រដ្ឋាភិបាលបានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីម្សិលមិញដោយការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានទម្ងន់ជិត១,៥តោននៅក្នុងទីធ្លាសាលារៀនមួយក្នុងរាជធានីភ្នំពេញ។ ក្រុមមន្ត្រីបានទទួលស្គាល់ថា ការខំប្រឹងប្រែងដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនបានបរាជ័យ ដោយចង្អុលបង្ហាញពីកង្វះការយល់ដឹង និងការចូលរួមជាសាធារណៈ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ថា ការដុតបំផ្លាញនេះមានគ្រឿងញៀនដែលរឹបអូសបាននៅក្នុងការឆ្មក់ចូលបីលើករបស់នគរបាលកាលពីឆ្នាំមុន និងរួមទាំងមេតំហ្វេតាមីនទម្ងន់៦៧គីឡូក្រាម ហេរ៉ូអីុន៣៤៥ក្រាម កញ្ឆា១.៤៩៥គីឡូក្រាម និងប្រេងកញ្ឆាទម្ងន់១,៥គីឡូក្រាម។

ថ្លែងទៅកាន់មនុស្សប្រហែល៦០០នាក់ដែលបានជួបជុំគ្នានៅវិទ្យាល័យបឹងត្របែកក្នុងខណ្ឌចំការមន លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា មានការងារច្រើនទៀតដែលត្រូវធ្វើដើម្បីធានាថា អ្នកប្រើប្រាស់គ្រឿងញៀនទទួលបានការបន្សាបត្រឹមត្រូវ។
លោកបានមានប្រសាសន៍ថា “ចំណុចខ្សោយរបស់យើងគឺថា យើងមានមន្ទីរពេទ្យហើយ ប៉ុន្តែយើងគ្មានមនុស្សទៅព្យាបាល” ដោយលោកបញ្ជាក់ថា មនុស្សមួយចំនួនមិនដឹងអំពីមណ្ឌលបន្សាបគ្រឿងញៀន១៧០កន្លែងនៅទូទាំងប្រទេស។
លោកបានថ្លែងថា “ប្រសិនបើយើងមិនព្យាបាល [អ្នកទាំងនេះ] ទេនោះ យើងមិនអាចដោះស្រាយបញ្ហាគ្រឿងញៀនបានឡើយ។ ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ បញ្ហាគ្រឿងញៀននៅក្នុងតំបន់ និងក្នុងប្រទេសរបស់យើង កាន់តែរីករាលដាល និងស្មុគស្មាញមែនទែន។
លោក កែ គឹមយ៉ាន បានមានប្រសាសន៍ថា បើទោះជាប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក៏ដោយ ក៏ប្រទេសយើងស្ថិតនៅជិតតំបន់ត្រីកោណមាស មានន័យថា ប្រទេសយើងត្រូវបានប្រើប្រាស់សម្រាប់ការជួញដូរ ការស្តុកទុក និងការកែច្នៃគ្រឿងញៀនសម្រាប់នាំចេញ ព្រមទាំងសម្រាប់ប្រើប្រាស់ក្នុងស្រុកដែរ។
ដោយអានសុន្ទរកថាដែលបានរៀបចំសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា នគរបាលបានជាប់ពាក់ព័ន្ធគ្រឿងញៀនចំនួន៣.០៦១ករណីក្នុងឆ្នាំ២០១៥ គឺស្ទើរតែ១៣០ភាគរយកើនឡើងកាលពីឆ្នាំ២០១៤ ប៉ុន្តែថា មានការងារច្រើនទៀតដែលត្រូវធ្វើដើម្បីកាត់ផ្តាច់ការទទួលបានគ្រឿងញៀន។
លោកបានថ្លែងថា “បើទោះជាយើងបានបង្ក្រាបជាច្រើនលើករណីគ្រឿងញៀនក៏ដោយ ក៏ការប្រើប្រាស់គ្រឿងញៀនហាក់ដូចជារាលដាលទៅដល់តំបន់ជនបទមួយចំនួនដែរ។ ទន្ទឹមនឹងវាជាភារកិច្ចរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ពិតមែន បើមិនមានការចូលរួមពីប្រជាពលរដ្ឋ និងសហគមន៍ទេនោះ ក៏ការងារនេះមិនទទួលបានជោគជ័យដែរ”។
ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) បានលើកឡើងជាយូរមកហើយថា ការឆ្លើយតបរបស់កម្ពុជាចំពោះការប្រើប្រាស់គ្រឿងញៀនហួសសម័យហើយ ហើយផ្តល់អនុសាសន៍ឲ្យជំនួសមណ្ឌលបន្សាបគ្រឿងញៀនដោយវិធីសាស្ត្រដោះស្រាយការញៀនថ្នាំនៅតាមសហគមន៍ ប៉ុន្តែកំណែទម្រង់មានការយឺតយ៉ាវ។
កាលពីថ្ងៃព្រហស្បតិ៍ UNODC បានចេញរបាយការណ៍គ្រឿងញៀនពិភពលោកប្រចាំឆ្នាំថ្មីៗបំផុត។ វាពិពណ៌នាពី “ទីផ្សារដ៏ធំ និងកំពុងតែកើនឡើង” សម្រាប់មេតំហ្វេតាមីន ទាំងគ្រាប់ និងក្រាមពណ៌ស ទូទាំងតំបន់អាស៊ី ដោយហៅថា ជា “កង្វល់គ្រឿងញៀនដ៏ចម្បង” នៅក្នុងប្រទេសកម្ពុជា៕សារុន