លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិរំឭកខួបគម្រប់មួយខែនៃការសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់បក្សលោកក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយគ្មានការប្រាប់ឲ្យដឹងពីគម្រោងចាកចេញនោះឡើយ រីឯអាជ្ញាធរវិញបង្ហាញជំហរស្ទាក់ស្ទើរនៅក្នុងការចាប់ខ្លួនលោក។
លោក កឹម សុខា បាននិងកំពុងលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិតាំងពីថ្ងៃទី២៦ ខែឧសភាមកម្លេ៉ះ ជាពេលដែលនគរបាលបានព្យាយាមសម្រុកចូលទៅក្នុងទីស្នាក់ការនេះដើម្បីចាប់ខ្លួនលោក ដោយសារលោកមិនបានបង្ហាញខ្លួននៅក្នុងតុលាការទាក់ទិនរឿងស្នេហា លួចលាក់ដែលអាជ្ញាធរខិតខំសើុបអង្កេតយ៉ាងយកចិត្តទុកដាក់តាំងពីខែមីនាមក។
លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាសមាជិកជាន់ខ្ពស់បំផុតនៅគណបក្សប្រឆាំងបន្ទាប់ពីលោកប្រធាន សម រង្ស៊ី និងលោក កឹម សុខា នោះ បានលើកឡើងនៅក្នុងសុន្ទរកថាមួយខាងក្រៅទីស្នាក់ការកណ្តាលបក្សកាលពីព្រឹកម្សិលមិញថា “យុទ្ធសាស្ត្ររបស់យើងគឺត្រឹមត្រូវ”។ អ្នកគាំទ្របាននិងកំពុងការពារនៅខាងក្រៅទីស្នាក់ការនេះចាប់តាំងពីលោក កឹម សុខា បានទៅពួនសម្ងំលាក់ខ្លួនមកម្លេ៉ះ។
លោក ប៉ុល ហំម បានលើកឡើងទៀតថា ការជម្នះរបស់លោក កឹម សុខា នៅក្នុងការប្រឈមនឹងការបំផិតបំភ័យ គឺជាការខិតខំដើម្បីបញ្ចប់ការធ្វើទុកបុកម្នេញម្តងហើយម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជាមកលើ់គណបក្សប្រឆាំងនៅកម្ពុជាអំឡុងពេលបោះឆ្នោត ប៉ុន្តែនៅតែរំពឹងថានឹងឈ្នះនៅថ្ងៃបោះឆ្នោត។
លោកបានថ្លែងថា “យើងមិនមែនគ្រាន់តែមកដើម្បីការពារមេដឹកនាំ កឹម សុខា ទេ ប៉ុន្តែ ថែមទាំងមកដើម្បីទាមទារឲ្យមតិជាតិ និងអន្តរជាតិឃើញថា ស្ថានភាពនយោបាយមិនទាន់ល្អគ្រប់គ្រាន់ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឡើយទេ”។
មន្ត្រីគណបក្សសង្គ្រោះជាតិបានគេចវេះម្តងហើយម្តងទៀតពីសំណួរថា តើខ្លួននឹងចាត់វិធានការអ្វីដើម្បីជួយឲ្យលោក កឹម សុខា បានចេញពីកន្លែងលាក់ខ្លួនមកវិញទោះជាយ៉ាងណាកូនស្រីរបស់អនុប្រធានគណប្រឆាំងរូបនេះ បានលើកឡើងកាលពីដើមខែនេះថា មានតែការបញ្ចប់ការធ្វើទុក្ខបុកម្នេញតាមរយៈតុលាការលើមន្ត្រី និងសកម្មជនគណបក្សប្រឆាំងឲ្យបានសព្វគ្រប់ទេ ទើបអាចឃើញលោកដើរចេញមកវិញបាន។
ប៉ុន្តែ ខណៈលោក កឹម សុខា ទំនងជានៅពូនសម្ងំលាក់ខ្លួន រហូតទាល់តែរដ្ឋាភិបាលសម្រេចចាប់ខ្លួន ឬអនុញ្ញាតឲ្យលោករួចខ្លួន ហើយមេដឹកនាំគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនមិនខ្វល់នឹងអ្វីដែលលោក កឹម សុខា កំពុងធ្វើនោះមានការលេចឡើងជាសំណួរកាន់តែខ្លាំងថា តើតាមពិតទៅនរណានឹងទទួលបានផលប្រយោជន៍ពីការប្រឈមមុខដាក់គ្នានេះ។
លោក អៀ សុផល អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ” និងជាសាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅ Occidental College ក្នុងក្រុងឡូស អេនជឺឡេស បានមានប្រសាសន៍ថា “គ្មាននរណាទទួលបានប្រយោជន៍ទេ គឺខាតបង់ទាំងអស់គ្នា”។
លោកបានបន្ថែមថា”លោក កឹម សុខា មិនអាចចេញមកខាងក្រៅដើម្បី ឃោសនាបានឡើយ។គណបក្សប្រជាជនកម្ពុជាទំនងជាធ្វើអ្វីតាមអំពើចិត្តរហូតមកទល់ពេលនេះ ដោយគំរាមចាប់ខ្លួន ប៉ុន្តែមិនបានសម្រេច។គ្រប់ភាគីសុទ្ធតែបាត់បង់កិត្តិយស។កម្ពុជាគឺជាអ្នកបាត់បង់កិត្តិយសធំជាងគេ ដោយសារតែស្ថានភាពមិនប្រសើរទាំងអស់នេះ”។
លោកបានបន្ថែមទៀតថា “ការផ្តោតគួរតែទៅលើការធ្វើកំណែទម្រង់ និងការធ្វើឲ្យសេដ្ឋកិច្ចរឹងមាំដោយធ្វើឲ្យពលរដ្ឋគ្រប់់រូបទទួលបានផលប្រយោជន៍តែបែរជា ពួកគេរវល់នឹងរឿងលេងបិទពួនម្តងទៀតទៅវិញ”។
ទោះជា លោក កឹម សុខា គ្មានឆន្ទៈចេញពីកន្លែងលាក់ខ្លួនក៏ដោយ តែលោកនៅតែមានឆន្ទៈក្នុងការទទួលអ្នកមកសួរសុខទុក្ខដែលមានឋានៈធំៗ អំឡុងពេលលោកពួនសម្ងំលាក់ខ្លួន ដោយមានការថតរូបបង្ហោះលើទំព័រហ្វេសប៊ុកស្ទើររៀងរាល់ថ្ងៃស្តីពីការជួបជាមួយមេដឹកនាំបក្ស អ្នកគាំទ្រ និងសកម្មជន។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងឯកអគ្គរដ្ឋទូតបារាំងរួមទាំងនាយកប្រចាំប្រទេសនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិផង ក៏សុទ្ធតែបានចុះទៅជួបលោក កឹម សុខា នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិផងដែរក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។
គ្មាននរណាម្នាក់បានសំដែងការគាំទ្រលោក កឹម សុខា ដោយបើកចំហទេ ប៉ុន្តែ បានចាត់ទុកការចុះទៅជួបអនុប្រធានគណបក្សប្រឆាំងរូបនេះថា ជា”ផ្នែកនៃការទាក់ទងជាប្រចាំជាមួយគ្រប់ភាគីនយោបាយទាំងអស់” នេះបើនិយាយចំពោះឯកអគ្គរដ្ឋទូតបារាំង និងដើម្បីពិភាក្សាអំពី “ស្ថានភាពនយោបាយ” និង “សិទ្ធិមនុស្ស” នេះបើនិយាយអំពីឯកអគ្គរដ្ឋទូតសហរដ្ឋអាេមរិក។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានលើកឡើងក្នុងអីុម៉េលមួយក្រោយពេលចុះទៅជួបលោក កឹម សុខា កាលពីថ្ងៃទី១៧ ខែមីថុនា ដោយថែមទាំងបានថតរូបញញឹមពេលចាប់ដៃគ្នាផងនោះថា “យើងបានទាក់ទងជាមួយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ជាប្រចាំ”។
លោកបានបន្ថែមថា “ដូចដែលយើងធ្លាប់បានលើកឡើងពីមុនមកហើយថា យើងជឿថា វានឹងជាប្រយោជន៍សម្រាប់ប្រទេសកម្ពុជា បើមានបរិយាកាសមួយដែលគ្រប់គណបក្សនយោបាយទាំងអស់ និងសង្គមស៊ីវិលអាចអនុវត្តតួនាទីស្របច្រាប់របស់ខ្លួនដោយសេរី”។
លោក John Ciorciari អ្នកជំនាញខាងប្រទេសកម្ពុជានៅ Gerald R. Ford School of Public Policy នៃសាកលវិទ្យាល័យ Michigan បានលើកឡើងក្នុងអីុម៉េលមួយថា ការជួបប្រជុំផ្នែកការទូតដែលគេដឹងជាសាធារណៈជាមួយលោក កឹម សុខា ក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន គឺជាការផ្តល់មតិផ្ទាល់ខ្លួន។
លោកបានមានប្រសាសន៍ថា “បើគ្មានការគាំទ្រខ្លះៗពីអន្តរជាតិទេ មេដឹកនាំគណបក្សសង្គ្រោះជាតិងាយរងគ្រោះណាស់។ការចុះទៅសួរសុខទុក្ខក្នុងពេលថ្មីៗនេះ យ៉ាងហោចណាស់ក៏អាចជួយបន្ទុចបង្អាក់ការខិតខំប្រើប្រាស់តុលាការដើម្បីដកមេដឹកនាំគណបក្សសង្គ្រោះជាតិដែរ”។
លោកបានបន្ថែមទៀតថា “សារនេះគឺចង់បង្ហាញឲ្យឃើញថា លោក កឹម សុខា គឺជាមេដឹកនាំគណបក្សប្រឆាំងស្របច្បាប់ ហើយការប្រើប្រាស់តុលាការដែលស្ថិតក្រោមការបង្គាប់របស់រដ្ឋាភិបាលដើម្បីធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយនោះ នឹងធ្វើឲ្យខូចទំនាក់ទំនងរបស់គណបក្សប្រជាជនកម្ពុជាជាមួយរដ្ឋាភិបាលនៅលោកខាងលិច”។
ទោះជាយ៉ាងណា លោកបានក្រើនរំឭកថា លោក ហ៊ុន សែន ប្រហែលជានៅ តែមិនខ្វាយខ្វល់ចំពោះការផ្តល់យោបល់ការទូតបើទោះជាគណបក្សសង្គ្រោះជាតិបន្តតតាំងនឹងអំណាចរបស់លោកក៏ដោយ។
លោកបានថ្លែងថា “លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសប្តាហ៍នេះថា ការប្រើប្រាស់ច្បាប់ប្រសើរជាងការប្រើអាវុធ ជាការក្រើនរំឮកមួយថា ប្រសិនបើឧបករណ៍អំណាចទី១បរាជ័យ លោកនៅមានឧបករណ៍ ទី២ទៀត”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា សូម្បីតែលោកក៏មិនច្បាស់ដែរថា តើហេតុអ្វីបានជាលោក កឹម សុខា នៅតែសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សលោកខណៈករណីលើកលែងតែមួយគត់ដែលអនុញ្ញាតឲ្យចាប់ខ្លួនតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ពេលមានការប្រព្រឹត្តិបទល្មើសជាក់ស្តែង មានសុពលៈភាពមួយសប្តាហ៍ បន្ទាប់ពីបទល្មើសត្រូវបានប្រព្រឹត្តិនោះ។
លោកបានមានប្រសាសន៍មុនពេលទទួលស្គាល់ថា ខ្លួនលោកប្រហែលជាអាចខុសនោះថា “ឲ្យយើងគិតម៉េច? គាត់ខ្លាចតែខ្លួនឯង។ គ្មានច្បាប់ណាឲ្យចាប់ខ្លួនគាត់ទេ ព្រោះបទល្មើសជាក់ស្តែងមានសុពលៈភាពតែមួយសប្តាហ៍ប៉ុណ្ណោះ”។
លោកបានថ្លែងបន្ថែមថា “នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនមែនជាអ្នកជំនាញផ្នែកច្បាប់ទេ។ ប្រសិនបើគាត់ចេញមក ហើយត្រូវគេចាប់ខ្លួន កុំបន្ទោស សុខ ឥសាន “៕ស៊ុយឈាង