35 C
Phnom Penh

លោក ជា មុនី ប្រធាន​សហជីព​​​​សេរីកម្មករ​ដ៏​ចំណាស់​បំផុត​នៅ​កម្ពុជា​​ត្រូវ​បាន​ជំនួស​តំណែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អតីតកម្មការិនីរោងចក្រម្នាក់ត្រូវបានតែងតាំងឲ្យជំនួសតំណែងលោក ជា មុនី ជាប្រធានសហជីពសេរីកម្មករ (FTU) ៦ឆ្នាំបន្ទាប់ពីលោក ជា មុនី បានប្រកាសជាលើកដំបូងអំពីបំណងលាឈប់របស់លោក និង២ទសវត្សរ៍បន្ទាប់ពីសពបងប្រុសរបស់លោកបានបង្កើតចលនាកម្មករនេះឡើង។

យោងតាមលោក ជា មុនី បានឲ្យដឹងថា លោកស្រី ទូច សឿ អាយុ៥៣ឆ្នាំ ត្រូវបានតែងតាំងជាប្រធានថ្មីអំឡុងសមាជប្រចាំឆ្នាំរបស់សហជីពដែលមានការចូលរួមពីសកម្មជនប្រមាណ៥៦០នាក់មកពីជាង១០០រោងចក្រនៅទូទាំងប្រទេស។

លោកមានប្រសាសន៍ថា “លោកស្រី ទូច សឿ ត្រូវបានជ្រើសរើសជាប្រធានថ្មីដោយស្វ័យប្រវត្តិ ពីព្រោះគាត់គឺជាបេក្ខជនតែម្នាក់គត់ដែលបានដាក់ពាក្យ”។

លោក ជា មុនី វ័យ៥២ឆ្នាំ បានកាន់តំណែងជាប្រធានសហជីពនេះនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីការធ្វើឃាតលោក ជា វិជ្ជា បងប្រុសបង្កើតរបស់លោក ជាមេដឹកនាំសហជីពដ៏មានប្រជាប្រិយភាពខ្លាំងដែលពិបាកនឹងរកអ្នកធ្វើបានដូច។

ខណៈសហជីពសេរីកម្មករនៅតែបន្តជាសហជីពធំបំផុត និងសំខាន់បំផុតមួយនៅក្នុងប្រទេស លោក ជា មុនី បានលើកឡើងជាច្រើនឆ្នាំមកហើយថា លោកគ្មានកម្លាំងដើម្បីដឹកនាំសហជីពនេះទេ ហើយបានរងការចោទប្រកាន់ពីសំណាក់អតីតអនុប្រធានថា លោកប្រព្រឹត្តអំពើពុករលួយ។

លោកក៏បានធ្វើជាប្រធានសហជីពលើសពី៦ឆ្នាំដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់សហជីពច្រើនមកហើយដែរ ដោយសារមានញត្តិ និងការអង្វរកររបស់កម្មករសុំឲ្យលោកនៅកាន់តំណែងបន្ត។ ប៉ុន្តេលោក ជា មុនី បានបញ្ជាក់កាលពីម្សិលមិញថា វាដល់ពេលដែលលោកត្រូវចាកចេញហើយ។

លោកថ្លែងថា ”ពេលនេះខ្ញុំនឿយហត់ ដូច្នេះខ្ញុំចង់ទុកឱកាសឲ្យអ្នកផ្សេងវិញម្ដង។ ទុកឲ្យកម្មករជាអ្នកវាយតម្លៃខ្ញុំចុះ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយអំពីលទ្ធផលការងាររបស់ខ្ញុំនោះទេ”។

ចំណែកឯលោកស្រី ទូច សឿ បានថ្លែងថា លោកស្រីបានចូលរួមជាមួយសហជីពនេះនៅក្នុងឆ្នាំ១៩៩៧ កាលពីលោកស្រីធ្វើការនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ។

លោកស្រីមានប្រសាសន៍ថា “ពេលខ្ញុំធ្វើការនៅរោងចក្រ យើងរងការរំលោភបំពានពីសំណាក់ថៅកែរោងចក្រ។ គេកាត់ប្រាក់រង្វាន់ ប្រសិនបើកម្មករមកធ្វើការយឺតមួយនាទី ហើយនៅពេលកម្មករសន្លប់ ក៏បញ្ឈប់ពួកគាត់។ ដូច្នេះខ្ញុំបានព្យាយាមស្វែងរកអ្នកដែលអាចជួយយើងបាន”។

ប្រធានថ្មីរូបនេះបានរំឭកថា លោកស្រីបានឡើងតំណែងជាបន្តបន្ទាប់រហូតដល់ក្លាយជាគណៈគ្រប់គ្រងនៅក្នុងសហជីពនេះ ដោយដំបូងលោកស្រីជាប្រធានសហជីពសាខានៅរោងចក្ររបស់គាត់ បន្ទាប់មកក្លាយជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិថ្នាក់ជាតិ ហើយថ្មីៗនេះបានក្លាយជាអនុប្រធានរបស់លោក ជា មុនី។

លោកស្រី យ៉ាង សុភ័ណ ដែលជាមន្ត្រីរបស់សហជីពសេរីកម្មករមុនពេលបង្កើតសហជីពផ្ទាល់ខ្លួន បានស្ថិតក្នុងចំណោមអតីតសកម្មជនមួយចំនួនដែលបានលើកឡើងថា ពួកគាត់ចាកចេញពីសហជីពរបស់លោក ជា មុនី ដោយសារតែសហជីពនេះបានក្លាយជាឧបករណ៍សម្រាប់ធ្វើឲ្យថ្នាក់ដឹកនាំរបស់ខ្លួនមានបាន ដោយផ្ដល់ផលប្រយោជន៍តិចតួចដល់កម្មករ។ លោកស្រីបានលើកឡើងកាលពីម្សិលមិញថា ការផ្លាស់ប្ដូរថ្នាក់ដឹកនាំគឺជារឿងវិជ្ជមាន។

លោកស្រីបន្ថែមទៀតថា “ខ្ញុំមិនដឹងថា អ្នកថ្មីនឹងធ្វើយ៉ាងម៉េចទេ ប៉ុន្តែវាជារឿងល្អដែលមានការផ្លាស់ប្ដូរ ពីព្រោះប្រសិនបើមានអ្នកកាន់តំណែងច្រើនឆ្នាំ ពួកគេមិនអាចប្រាប់បានទេថា តើការងាររបស់ខ្លួនល្អឬមិនល្អ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស