27.5 C
Phnom Penh

ក្រុ​​​ម​​​មន្ត្រី​​​បដិសេធ​​​ថា មិន​​​បាន​​​ចែក​​​អាវ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ទៅ​​​ឲ្យ​​​សិស្ស​​​ទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រុមមន្ត្រីអប់រំខេត្តពោធិ៍សាត់ បានបដិសេធថាមិនបានចែកចាយអាវគាំទ្រគណបក្សប្រជាជនកម្ពុជាដល់សិស្សមុនពិធីរបស់គណបក្សកាន់អំណាចកាលពីចុងសប្តាហ៍នោះឡើយ ដោយអះអាងថា សិស្សទទួលបានអាវគណបក្សប្រជាជនកម្ពុជាដោយខ្លួនឯង។

ប៉ុន្តែសិស្សម្នាក់ និងប្រធានសមាគមគ្រូបង្រៀនមូលដ្ឋានបានលើកឡើងថា អាវផ្កាឈូកដែលមានសរសេរអក្សរថា ”ខ្ញុំស្រឡាញ់គណបក្សប្រជាជនកម្ពុជា” នៅពីក្រោយនោះត្រូវបានចែកចាយនៅវិទ្យាល័យពោធិ៍សាត់កាលពីថ្ងៃសៅរ៍ ដោយរំលោភច្បាប់ហាមមិនឲ្យមានសកម្មភាពនយោបាយនៅតាមស្ថាប័នអប់រំនានា។

សិស្សអាយុ១៦ឆ្នាំម្នាក់នៅសាលារដ្ឋនេះក្នុងក្រុងពោធិ៍សាត់ ដែលស្នើសុំមិនបញ្ចេញឈ្មោះដោយសារខ្លាចមានការធ្វើទុក្ខបុកម្នេញបានលើកឡើងថា អាវត្រូវបានផ្តល់ទៅឲ្យប្រធានថ្នាក់មកពីថ្នាក់នីមួយៗទុកចែកសម្រាប់ការចូលរួមពិធីនៅថ្ងៃអាទិត្យដើម្បីរំឭកខួបលើកទី៦៥របស់គណបក្សប្រជាជនកម្ពុជាដែលនឹងត្រូវធ្វើឡើងនៅថ្ងៃេនះ។

សិស្សអាយុ១៦ឆ្នាំរូបនេះបាននិយាយថា ”នាយកសាលាបានហៅប្រធានថ្នាក់ឲ្យមកយកអាវចែកទៅឲ្យសិស្សថ្នាក់ទី១០ និងទី១១”។

លោក អាំង សាក់មុនី នាយកវិទ្យាល័យពោធិ៍សាត់បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

លោក លី សុឃុនធី ប្រធានមន្ទីរអប់រំខេត្តនេះបានលើកឡើងថា ការចែកអាវនេះគ្មានការអនុញ្ញាតជាផ្លូវការឡើយ។

ដោយបដិសេធមិនផ្តល់ភ័ស្តុតាង លោកបានមានប្រសាសន៍ថា “គ្មានការចែកអាវ [ពីរដ្ឋាភិបាល] ទេ។ សិស្សយកវាពីកន្លែងផ្សេងដោយខ្លួនឯង”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

កាលពីខែសីហា ក្រសួងអប់រំយុវជន និងកីឡា បានចេញសារាចរមួយពង្រឹងច្បាប់ហាមមិនឲ្យមានសកម្មភាពនយោបាយ និងការជួបជុំនៅតាមស្ថាប័ននានា តែទោះជាយ៉ាងណា សហភាពសហព័ន្ធយុវជនកម្ពុជា ជាអង្គការគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន នៅតែត្រូវបានអនុញ្ញាតឲ្យរៀបចំសកម្មភាពនានាក្នុងបរិវេណសាលា។

ទាំងលោក ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងលោក រស់ សាលីន អ្នកនាំពាក្យក្រសួងនេះសុទ្ធតែមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោកស្រី គឹម ដារ៉ានី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តនេះបានលើកឡើងថា អ្នកអប់រំសុទ្ធតែដឹកច្បាប់ស្តីអំពីសកម្មភាពនយោបាយ ហើយមិនគួរចែកអាវដោយគ្មានការអនុញ្ញាតឡើយ។

លោកស្រីបានថ្លែងថា “ប្រសិនបើពួកគេគ្មានការបញ្ជាពីថ្នាក់លើទេ គ្រូបង្រៀនមិនហ៊ានធ្វើដូច្នេះឡើយ។ ឯកឧត្តម ហង់ ជូន ណារ៉ុន បានបង្កើតច្បាប់នេះ ប៉ុន្តែ គាត់បែរជារំលោភវាដោយខ្លួនឯងទៅវិញ”។

លោក ម៉ក់ រ៉ា អនុប្រធានគណបក្សកាន់អំណាចសាខាខេត្តពោធិ៍សាត់បានលើកឡើងថា លោកមិនដឹងអំពីរឿងដែលក្រុមមន្ត្រីនៅសាលាចែកអាវគាំទ្រគណបក្សប្រជាជនកម្ពុជាឡើយ ប៉ុន្តែ ថា អាវដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាត្រូវបានចែកទៅឲ្យ អ្នកគាំទ្រកាលពីថ្ងៃអាទិត្យ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស