27 C
Phnom Penh

ឧកញ៉ា​អចលទ្រព្យ​ ស៊ឹង ប៊ុណ្ណា ​ត្រូវ​បាន​ដោះលែង​​ក្រៅឃុំ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីតុលាការបានឲ្យដឹងថា ឧកញ៉ាអចលនទ្រព្យ ស៊ឹង ប៊ុណ្ណា ដែលបានជាប់ពន្ធនាគារកាលពីដើមខែនេះ បន្ទាប់ពីចេញសែកស្អុយឲ្យទៅឧកញ៉ា កែវ ហ៊ុន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីម្សិលមិញ។

លោក យឿន ចាន់រ័ត្ន ប្រធានរដ្ឋបាលនៅពន្ធនាគារប៉េហ្ស៊ី ដែលមានសន្តិសុខធូររលុងក្នុងរាជធានីភ្នំពេញមានប្រសាសន៍ថា “គាត់ត្រូវបានដោះលែងពីពន្ធនាគារនៅម៉ោងប្រហែល១១ព្រឹក ប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីទេ”។

លោក លី សុផាណ្ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនបកស្រាយអំពីសេចក្ដីសម្រេចដោះលែងលោក ស៊ឹង ប៊ុណ្ណា ឲ្យនៅក្រៅឃុំទេ ដោយគ្រាន់តែលើកឡើងថា គាត់នឹងត្រូវ “តុលាការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល”។ លោកថ្លែងថា “ខ្ញុំមិនអាចប្រាប់អស់លោកបានទេអំពីរឿងនេះ ពីព្រោះវាជាអាថ៌កំបាំងនៃការស៊ើបអង្កេតរបស់ចៅក្រម។ វាខុសច្បាប់”។

ចៅក្រមស៊ើបសួរ ឡុង កេសភិរម្យ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ទាំងលោក ស៊ឹង បុ៊ណ្ណា និងមេធាវីរបស់លោកមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ប៊ុណ្ណា រៀលធី គ្រុប ត្រូវបានចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្នកាលពីថ្ងៃទី១០ ខែមិថុនា ពាក់ព័ន្ធការចោទប្រកាន់ថា លោកបានប្រគល់សែក៤០០.០០០ដុល្លារឲ្យទៅលោក កែវ ហ៊ុន និងភរិយារបស់លោកដោយគ្មានសាច់ប្រាក់នៅក្នុងគណនី។

ស្ថិតក្រោមការសាកសួរនៅឯតុលាការកាលពីសប្ដាហ៍មុន លោក ស៊ឹង ប៊ុណ្ណា បានប្រាប់ចៅក្រម ឡុង កេសភិរម្យ ថា លោកបានសរសេរសែកនោះកាលពីឆ្នាំ២០១៤ ដើម្បីសងបំណុលដែលមានតម្លៃស្មើដល់ប្ដីប្រពន្ធទាំងពីរ ហើយបានប្រគល់វាឲ្យទៅពួកគេក្រោមលក្ខខណ្ឌថា សែកនោះអាចបើកប្រាក់បាន នៅពេលលោកមានប្រាក់គ្រប់គ្រាន់នៅក្នុងគណនីរបស់លោក នេះបើយោងតាមលោក ជាវ តុលា មេធាវីរបស់លោក។

លោក ជាវ តុលា បានមានប្រសាសន៍ថា កិច្ចសន្យាលាយលក្ខណ៍អក្សរមួយបានចែងថា អ្នកធានាជាភាគីទី៣នឹងត្រូវសងប្រាក់ទាំងនោះ ប្រសិនបើលោក ស៊ឹង ប៊ុណ្ណា គ្មានលទ្ធភាពសងដោយខ្លួនឯងនៅត្រឹមខែមីនាឆ្នាំនេះ ហើយបន្ទាប់ពីលោក កែវ ហ៊ុន ព្យាយាមយកសែកទៅបើកប្រាក់កាលពីខែមីនា ហើយបែរជាគ្មានសាច់ប្រាក់ លោកដាក់ពាក្យប្ដឹងលោក ស៊ឹង ប៊ុណ្ណា តែម្ដង។

មេធាវីរូបនេះបានលើកឡើងនៅពេលនោះថា ”កូនក្ដីរបស់ខ្ញុំបានសង៧០.០០០ដុល្លារនៃទឹកប្រាក់៤០០.០០០ដុល្លារ ហើយគាត់គ្រោងសងជាបន្តទៀត ប៉ុន្តែប្រហែលជាមានការយឺតយ៉ាវ ទើបធ្វើឲ្យលោក កែវ ហ៊ុន ដាក់ពាក្យប្ដឹងគាត់តែម្ដង”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស