26 C
Phnom Penh

ក្រសួងអប់រំប្រៀបធៀប​ករណី​បៀតបៀន​ផ្លូវភេទ​ជាមួយ​រឿង​អាស្រូវ​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រឈមនឹងការរិះគន់កាន់តែច្រើនឡើង កាលពីថ្ងៃសុក្រ ក្រសួងអប់រំបានចេញសេចក្តីបំភ្លឺទី២ដោយការពាររបៀបដោះស្រាយរបស់ខ្លួនលើការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូបពីបទបៀតបៀនរាងកាយរបស់នារីបកប្រែរបស់ខ្លួននៅប្រទេសកូរ៉េខាងត្បូងកាលពីខែមុន ហើយទំនងជាបានប្រៀបធៀបករណីបៀតបៀនផ្លូវភេទនេះទៅនឹងរឿងស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងជាមួយជាងធ្វើសក់ម្នាក់។

cam-photo-korea-folo-channa-800x533ហើយនៅខណៈដែលក្រសួងអប់រំបាននិយាយថា លោក គ្រី ស៊ាងឡុង ត្រូវបានដកចេញពីតំណែងរបស់គាត់ជាប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងនេះ វានៅមិនទាន់ច្បាស់កាលពីថ្ងៃសុក្រ ថាតើគាត់ត្រូវបានផ្ទេរទៅកាន់តំណែងថ្មី ឬត្រូវបណ្តេញចោលទាំងស្រុងនោះទេ។

មន្ត្រីកម្ពុជា និងមន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា លោក គ្រី ស៊ាងឡុង ត្រូវបានចាប់ខ្លួននៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៦ខែឧសភា ពីបទបៀតបៀនរាងកាយអ្នកបកប្រែរបស់គាត់ បន្ទាប់ពីធ្វើជាតំណាងប្រទេសកម្ពុជានៅវេទិកាអភិវឌ្ឍន៍ធនធានមនុស្សអាស៊ានបូក៣ឆ្នាំ២០១៦។

យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី៩ខែមិថុនា ពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ផ្ញើជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ឲ្យដឹងថា ក្រសួងអប់រំបានចំណាយថវិកាចំនួន១៤,១លានវ៉ុន ឬប្រហែល១២.៣០០ដុល្លារអាមេរិកដើម្បីធានាដោះលែងគាត់ពីការឃុំឃាំង។

ប៉ុន្តែ ក្រសួងអប់រំមិនបានទទួលស្គាល់ករណីនេះជាផ្លូវការទេរហូតដល់ថ្ងៃព្រហស្បតិ៍ ទើបក្រសួងបានចេញសេចក្តីបំភ្លឺមួយឆ្លើយតបទៅនឹងអត្ថបទមួយរបស់កាសែត ខេមបូឌា ដេលី ទាក់ទិននឹងការចាប់ខ្លួនលោក គ្រី ស៊ាងឡុង ដែលបានចេញផ្សាយនៅថ្ងៃដដែលនោះ ។

យោងតាមសេចក្តីបំភ្លឺនោះ មន្ត្រីរូបនេះ “បានខ្ចីប្រាក់មួយចំនួនពីសហការីរបស់ខ្លួន និងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដើម្បីបង់ពិន័យ” ហើយតាំងពីពេលនោះមកក៏ត្រូវបានដកចេញពីតំណែងរបស់ខ្លួនដែរ។

ក្នុង “សេចក្តីបំភ្លឺ” មួយកាលពីថ្ងៃសុក្រ ក្រសួងអប់រំបាននិយាយថា លោក គ្រី ស៊ាងឡុង ត្រូវបានព្យួរតំណែងនៅពេលគាត់បានត្រឡប់មកវិញពីក្រុងសេអូលនៅថ្ងៃទី១០ខែមិថុនា ហើយបានដកចេញពីតំណែងនៅពេលបួនថ្ងៃបន្ទាប់មក។

ដោយប្តូរវិធីដោះស្រាយ ក្រសួងនេះបានបន្តការវាយបក។

សេចក្តីបំភ្លឺបាននិយាយថា “ក្រសួងអប់រំយុវជន និងកីឡាមានការសោកស្តាយចំពោះសារព័ត៌មាន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនដែលបានរិះគន់ចំពោះចំណាត់ការនេះ”។

ក្នុងការនិយាយទំនងជាសំដៅដល់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង សេចក្តីបំភ្លឺនេះបានបន្តទៀតថា “អង្គការសង្គមស៊ីវិលមួយចំនួន និងគណបក្សនយោបាយទាំងនោះពុំមានភាពក្លាហានក្នុងការរិះគន់ ឬចាត់វិធានការចំពោះអ្នកដឹងនាំនយោបាយរបស់ខ្លួនដែលបានប្រព្រឹត្តរឿងអាស្រូវផ្លូវភេទទេ”។

លោក កឹម សុខា បានសម្ងំនៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញចាប់តាំងពីនគរបាលបានព្យាយាមចាប់រូបគាត់កាលពីថ្ងៃទី២៦ ខែឧសភាទាក់ទិននឹងការមិនចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរក្នុងសំណុំរឿង “សញ្ចារកម្ម” ដែលគេយល់ជាទូទៅថា ជារឿងនយោបាយ គឺទាក់ទិននឹងការអះអាងថា លោកមានស្រីកំណាន់។

កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីនៅក្រសួងអប់រំមិនអាចទាក់ទងបានទេ ចំណែកឯអ្នកដែលអាចទាក់ទងបានហើយ ក៏បាននិយាយថា ពួកគេរវល់ពេកគ្មានពេលនិយាយទេ។

អ្នកស្រី រស់ សុភាព នាយិកាអង្គការយ៉េនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានមានប្រសាសន៍ថា ការប្រៀបធៀបករណីបៀតបៀនផ្លូវភេទរបស់លោក គ្រី ស៊ានឡុង ទៅនឹងអស្វាមីភក្តិ ដែលគេចោទប្រកាន់ទៅលើលោក កឹម សុខា នោះគឺមិនសមរម្យទេ។

អ្នកស្រី រស់ សុភាព បានមានប្រសាសន៍ថា “បទល្មើសរបស់លោក គ្រី ស៊ាងឡុង តាមពិតគឺអំពើហិង្សាលើស្ត្រី ការបៀតបៀនរាងកាយ។ ហើយក្នុងករណីនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានចោទប្រកាន់គាត់។ ដោយប្រៀបធៀបករណីទាំងពីរ វាហាក់ដូចជាពួកគេ [មន្ត្រីក្រសួងអប់រំ] មិនទទួលស្គាល់បញ្ហាដូច្នេះដែរ”។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍ថា ការប្រើប្រាក់រដ្ឋដើម្បីធានាឲ្យមានការដោះលែងលោក គ្រី ស៊ាងឡុង នៅតែជាបញ្ហាគួរឲ្យបារម្ភបំផុត។

លោកស្រីបានមានប្រសាសន៍ថា “នេះគឺជាគណនេយ្យភាព។ នេះជាករណីធ្ងន់ធ្ងរណាស់។ គាត់មិនមែនជាមន្ត្រីតូចតាចទេ ប៉ុន្តែគាត់តំណាងក្រសួងអប់រំ”៕និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស