27.5 C
Phnom Penh

សវនាការ​​ជំនុំជម្រះ​​ទោស​សកម្ម​​ជន​​អង្គការ​មាតាធម្ម​ជាតិ​​ចាប់​ផ្ដើម​ហើយ​នៅ​​ក្នុង​ខេត្ត​កោះកុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការដែលគេទន្ទឹងរង់ចាំជាយូរមកហើយនៅក្នុងការជំនុំជម្រះទោសសកម្មជនបរិស្ថានបីនាក់ ដែលជាប់ចោទពីបទគំរាមបង្កការខូចខាតដល់សាឡង់បូមខ្សាច់មួយកាលពីឆ្នាំមុននោះ បានចាប់ផ្ដើមហើយនៅក្នុងខេត្តកោះកុងកាលពីម្សិលមិញ ខណៈអ្នកគាំទ្ររាប់សិបនាក់ប្រមូលផ្ដុំគ្នាដើម្បីតវ៉ានៅខាងក្រៅតុលាការ។

cam-photo-mother-nature-centralសកម្មជនអង្គការមាតាធម្មជាតិទាំងបីនាក់ដែលមានឈ្មោះ ស៊ីម សំណាង អាយុ២៩ឆ្នាំ ទ្រី សុវិជ្ជា អាយុ២៦ឆ្នាំ និង សាន់ ម៉ាឡា អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែសីហា ពាក់ព័ន្ធយុទ្ធនាការរបស់ពួកគេដើម្បីបញ្ឈប់ការបូមខ្សាច់តាមព្រែកនានាក្នុងខេត្តកោះកុង ដែលប្រជាពលរដ្ឋមូលដ្ឋានបន្ទោសថា បានបំផ្លាញបរិមាណត្រី។ ពួកគេត្រូវបានចោទប្រកាន់ពីបទគំរាមថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ បន្ទាប់ពីពួកគេឡើងលើសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន Direct Access ហើយប្រាប់កម្មករបូមខ្សាច់ថា ខ្លួននឹងដុតបំផ្លាញសាឡង់នោះចោល ប្រសិនបើពួកគេមិនព្រមបញ្ឈប់សកម្មភាពបូមខ្សាច់ទេនោះ។

លោក អុីវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង មានប្រសាសន៍ថា សវនាការជំនុំជម្រះកាលពីម្សិលមិញបានចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់ម៉ោង៥និង២០នាទីល្ងាច ហើយនឹងបន្តនៅថ្ងៃនេះទៀត។ លោកបានបន្តថា “យើងបានបញ្ចប់ការសាកសួរជនជាប់ចោទនៅថ្ងៃនេះ ហើយយើងនឹងបន្តសាកសួរសាក្សីមួយចំនួននៅថ្ងៃស្អែក”ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិតទេ។

ចៅក្រម មីន មករា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ចំណែកឯមេធាវីរបស់ចុងចោទដែលផ្ដល់ដោយអង្គការសិទ្ធិមនុស្សលីកាដូមិនអាចទាក់ទងបានឡើយ។

លោក អុិន គង់ចិត្រ មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង បានមានប្រសាសន៍ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងសាលសវនាការទេ ប៉ុន្តែដឹងថា ចៅក្រមក៏បានជំនុំជម្រះសក្ខីកម្មរបស់តំណាងក្រុមហ៊ុន Direct Access និងអាជ្ញាធរស្រុកបទុមសាគរដែរ។

លោក សួន ស៊ីថា អភិបាលរងស្រុកបទុមសាគរបានបញ្ជាក់ថា លោកបានផ្ដល់សក្ខីកម្មកាលពីម្សិលមិញ។ លោកថ្លែងថា “តុលាការសាកសួរខ្ញុំថាតើអ្នកទាំងបីនាក់នេះបានឡើងលើសាឡង់របស់ក្រុមហ៊ុនមែន ឬក៏អត់អំឡុងពេលតវ៉ា។ ខ្ញុំបានប្រាប់តុលាការថា ពួកគេពិតជាបានឡើងលើសាឡង់ ហើយបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រាកដមែន” ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។

