ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា អគ្គលេខាធិការដ្ឋានរដ្ឋសភា និងគណៈកម្ម ការហិរញ្ញវត្ថុកំពុងតែពិចារណាកាត់ប្រាក់ខែរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន៥៥រូបទាក់ទិនការបន្តធ្វើពហិការមិនចូលសភាពាក់ព័ន្ធនឹងបញ្ហារំលោភអភ័យឯកសិទ្ធិ។
ចាប់តាំងពីនគរបាលបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីខែមុនមក គណបក្សសង្គ្រោះជាតិបាននិងកំពុងធ្វើពហិការមិនចូលសភា ដោយគូសបញ្ជាក់ថា តំណាងរាស្ត្រពីររូបរបស់ខ្លួនគឺលោក អុ៊ំ សំអាន និងលោក ហុង សុខហួរ ត្រូវបានចាប់ដាក់ពន្ធនាគាររួចទៅហើយ ទោះបីជាមានអភ័យឯកសិទ្ធិរួចផុតពីការចាប់ខ្លួនក៏ដោយ។
បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចពិនិត្យមើលថា តើតំណាងរាស្ត្រគណបក្សប្រឆាំងគួរតែបើកប្រាក់ខែឲ្យឬក៏អត់ បើពួកគាត់មិនមកធ្វើការ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលដកស្រង់”ប្រតិកម្មពីសង្គមកម្ពុជា” ប៉ុន្តែ មិនបានរៀបរាប់លម្អិតនោះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យអគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើងថាលោកនិងគណៈកម្មការធនាគារ និងហិរញ្ញវត្ថុ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងសួរតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា រឿងអីម៉េចមិនកាត់ប្រាក់ខែ និងដករថយន្តរបស់ពួកគេ ដែលរដ្ឋាភិបាលផ្តល់ឲ្យ បើពួកគេអវត្តមាននោះ។
លោក បានមានប្រសាសន៍ថា “ចាប់តាំងពីលោក កឹម សុខា មានបញ្ហាមក ពួកគេមិនដែលមកធ្វើការទេ ប៉ុន្តែបើកប្រាក់ខែធម្មតា។ គណៈកម្មការនេះនឹងពិភាក្សាអំពីហេតុផលរបស់ពួកគេ។ ទោះបីជាមានរឿងអីកើតឡើង ក៏ដោយពួកគេមិនអាចមិនមក [ធ្វើការ] ដោយសារករណីបុគ្គលរបស់មនុស្សម្នាក់បានទេ”។
លោកក៏បានបន្ថែមផងដែរថា “ពួកគេក៏បានប្រើប្រាស់រថយន្តរដ្ឋដើម្បីធ្វើបាតុកម្ម និងហែក្បួនដែរ។ ដើម្បីដកហូតរថយន្តទាំងនោះវាចាំបាច់ត្រូវមានការសម្រេចពីគណៈកម្មាធិការអចិន្ត្រៃយ៍”។
ប្រធានគណៈកម្មការទាំង១០នៃរដ្ឋសភាទទួលបានរថយន្តមួយគ្រឿង បន្ថែមពីលើប្រាក់ខែរបស់ពួកគាត់ ព្រមទាំងមូលនិធិសម្រាប់បេសកកម្មការងារដូចជាការចុះទៅតាមខេត្ត និងការសិក្សាស្រាវជ្រាវជាដើម។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគ្រប់គ្រងគណៈកម្មការនៃរដ្ឋសភាម្នាក់៥។
លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅក្នុងសភានោះបានលើកឡើងថា លោកគាំទ្រការកាត់ប្រាក់ខែរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ព្រោះពួកគាត់រំលោភច្បាប់ហិរញ្ញវត្ថុសាធារណៈដោយបើកចំហ។
លោកបានមានប្រសាសន៍ថា “ពួកគេមិនដែលមកធ្វើការទេ មិនដែលមកចូលរួមនៅក្នុងគណៈកម្មការទេ។ ពួកគេមិនមកធ្វើការ អ៊ីចឹងរឿងអីត្រូវបើកប្រាក់ខែ?”។
លោកបានបន្ថែមថា “យើងបានឃើញពួកគេហែក្បួនដើម្បីដាក់ញត្តិការពារ កឹម សុខា។ អ៊ីចឹងតើសកម្មភាពត្រឹមត្រូវនៅត្រង់ណា តើត្រង់ណាទៅដែលថា ពួកគេបម្រើប្រជាពលរដ្ឋនោះ?”។
លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាប្រធានគណៈកម្មការបរិស្ថាន និងធនធានទឹកនៃរដ្ឋសភាបានលើកឡើងថា លោកមិនព្រួយបារម្ភអំពីការបាត់បង់ប្រាក់ខែទេ ហើយថា ជាតំណាងរាស្ត្រមិនចាំបាច់ទាល់តែមកអង្គុយក្នុងរដ្ឋសភានោះឡើយ។
លោកបានមានប្រសាសន៍ថា “សមាជិកសភាកំពុងធ្វើការ វាមិនចាំបាច់ទាល់តែទៅអង្គុយនៅទីនោះទេ។ យើងត្រូវបានជ្រើសរើសដោយពលរដ្ឋ ហេតុដូច្នេះ បើពួកគេចង់កាត់ប្រាក់ខែរបស់យើង សូមឲ្យប្រជាពលរដ្ឋវិនិច្ឆ័យជាមុនសិន”។
សហសេវិករបស់លោក គឺលោក អេង ឆៃអ៊ាង ដែលជាប្រធានគណៈកម្មការសិទ្ធិមនុស្សនោះបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យខូចឈ្មោះនយោបាយរបស់ខ្លួនកាន់តែខ្លាំងដោយសារតែរឿងកំប៉ិកកំប៉ុកបែបនេះ។
លោកបានមានប្រសាសន៍ថា “យើងមិនខ្វល់អំពីបញ្ហានេះឡើយ។ បើពួកគេចង់កាត់ប្រជាពលរដ្ឋមិនព្រមទេ ព្រោះវាជាបញ្ហានយោបាយ”៕ស៊ុយឈាង