាលា លោកបានបៀតបៀនរាងកាយរបស់នារីអ្នកបកប្រែជាជនជាតិកូរ៉េម្នាក់។ ក្នុងការដោះស្រាយបាតុភាពនោះ សាមីខ្លួនបានខ្ចីថវិកាមួយចំនួនដែលបានមកពីសហការី និងរបស់អង្គភាពនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដើម្បីបង់ពិន័យទៅតាមការសម្រេចរបស់តុលាការ ជាសំណងរដ្ឋប្បវេណី។ ប៉ុន្តែជាគោលការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអនុញ្ញាតឲ្យយកថវិការបស់រដ្ឋទៅដោះស្រាយរឿងផ្ទាល់ខ្លួនរបស់បុគ្គលឡើយ” ហើយថា លោក គ្រី ស៊ាងឡុង បានសងថវិកាទាំងនោះវិញហើយ និងត្រូវបានដកចេញពីមុខតំណែង។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ”ក្រុមប្រឹក្សាវិន័យរបស់ក្រសួងបានចាត់វិធានការរដ្ឋបាល ដោយបានដកតួនាទីរបស់គាត់ហើយ”។
សេចក្ដីថ្លែងការណ៍ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំនេះ កើតមានឡើងចំពេលសាធារណជនមានកំហឹងកាន់តែខ្លាំងជុំវិញករណីនេះ។ នៅក្នុងមតិយោបល់លើទំព័រហ្វេសប៊ុកនោះ បណ្ដាអ្នករិះគន់បានអំពាវនាវឲ្យមានវិធានការវិន័យបន្ថែមទៀត។
អ្នកប្រើប្រាស់ម្នាក់ដែលមានឈ្មោះថា Sopharith Sin (ស៊ិន សុផារិទ្ធ) បានសរសេរថា “ត្រឹមតែវិធានការវិន័យ? ចុះវិធានការច្បាប់? តើក្រសួងអប់រំគាំទ្របុរសដ៏គម្រក់ដែលបានបៀតបៀនស្ត្រីនេះ? ដើម្បីបង្ហាញពីការទទួលខុសត្រូវផ្ទាល់ខ្លួន គួរតែដកគាត់ចេញពីតំណែង ហើយមិនគួរអនុញ្ញាតឲ្យផ្ទេរទៅ [មុខតំណែង] ផ្សេងទៀតទេ”។
ទាំងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងលោក រស់ សាលីន អ្នកនាំពាក្យក្រសួងនេះមិនអាចទាក់ទងតាមទូរស័ព្ទបានទេ។ លោក រស់ សាលីន មិនបានឆ្លើយតបឡើយចំពោះសារជាច្រើនលើកដែលសុំឲ្យឆ្លើយបំភ្លឺ។
គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមានប្រវត្តិច្រើនតែតែងតាំងឡើងវិញនូវមន្ត្រីដែលធ្វើឲ្យសាធារណជនក្ដៅក្រហាយចំពោះការប្រព្រឹត្តមិនគប្បី ឬការបំពានច្បាប់ជាជាងការដកពួកគេចេញពីតំណែងភ្លាមៗ។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍ថា កំហឹងតាមបណ្ដាញអុីនធឺណិតបានជំរុញឲ្យក្រសួងអប់រំចាត់វិធានការនៅក្នុងករណីមួយដែលត្រូវបាន “បិទបាំង”។ លោកស្រីបន្តថា “វានៅតែមិនត្រឹមត្រូវដែលក្រសួងស្នើថវិកាតាំងពីដំបូង។ រដ្ឋមន្ត្រីគួរតែដឹងច្បាស់ជាងនេះ”។
លោកស្រីបានមានប្រសាសន៍ទៀតថា លោកស្រីកំពុងព្រាងលិខិតមួយច្បាប់ផ្ញើជូនលោក ហង់ ជួន ណារ៉ុន ដើម្បីសុំការបញ្ជាក់លើករណីនេះ។ លោកស្រីថ្លែងថា “ខ្ញុំនៅតែចង់ដឹងពីមូលហេតុប្រើប្រាស់ថវិកាជាតិ”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា លោករីករាយពេលដឹងថា លោក គ្រី ស៊ាងឡុង បានសងប្រាក់ទាំងនោះវិញ ប៉ុន្តែយល់ស្របថា ”ថវិកានោះមិនគួរចំណាយតាំងពីដំបូង”។
លោកបានចោទសួរថា តើក្រសួងដែលខ្វះថវិកាមួយនេះអាចប្រមូលថវិកាបានជាង១២.០០០ដុល្លារពីណាឆាប់រហ័សបែបនេះសម្រាប់យកទៅដោះស្រាយករណីបៀតបៀនកេរ្តិ៍ភេទរបស់មន្ត្រីម្នាក់។ លោកលើកឡើងថា “ខ្ញុំគិតថា នៅគ្រប់ស្ថាប័នគ្មានខ្ទង់ថវិកាសម្រាប់រឿងបែបនេះទេ”៕ សុខុម