លោក ហួ អុិន មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំខេត្តនេះ បានមានប្រសាសន៍ថា លោកក៏មានវត្តមានក្នុងហេតុការណ៍តវ៉ានោះដែរ  ប៉ុន្តែលោកមិនបានឃើញអភិបាលរងស្រុក សួន ស៊ីថា នៅទីនោះទេ។ លោកបានគូសបញ្ជាក់ថា ”ខ្ញុំមិនបានឃើញលោក សួន ស៊ីថា នៅទីនោះទេ។ ខ្ញុំគ្រាន់តែឃើញប៉ូលិសមួយចំនួននៅលើសាឡង់របស់ក្រុមហ៊ុន ពេលអ្នកតវ៉ាឡើងទៅលើនោះ”។

លោក ហួ អុិន រួមជាមួយអ្នកតវ៉ាប្រមាណ១០០នាក់បានចំណាយពេលពេញមួយថ្ងៃរង់ចាំនៅខាងក្រៅតុលាការ។ ក្នុងចំណោមអ្នកតវ៉ាទាំងនោះ ក៏មានអ្នកស្រី នាក់ សុភាព ម្នាក់ដែរដែលបាននិយាយថា ការបូមខ្សាច់បានធ្វើឲ្យគ្រួសាររបស់គាត់ពិបាករកប្រាក់ពីការនេសាទ ហើយបានស្វាគមន៍ការព្យាយាមរបស់អង្គការមាតាធម្មជាតិក្នុងការបញ្ឈប់សកម្មភាពបូមខ្សាច់របស់សាឡង់ទាំងនោះ។

អ្នកស្រីនិយាយថា “យើងទាមទារឲ្យតុលាការដកការចោទប្រកាន់ និងដោះលែងសកម្មជនបរិស្ថានទាំងបីនាក់ ពីព្រោះពួកគេគ្មានទោសទេ ពួកគេគ្រាន់តែចង់ជួយការពារបរិស្ថានប៉ុណ្ណោះ”។

កាលពីខែមីនា សាលាដំបូងខេត្តនេះបានដកការចោទប្រកាន់ពីបទសមគំនិតលើស្ថាបនិកពីររូបនៃអង្គការមាតាធម្មជាតិ ប៉ុន្តែបទចោទប្រកាន់នេះលើលោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន ជនជាតិអេស្ប៉ាញដែលជាសហស្ថាបនិកអង្គការមាតាធម្មជាតិ នៅតែរក្សាទុកដដែល។ លោក អាឡិច កំពុងស្ថិតនៅបរទេសនៅឡើយចាប់តាំងពីរដ្ឋាភិបាលបានបណ្ដេញលោកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុន បន្ទាប់ពីបដិសេធមិនព្រមបន្តទិដ្ឋាការរបស់លោក ដោយសារតែលោកជាប់ពាក់ព័ន្ធនឹងយុទ្ធនាការរបស់អង្គការមាតាធម្មជាតិ ប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនី។

ផ្អែកតាមការវិភាគផ្លូវច្បាប់លើសំណុំរឿងនេះកាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសន្និដ្ឋានថា គ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់សកម្មជនណាម្នាក់ក្នុងចំណោមសកម្មជនទាំងនេះ ឬលោក អាឡិច ឡើយ។

សេចក្ដីថ្លែងការណ៍អមមួយបានលើកឡើងថា ”ខ្វះភ័ស្តុតាងដើម្បីគាំទ្របទចោទប្រកាន់លើជនជាប់ចោទទាំងបួននាក់។ ការចោទប្រកាន់និងការឃុំខ្លួនពួកគេយ៉ាងអយុត្តិធម៌ដោយសារតែសកម្មភាពតវ៉ាដោយសន្តិវិធី ជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតទៅលើសិទ្ធិបញ្ចេញមតិ និងសិទ្ធិប្រមូលផ្ដុំរបស់ពួកគេ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស