29 C
Phnom Penh

អគ្គិភ័យ​ឆេះបំផ្លាញ​ផ្ទះ​ក្នុង​តំបន់​អនាធិបតេយ្យ​ដែល​សម្បូរ​អ្នករើស​អេត​ចាយ​រស់នៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មូលហេតុបង្កឲ្យកើតមានអគ្គិភ័យដែលបានបំផ្លាញផ្ទះជាង៣០ខ្នងនៅក្នុងតំបន់អនាធិបតេយ្យតូចមួយដែលសម្បូរអ្នករើសអេតចាយរស់នៅក្នុងតំបន់ដែលព័ទ្ធជុំវិញដោយការអភិវឌ្ឍលំនៅដ្ឋានថ្មីៗក្នុងខណ្ឌមានជ័យភាគខាងត្បូងរាជធានីភ្នំពេញនោះ ទំនងជានឹងត្រូវកំណត់ដឹងនៅថ្ងៃេនះ។

អ្នកភូមិដែលមួយចំនួនមានទឹកភ្នែករលីងរលោង កំពុងកកាយគំនរបាក់បែកនៃអតីតផ្ទះរបស់ពួកគាត់ ខណៈរថយន្តពន្លត់អគ្គិភ័យដែលនៅសល់៩គ្រឿង និងឡានទឹកពីរគ្រឿងបានចាកចេញទៅវិញនៅម៉ោងប្រហែល៣និង៤៥នាទីរសៀលម្សិលមិញ ដោយមានភ្លើងនៅឆេះតិចៗនៅឡើយ។

cam-photo-front-channa-5លោក ឌី រ័ត្នខេមរិន្ទ អភិបាលរងខណ្ឌ ដែលបានចុះទៅពិនិត្យកន្លែងនោះកាលពីម្សិលមិញ បានមានប្រសាសន៍ថា អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល២រសៀល ហើយបានបំផ្លាញផ្ទះ៣៣ខ្នង មុនពេលក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងបាន។ លោកបានថ្លែងថា លោកមិនទាន់ប្រាកដអំពីមូលហេតុដែលបង្កឲ្យកើតមានអគ្គិភ័យនេះ និងទំហំនៃការខូចខាតនៅឡើយទេ។

លោក ព្រំ យ៉ន ប្រធានអង្គភាពពន្លត់អគ្គិភ័យរាជធានីបានមានប្រសាសន៍ថា លោកក៏មិនទាន់ដឹងថា មូលហេតុនៃអគ្គិភ័យនេះនៅឡើយដែរ ប៉ុន្តែថា ការសើុបអង្កេតនឹងដឹងចម្លើយនៅថ្ងៃនេះ។

លោកបានថ្លែងតាមទូរស័ព្ទថា “ខ្ញុំសង្ស័យថា អគ្គិភ័យនេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ឬមានមនុស្សមួយចំនួនដុតសំរាមដើម្បីរកលោហធាតុ”។

ដីមួយក្បាលទំហំ៧០ម៉ែត្រ គុណនឹង៥០ម៉ែត្រ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនមានព្រំប្រទល់ជាប់បីជ្រុងជាមួយប្លុកផ្ទះល្វែងថ្មី និងផ្ទះក្នុងតំបន់ក្រុងជាច្រើន ឬដីដែលគេទុកសម្រាប់ការអភិវឌ្ឍផ្សេងៗ។ អ្នកភូមិដែលរស់នៅក្បែរតំបន់នោះបាននិយាយជាចំហថា តំបន់នេះជាកន្លែងប្រព្រឹត្ត បទល្មើស និងការប្រើប្រាស់គ្រឿងញៀន ហើយបានលើកឡើងថា ពួកគាត់សង្ឃឹមថា កន្លែងនេះនឹងត្រូវអភិវឌ្ឍឡើងវិញ។

ក្មេងប្រុសម្នាក់រើកកាយគំនរផេះផង់ដែលសល់ពីការឆេះផ្ទះចំនួន៣៣ខ្នងក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះតំបន់នេះ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្មេងប្រុសម្នាក់រើកកាយគំនរផេះផង់ដែលសល់ពីការឆេះផ្ទះចំនួន៣៣ខ្នងក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះតំបន់នេះ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ចិត្រ សេកឡេង អាយុ៧០ឆ្នាំដែលឈរនៅខាងក្រៅតូបលក់ចាប់ហួយតូចមួយរបស់គាត់នៅជិតកន្លែងដែលឆេះនេះបាននិយាយថា “គ្មាននរណាម្នាក់ចង់ឲ្យអ្នកទាំងនោះរស់នៅទីនេះទេ វារញ៉េរញ៉ៃ និងគ្រោះថ្នាក់ណាស់”។

នៅទល់មុខតូបលក់ចាប់ហួយរបស់គាត់អតីតស្រះទឹកមួយត្រូវបានចាក់ដីលុបប្រហែលបីថ្ងៃមុននេះ ហើយគ្រោងធ្វើការអភិវឌ្ឍ ប៉ុន្តែ គាត់មិនច្បាស់ទេថា តើគេមានគម្រោងអភិវឌ្ឍអ្វីនៅកន្លែងនេះ។

លោក គូ ចាន់កុមារ កូនប្រុសម្ចាស់ដីដែលអគ្គិភ័យបានកើតឡើងនេះបាននិយាយថា ពីមុនគាត់បានព្យាយាមឱ្យអ្នករើសអេតចាយចេញពីដីនេះដែរ ហើយលោកមិនច្បាស់ថា តើនឹងមានអ្វីកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ឬនរណានឹងបោសសម្អាតកម្ទេចកម្ទីរផេះផង់នេះឡើយ។

ផ្ទះឈើប្រាំខ្នងនៅភាគនិរតីនៃកន្លែងនេះមិនបានឆេះទេ ហើយបង្គន់អនាម័យធ្វើពីបេតុងដែលសាងសង់ដោយ អង្គការមិនមែនរដ្ឋាភិបាលមួយ៣ឆ្នាំកន្លងមកក៏មិនបានឆេះដែរ។

អ្នកស្រី ហន ចន្តា អាយុ៤៤ឆ្នាំ ដែលផ្ទះរបស់គាត់ស្ថិតក្នុងចំណោមផ្ទះដែលអគ្គិភ័យបានឆេះបំផ្លាញបាននិយាយថា អ្នកស្រីបានផ្លាស់មករស់នៅភ្នំពេញពីស្រុកកំណើតរបស់អ្នកស្រីនៅខេត្តព្រៃវែងប្រហែល៨ឆ្នាំមកហើយដើម្បីស្វែងរកការងារធ្វើ។ អ្នកស្រីបាននិយាយថា អង្គការមិនមែនរដ្ឋាភិបាលមួយដែលអ្នកស្រីមិនចាំឈ្មោះបានផ្តល់កន្លែងមួយសម្រាប់ក្រុមគ្រួសារអ្នកស្រីដែលមានសមាជិក៦នាក់រស់នៅដោយត្រូវបង់ប្រាក់១៥ដុល្លារក្នុងមួយខែ។

អ្នកស្រីបានបន្តថា “ខ្ញុំមិនដឹងទៅដេកឯណាទេយប់នេះ។ ឥឡូវនេះខ្ញុំគ្មានសល់អ្វីទេ”៕សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស