34.8 C
Phnom Penh

ភ័ស្តុ​​​តាង​​​ជា​​​វីដេអូ​​​ត្រូវ​​​បាន​​​បង្ហាញ​​​នៅ​​​ថ្ងៃ​​​ទី​​​២​​​នៃ​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​សកម្ម​​​ជន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសិទ្ធិមនុស្សម្នាក់បានលើកឡើងថា ទាំងអយ្យការ និងមេធាវីការការពារក្តីនៅក្នុងការបើកសវនាការជំនុំជម្រះទោសសកម្ម ជនបរិស្ថានបីនាក់ដែលជាប់ចោទពីបទគំរាមបង្កការខូចខាតដល់សាឡង់បូមខ្សាច់មួយគ្រឿងនៅក្នុងខេត្តកោះកុងកាលពីឆ្នាំមុន សុទ្ធតែបានបង្ហាញវីដេអូកាលពីម្សិលមិញ  ដោយមានទាំងការគាំទ្រផងនិងប្រឆាំងផងចំពោះហេតុការណ៍ដែលបានកើតឡើង។

សកម្មជនទាំងនេះដែលមានឈ្មោះសីុម សំណាង អាយុ២៩ឆ្នាំ ទ្រី សុវិជ្ជា អាយុ២៦ឆ្នាំ និង សាន់ ម៉ាឡា អាយុ២៤ឆ្នាំ សុទ្ធតែជាសមាជិកអង្គការមាតាធម្មជាតិ ហើយត្រូវបានចាប់ខ្លួនកាលពីខែសីហា ពាក់ព័ន្ធយុទ្ធនាការ របស់ពួកគេដើម្បីបញ្ឈប់ការបូមខ្សាច់ខុសច្បាប់នៅក្នុងខេត្តកោះកុងដែលប្រជាពលរដ្ឋ មូលដ្ឋានបន្ទោសថា បានបំផ្លាញបរិមាណត្រី។

ក្រោយមក ពួកគេត្រូវបានចោទប្រកាន់ពីបទគំរាមថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ បន្ទាប់ពីពួកគេបានឡើងលើសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន Direct Access ហើយប្រាប់កម្មករបូមខ្សាច់ថា ខ្លួននឹងដុតបំផ្លាញសាឡង់នោះចោលប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាពបូមខ្សាច់ទេនោះ ។

អំឡុងថ្ងៃទី២នៃការបើកសវនាការជំនុំជម្រះទោសរបស់ពួកគេនៅសាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញ ភ័ស្តុតាងជាវីដេអូត្រូវបានបង្ហាញដោយព្រះរាជអាជ្ញា និងមេធាវីការពារក្តី នេះបើយោងតាមលោក អិុន គង់ចិត្រ មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការ។

លោក អិុន គង់ចិត្រ បានថ្លែងថា រូបភាពវីដេអូរបស់ព្រះរាជអាជ្ញាដែលថតដោយក្រុមហ៊ុន  Direct Access  “បង្ហាញថា សកម្មជនទាំងបីនាក់នេះបានចូលរួមការតវ៉ាជាមួយអ្នកភូមិដោយស្រែកឡូឡាច្រងេងច្រងាងដាក់ក្រុមហ៊ុន”។

លោកបានបន្ថែមថា “ព្រះរាជអាជ្ញារង អីុវ ត្រាយ បានសន្និដ្ឋានថា សកម្មជនទាំងបីនាក់នេះ ពិតជាមានពិរុទ្ធភាព ពីព្រោះពួកគេបានឡើងលើសាឡង់ ហើយបំផ្លាញទ្រព្យសម្បត្តិ ព្រមទាំងបានគំរាមក្រុមហ៊ុនទៀតផង”។

សម្រាប់ភាគីរបស់សកម្មជនវិញ មេធាវីការពារចុងចោទបានចាក់វីដេអូដែលបង្ហាញថា សកម្មជនបានតវ៉ាដោយសន្តិវិធី ដោយលោក អិុន គង់ចិត្រ បានលើកឡើងថា “ពួកគេមិនបាននាំគ្នាទៅគំរាមក្រុមហ៊ុនដូចការចោទប្រកាន់ទេ”។លោកបន្ថែមថា “សកម្មជនទាំងបីនាក់នេះបានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ ហើយដោះលែងពួកគេមកវិញ ពីព្រោះពួកគេមិនបានធ្វើអ្វីខុសទេ”។

លោក ហម សុ៊នរិទ្ធ មេធាវីរបស់សកម្មជនទាំងនេះដែលអង្គការសិទ្ធិការងារ Central បានផ្តល់ឲ្យនោះ បានលើកឡើងថា ក្រុមហ៊ុន Direct Access ទាមទារសំណង១០០.០០០ដុល្លារពីកូនក្តីរបស់លោក ដោយសារបានបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ប៉ុន្តែ ថា លោកមិនដឹងថា តើសកម្មជនទាំងនេះត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យខូចខាតអ្វីឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់តុលាការថា កូនក្តី របស់ខ្ញុំក្រណាស់ ហេតុ ដូច្នេះគ្មានប្រាក់បង់សំណងទេ ហើយកូនក្តីរបស់ខ្ញុំមិនបានធ្វើអ្វីខុសឡើយ”។

កាលពីខែមីនា សាលាដំបូងខេត្តនេះបានលើកលែងការចោទប្រកាន់ពាក់ព័ន្ធបទសមគំនិតដែលដាក់បន្ទុកលើស្ថាបនិកពីររូបរបស់អង្គការមាតាធម្មជាតិ តែទោះជាយ៉ាងណា ការចោទប្រកាន់ពីបទដដែលនេះលើសហស្ថាបនិក អាឡិចចាន់ដ្រូ ហ្គនហ្សាឡេស ដេវីដសុនជនជាតិអេស្ប៉ាញនៅតែរក្សាដដែល។ លោក អាឡិច កំពុងនៅបរទេសនៅឡើយចាប់តាំងពីរដ្ឋាភិបាលបានបណ្តេញលោកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុន បន្ទាប់ពីបដិសេធមិនព្រមបន្តទិដ្ឋាការរបស់លោក ដោយសារលោកជាប់ពាក់ព័ន្ធនឹងយុទ្ធនាការរបស់អង្គការមាតាធម្មជាតិប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅខេត្តកោះកុង។

លោក អីុវ ត្រាយ ដែលជាព្រះរាជអាជ្ញារង បានលើកឡើងទៀតថា សាលក្រមនៅក្នុងសំណុំរឿងបូមខ្សាច់នេះនឹងត្រូវប្រកាសនៅថ្ងៃសុក្រ ប៉ុន្តែ លោកបានបដិសេធមិនឆ្លើយសំណួរអំពីការបើកសវនាការកាលពីម្សិលមិញឡើយ។ ក្រុមមន្ត្រីតុលាការផ្សេងៗទៀតមិនអាចទាក់ទងបានទេ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស