28 C
Phnom Penh

ស្ត្រីម្នាក់​​ត្រូវ​​​តុលាការ​​ចោទ​​​ប្រកាន់​​​​​ទាក់​​ទិន​​សារ​បង្ហោះ​​​​លើ​​​​ហ្វេស​ប៊ុក​​​​ថា នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាដំបូងខេត្តបាត់ដំបង បានចោទប្រកាន់ស្ត្រីក្នុងមូលដ្ឋានម្នាក់ពីបទជេរប្រមាថ បន្ទាប់ពីបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់គាត់ដែលអះអាងមិនពិតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ហើយបានអំពាវនាវឱ្យសាធារណជនជួយអបអរសាទរ។

សារមួយបង្ហោះកាលពីថ្ងៃអង្គារ លើទំព័រហ្វេសប៊ុករបស់ស្ត្រីឈ្មោះ ប៉ាង ស៊ីណា ដែលប្រើឈ្មោះ ស៊ីណា នាគមាស មានខ្លឹមសារថា “ហ៊ុន សែន ងាប់ហើយធ្លាក់យន្តហោះ សូមចូលរួមត្រេកអរផងដែលបានងាប់”។

សារនេះអមដោយរូបថតថ្មីមួយសន្លឹករបស់លោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកអង្គុយលើយន្តហោះ និងមួយសន្លឹកទៀតជារូបលោកនាយករដ្ឋមន្ត្រីដាក់ក្នុងកម្រងផ្កាក្នុងពិធីបុណ្យសព។

សារស្រដៀងគ្នាមួយដែលបង្ហោះកាលពីថ្ងៃទី៥ ខែមិថុនា បានអះអាងថា លោក ហ៊ុន សែន បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនៅតាមផ្លូវឆ្ពោះទៅប្រទេសម៉ាឡេស៊ី។

លោក ទូច សុភក្តី អ្នកនាំពាក្យសាលាដំបូងខេត្តនេះបានឱ្យដឹងថា “ស្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទប្រមាថថ្នាក់ដឹកនាំ ហើយពេលនេះគាត់កំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ”។

អ្នកនាំពាក្យរូបនេះបានបន្តថា ស្ត្រីរូបនេះត្រូវបានប្រកាន់ពីបទជេរប្រមាថជាសាធារណៈ និងបទជេរប្រមាថក្រោមក្រមព្រហ្មទណ្ឌ។

បទចោទប្រកាន់ទី១ ត្រូវពិន័យជាប្រាក់ ១០ លានរៀល ប្រហែល ២.៥០០ ដុល្លារ។ បទចោទប្រកាន់ទី២ ត្រូវពិន័យជាប្រាក់ ១០០.០០០ រៀល ប្រហែល ២៥ ដុល្លារ និងជាប់ពន្ធនាគារ ៦ ថ្ងៃ។

លោក មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង បានមានប្រសាសន៍ថា ស្ត្រីឈ្មោះ ប៉ាង ស៊ីណា អាយុ ៣៥ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅខាងក្នុងកាស៊ីណូប្រាណាស៊ី (Pranasy Casino)  ពេលគាត់កំពុងទៅទទួលទានអាហារថ្ងៃត្រង់។

លោកបានបន្តថា “មេបញ្ជាការរបស់ខ្ញុំបានបញ្ជាឱ្យខ្ញុំបញ្ជូនស្ត្រីរូបនេះទៅតុលាការ ពីព្រោះគាត់បានផ្សាយព័ត៌មានមិនពិតថា សម្តេច ហ៊ុន សែន បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ”។

ចៅក្រមស៊ើបសួរ ឡឹក សុខា បានមានប្រសាសន៍ថា លោកបានដោះលែងអ្នកស្រី ប៉ាង ស៊ីណា បន្ទាប់ពីចោទប្រកាន់គាត់កាលពីម្សិលមិញ ពីព្រោះគាត់អះអាងថា គាត់បានបាត់ទូរស័ព្ទរបស់ខ្លួនកាលពីសប្តាហ៍មុន ហើយមិនបានបង្ហោះសារជេរប្រមាថនេះ ។

លោកលើកឡើងថា “ខ្ញុំបានអនុញ្ញាតឱ្យគាត់ត្រត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ ព្រោះយើងគ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគាត់មានទោស ប៉ុន្តែយើងនឹងហៅគាត់មកសាកសួរវិញ បើយើងមានព័ត៌មានបន្ថែមទៀត។ ស្ត្រីរូបនេះបានសារភាពថា គណនីហ្វេសប៊ុកនោះពិតជារបស់គាត់មែន ប៉ុន្តែគាត់បដិសេធថាមិនបានបង្ហោះសារនោះលើហ្វេសប៊ុកទេ ពីព្រោះគាត់បានបាត់ទូរស័ព្ទកាលពីសប្តាហ៍មុន”។

ចៅក្រមរូបនេះមានប្រសាសន៍ទៀតថា តុលាការនឹងសួរទៅអាជ្ញាធរមូលដ្ឋានថា តើ ទូរស័ព្ទនោះពិតជាបាត់ដូចអ្នកស្រី ប៉ាង ស៊ីណា បានអះអាងឬយ៉ាងណា។ ទាក់ទិនបញ្ហានេះ អ្នកស្រី ប៉ាង ស៊ីណា មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

ជាការកត់សម្គាល់ រដ្ឋាភិបាលបានបង្ហាញភាពរសើបកាន់តែខ្លាំងរបស់ខ្លួនចំពោះការបញ្ចេញមតិយោបល់តាមបណ្តាញអុីនធើណិត។ ជាក់ស្តែង សមាជិកសភាគណបក្សប្រឆាំងពីររូបត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះពីបទបង្ហោះសារតាមអុីនធើណិតចោទប្រកាន់ថារដ្ឋាភិបាលបានកាត់ទឹកដីឱ្យទៅវៀតណាម ទោះបីជារដ្ឋធម្មនុញ្ញចែងថាពួកគាត់មានអភ័យឯកសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់យ៉ាងណាក្តី។

កាលពីខែមីនា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់និស្សិតសាកលវិទ្យាល័យម្នាក់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ពីបទបង្ហោះសារតាមហ្វេសប៊ុកអំពាវនាវឱ្យធ្វើ “បដិវត្តន៍ពណ៌”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស