26 C
Phnom Penh

កម្ពុជា​ដាក់ជំហរ​​​ខ្លួន​ឯង​តាម​ផ្លូវ​សូត្រ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្លូវសូត្របុរាណបានលាតសន្ធឹងប្រវែងរាប់ម៉ឺនសែនគីឡូម៉ែត្រ ពីទិសខាងកើតដល់ទិសខាងលិច ពីប្រទេសជប៉ុនដល់ក្រុងវឺនីស ប្រទេសអុីតាលី និងឆ្លងកាត់សមុទ្រចំនួនប្រាំ។ សរុបមក ផ្លូវថ្នល់និងផ្លូវពាណិជ្ជកម្មតាមសមុទ្របានភ្ជាប់ច្រើនជាង៤០ប្រទេសនៅទូទាំងទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ដោយជំរុញឲ្យសកលភាវូបនីយកម្មមានការរីកចំរើនតាំងពីដំបូង។

Cambodia's Prime Minister Hun Sen extends a hand shake to China's President Xi Jinping before a meeting at the Great Hall of the People in Beijingលោក ផិធឺ ហ្វ្រានកូប៉ាន (Peter Frankopan) អ្នកប្រវត្តិសាស្ត្រ នៅសកលវិទ្យាល័យ អកស្វត និងជាអ្នកនិពន្ធសៀវភៅ “ផ្លូវសូត្រៈ ប្រវត្តិសាស្ត្រថ្មីនៃពិភពលោក” បាននិយាយថា “វាជាផ្លូវនិងជាសរសៃឈាមដ៏សំខាន់ដែលដឹកជញ្ជូនទំនិញ គំនិត អ្នកដំណើរ និងព្រមទាំងជំងឺផងដែររាប់ពាន់ឆ្នាំ”។

លោកបាននិយាយបន្ថែមក្នុងអុីម៉េលថា “សំខាន់ណាស់ដែលត្រូវគិតដល់ផ្លូវនេះជារួមនិងច្រើនដង”។

“មិនមាន ‘ផ្លូវថ្នល់’ តែមួយទេ ហើយថ្វីបើជាអ្វីដែលមនុស្សជាច្រើនគិតក៏ដោយ ក៏ការប្តូរគ្នានេះមិនមែនរវាងប្រទេសចិននិងប្រទេសនៅជុំវិញសមុទ្រមេឌីទែរ៉ាណេទេ គឺផ្លូវសូត្រធ្លាប់ជា និងដូចជាបណ្តាញ ប្រទាក់គ្នាខ្វាត់ខ្វែង និងតភ្ជាប់ទីក្រុងនានា មនុស្ស និងប្រទេសជាច្រើន”។

លោក ឫទ្ធី ឆែម អ្នកសិក្សាជាន់ខ្ពស់និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បាននិយាយថា ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសកម្ពុជាបានកើតឡើងដំបូងតាមរយៈបណ្តាញនេះ។

លោក ឆែម បាននិយាយតាមរយៈបទសម្ភាសមួយថា “ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិន [បកក្រោយ] យ៉ាងហោចណាស់២.០០០ឆ្នាំ។ គេហាក់ដូចជាបំភ្លេចរឿងហ្នឹង[តាមរយៈ]ផ្លូវសូត្រតាមសមុទ្រនៅសតវត្សរ៍ទី៦…គេបានដឹកជញ្ជូនតាមកប៉ាល់ពីប្រទេសចិន ពីប្រទេសចិនខាងត្បូង និងបានឈប់សំចតនៅទីនេះ ឈប់នៅកំពង់ផែនៅកន្លែងណាមួយតាមមាត់សមុទ្រ”។

ក្នុងឆ្នាំ២០១៣ ប្រទេសចិនបានស្នើឲ្យមានឡើងវិញបែបទំនើបនូវការតភ្ជាប់ជាលក្ខណៈអន្តរជាតិទាំងនេះ ដែលខ្លួនបានចាត់ថាជាការផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ”។ ជាការឆ្លើយតប អ្នកសិក្សាជាន់ខ្ពស់និងអ្នកស្រាវជ្រាវមកពីប្រទេសកម្ពុជា ក្នុងនោះមានមួយក្រុមនៅ CDRI និងមណ្ឌលស្រាវជ្រាវផ្លូវសូត្រថ្មីតាមសមុទ្រនៃប្រទេសកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទកម្ពុជា បានចាប់ផ្តើមវិធីស្រាវជ្រាវដែលប្រទេសនេះអាចដាក់ខ្លួនក្នុងបណ្តាញនេះ។

លោក ខាល ថាយល័រ អ្នកជំនាញអាស៊ីអាគ្នេយ៍នៅសាលាកងទ័ពអូស្ត្រាលីក្នុងក្រុងកង់បេរ៉ា បាននិយាយតាមរយៈអីុម៉េលមួយថា “សំណើ ‘ខ្សែក្រវាត់មួយ ផ្លូវមួយ’ របស់ប្រទេសចិន ជាការផ្តួចផ្តើមពិសេសផ្ទាល់របស់ប្រធានាធិបតី ស៊ី ជិនភីង។ វាមានគោលបំណងជំរុញឧត្ដមភាពរបស់ប្រទេសចិននៅលើសាកលលោក និងក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិថ្មីខុសពីការគ្រប់គ្រងរបស់អាមេរិកនិងជប៉ុន”។

នៅខណៈដែលប្រទេសកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនមុនការផ្តើមគំនិតនេះទៀត ពោលគឺក្រុងប៉េកាំងជាអ្នកផ្តល់កម្ចីក្រៅប្រទេសដ៏ធំបំផុតរបស់ប្រទេសនេះតាំងពីឆ្នាំ២០១០មកនោះ ផែនការនេះផ្តល់ឱកាសឲ្យប្រទេសកម្ពុជាចូលរួមក្នុងបណ្តាញសេដ្ឋកិច្ចមួយដែលគ្របដណ្តប់លើពាក់កណ្តាលពិភពលោក។

លោក ហ្សាយ៉ាន មេណុន អ្នកសេដ្ឋកិច្ចដ៏សំខាន់នៅការិយាល័យសមាហរណកម្មតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថា “ប្រទេសកម្ពុជានឹងទទួលបានប្រយោជន៍ដោយប្រយោលតាមរយៈការតភ្ជាប់ដ៏ប្រសើរ ដែលនឹងកើតឡើងនៅពេលដែលការផ្តួចផ្តើមផ្លូវសូត្រដ៏មហិច្ឆតានេះបញ្ចប់រួចរាល់”។

លោកបាននិយាយថា “ដរាបណាការតភ្ជាប់កាត់តាមច្រកផ្លូវដែលមានស្រាប់នៅតែមាន ដរាបនោះវាបើកបណ្តាញកាន់តែធំទូលាយ” ជាពិសេសសម្រាប់ការនាំចេញ។

យោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី កិច្ចប្រឹងប្រែងនាពេលថ្មីៗនេះរបស់ប្រទេសកម្ពុជាដើម្បីធ្វើសមាហរណកម្មជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន បានផ្តល់មេរៀនជាច្រើនដែលនឹងជាប្រយោជន៍ក្នុងការបន្តឱកាសក្នុងបណ្តាញផ្លូវសូត្រនេះ។

“ឥឡូវនេះ មានបណ្តាញសេដ្ឋកិច្ចមួយចំនួន គឺបណ្តាញចាស់ ដូច្នេះរដ្ឋាភិបាលកំពុងរកមើលបណ្តាញមួយផ្សេងទៀត។ ‘ខ្សែក្រវាត់ចាស់’ អាចជួយ…ពង្រីក [សេដ្ឋកិច្ច]ពីប្រទេសនេះទៅតំបន់នេះ ដូចជាអាស៊ាន ហើយបន្ទាប់មកទៅដល់តំបន់ប៉ាស៊ីហ្វិក”។

លោក នាក់ ចិន្តារិទ្ធិ ប្រធានដេប៉ាតឺមង់សិក្សាអន្តរជាតិរបស់វិទ្យាស្ថានភាសា បរទេសនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ទោះជាយ៉ាងនេះក្តី នៅពេលដែលរដ្ឋាភិបាលបន្តការលូតលាស់ថ្មីនោះ រដ្ឋាភិបាលត្រូវតែគិតដល់ឥទ្ធិពលអវិជ្ជមាន និងយកចិត្តទុកដាក់លើការបន្តដាក់ចេញនូវគោលនយោបាយដែលផ្អែកលើភ័ស្តុតាង។

លោកបាននិយាយថា “នៅប្រទេសកម្ពុជា ភាគច្រើននៃគោលនយោបាយចំពោះគម្រោងណាមួយគឺមិនដឹងច្បាស់”។ លោកបាននិយាយបន្ថែមថា ក្រុមប្រឹក្សាយោបល់ចង់ផ្តល់ព័ត៌មាន “ដូច្នេះ ការិយលេខានុការទាំងនោះអាចរៀបចំនិងអនុវត្តគម្រោងនានា ផ្អែកលើការអភិវឌ្ឍល្អនិងត្រឹមត្រូវសម្រាប់ប្រទេសកម្ពុជា”។

លោក ឆែម នៅ CDRI បាននិយាយថា កង្វល់មួយគឺផលប៉ះពាល់នៃការលូតលាស់ជាបន្តនិងគម្រោងអភិវឌ្ឍន៍ជាមួយគ្នាលើសហគមន៍ក្រីក្រ។

លោកបាននិយាយថា “ការអភិវឌ្ឍឆាប់រហ័សក្នុងប្រទេសណាមួយនាំមកនូវហានិភ័យមួយចំនួនដល់បរិស្ថាន និងដល់សហគមន៍ ហើយយើងបានឃើញរួចហើយ”។

លោក ថាយល័រ នៅសាលាកងទ័ពអូស្ត្រាលី បាននិយាយថា “ហានិភ័យមួយទៀតគឺថា ប្រទេសកម្ពុជារួមជាមួយនឹងអាស៊ីអាគ្នេយ៍នឹងត្រូវអូសទាញចូលក្នុងគន្លងសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយស្ថិតនៅក្រោមសម្ពាធនយោបាយកាន់តែខ្លាំងដោយធ្វើតាមបញ្ជាបន្ទាត់នយោបាយក្រៅប្រទេសទូទៅរបស់ចិន ឬយ៉ាងហោចណាស់ក៏ជជែកអំពីគោលនយោបាយរបស់ចិនដែរ”។

មែនហើយ ក្រុងភ្នំពេញត្រូវគេគិតហើយថាដើរតួនាទីជាញឹកញាប់ជាប្រយោជន៍របស់ក្រុងប៉េកាំង ទាំងកិច្ចការក្នុងប្រទេស ទាំងកិច្ចការអន្តរជាតិរបស់ខ្លួន។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានរងការចោទប្រកាន់ថាបានធ្វើឲ្យខកខានការចេញសេចក្តីថ្លែងការណ៍អាស៊ាន ដែលបញ្ចេញកង្វល់លើការបង្កើនកម្លាំងទ័ពរបស់ចិននៅសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលក៏បានច្រានចោលសំណើនាពេលថ្មីៗពីកោះតៃវ៉ាន់ដែលសុំឲ្យធ្វើបត្យាប័នជនសង្ស័យក្នុងការជំរិតទារប្រាក់តាមអីុនធឺណិតមកពីកោះនេះ តែផ្ទុយទៅវិញបានបញ្ជូនពួកគេទៅប្រទេសចិនតាមសំណើរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
អ្នករិះគន់និងមជ្ឈដ្ឋានមួយចំនួនក្នុងក្រុមប្រឆាំងនយោបាយបានព្រមានជាយូរមកហើយថា បំណុលកាន់តែកើនឡើងយ៉ាងរហ័សរបស់ប្រទេសកម្ពុជាដែលជំពាក់ប្រទេសចិន គឺគ្មាននិរន្តរភាព ហើយថាគម្រោងជាច្រើនផ្តល់ប្រាក់ដោយប្រទេសចិន ពោលគឺជារឿយៗអនុវត្តដោយក្រុមហ៊ុនរដ្ឋចិន គឺធ្វើដោយមានការត្រួតពិនិត្យមើលតិចតួច ឬការគិតគូរយូរអង្វែងតិចតួច។

លោក ស៊ីផាន បាននិយាយថា រដ្ឋាភិបាលមិនបានបន្ទន់លំឱនតាមឆន្ទៈរបស់ប្រទេសក្រៅណាមួយទេ។

លោកបាននិយាយថា “យើងជិតស្និទ្ធជាមួយគ្រប់គ្នា មិនមែនគ្រាន់តែជាមួយប្រទេសចិននោះទេ។ យើងជិតស្និទ្ធនឹងប្រទេសចិន ជិតស្និទ្ធនឹងសហរដ្ឋ។ យើងជិតស្និទ្ធនឹងសហភាពអឺរ៉ុប។ យើងជិតស្និទ្ធនឹងគេគ្រប់គ្នា”។

លោក ឆែម ក៏បាននិយាយដែរថា ការព្រួយបារម្ភទាក់ទិននឹងឥទ្ធិពលរបស់ប្រទេសចិននៅពេលនេះ គឺរហ័សពេក។

លោកបាននិយាយថា “ប្រទេសតូចណាក៏ដោយត្រូវតែមានលំនឹងទំនាក់ទំនងអន្តរជាតិ…ដើម្បីរស់”។

លោកបាននិយាយថា “ប្រទេសចិនមិនមែនជាប្រទេសទី១ដែលមានអំនួតទេ”។ លោកបាននិយាយបន្ថែមថា អាមេរិករឹតតែគឃ្លើន និងបំផ្លិចបំផ្លាញ ក្នុងការដោះស្រាយជាមួយកម្ពុជាក្នុងទសវត្សរ៍១៩៦០និង៧០។ ទុកឲ្យចិនមានឱកាសធ្វើសិន ពោលគឺវាឆាប់ពេកមិនអាចកាត់សេចក្តីណាមួយបានភ្លាមៗទេ”៕និត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស