35 C
Phnom Penh

រដ្ឋាភិបាល៖ របាយការណ៍​​​​​​​​ស្ដីពី​​​លិខិត​​​​​​​អនុញ្ញាត​​​ឲ្យ​នាំ​ចេញ​ឈើ​​​គ្រញូង​​ដាក់​ទៅ​ UN ​គឺ​ក្លែង​​​​​​​​ក្លាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលអះអាងថា ខ្លួនមិនបានចេញលិខិតអនុញ្ញាតសម្រាប់ការនាំចេញឈើគ្រញូងសូម្បីតែមួយ ចាប់តាំងពីខ្លួនព្រមព្រៀងរឹតបន្តឹងច្បាប់ថ្មីសម្រាប់ការជួញដូរឈើដ៏កម្រនេះ ហើយនិយាយថា ខ្លួននឹងស៊ើបអង្កេតលើមូលដ្ឋានទិន្នន័យគ្រប់គ្រងដោយអង្គការសហប្រជាជាតិដែលលើកឡើងផ្ទុយពីការពិត។

ចាប់តាំងពីខែមីនា ឆ្នាំ២០១៣មក បណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិជិតផុតពូជ ហៅកាត់ថា CITES ត្រូវបានតម្រូវឲ្យចេញលិខិតអនុញ្ញាតពិសេសរាល់ពេលនាំចេញឈើគ្រញូង ឈើអាររួច ឬបន្ទះក្ដារ។ ដើម្បីអនុម័តលើលិខិតអនុញ្ញាតនេះ ប្រទេសទាំងនោះត្រូវធានាថា ការនាំចេញនឹងមិនប៉ះពាល់ដល់ឱកាសរស់រានរបស់រុក្ខជាតិ។

យោងតាមមូលដ្ឋានទិន្នន័យដែលអង្គការសហប្រជាជាតិប្រើប្រាស់ដើម្បីតាមដានការជួញដូរ CITES បង្ហាញថា កម្ពុជាបាននាំចេញឈើគ្រញូងជាង៨.២០០ម៉ែត្រគូបក្នុងឆ្នាំ២០១៣ និង២០១៤ ជាឆ្នាំចុងក្រោយដែលមានទិន្នន័យ ហើយស្ទើរតែទាំងអស់នៃឈើទាំងនោះត្រូវបាននាំចេញទៅវៀតណាម។ យោងតាមទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានហៅកាត់ថា EIA មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលកាលពីសប្ដាហ៍មុនបានចេញផ្សាយរបាយការណ៍មួយស្តីពីការនាំចេញឈើគ្រញូងគួរឲ្យសង្ស័យពីប្រទេសកម្ពុជា និងឡាវ មូលដ្ឋានទិន្នន័យដដែលបង្ហាញថា ចិន និងវៀតណាម បាននាំចូលឈើពីកម្ពុជាជាង១២.០០០ម៉ែត្រគូបក្នុងរយៈពេលដូចគ្នានេះ។

ឈើដែលភាគច្រើននាំចេញទៅចិន ដើម្បីបំពេញតម្រូវការគ្រឿងសង្ហារិមប្រណីតដែលមានតម្លៃខ្ពស់របស់ប្រទេសនេះ ប្រហែលជាលក់បានរាប់រយលានដុល្លារ។

យោងតាម EIA បានឲ្យដឹងថា កម្ពុជានិងឡាវមិនដែលធ្វើការវាយតម្លៃលើការផ្គត់ផ្គង់ឈើគ្រញូងរបស់ខ្លួនទេ ដែលធ្វើឲ្យពួកគេពិបាកកំណត់ថា តើការនាំចេញទាំងនោះធ្វើឲ្យប៉ះពាល់ដល់ឱកាសរស់របស់បរិមាណឈើ ហេតុដូច្នេះហើយការផ្ដល់លិខិតអនុញ្ញាតណាមួយដែលពួកគេបានចេញគឺជាការបំពានច្បាប់ CITES។

ទោះជាយ៉ាងណា ចាប់តាំងពីរបាយការណ៍របស់ EIA ត្រូវបានបញ្ចេញមក លោក ទី សុគន្ធ ប្រធានអាជ្ញាធរគ្រប់គ្រង CITES របស់រដ្ឋាភិបាលបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានចេញលិខិតអនុញ្ញាត CITES ណាមួយដើម្បីនាំចេញឈើគ្រញូងទេចាប់តាំងពីច្បាប់នេះបានចូលជាធរមានកាលពីឆ្នាំ២០១៣មក។

លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្មមានប្រសាសន៍ថា លោកក៏មិនបានដឹងពីការវាយតម្លៃណាមួយទៅលើបរិមាណឈើគ្រញូងរបស់ប្រទេសដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកតំណែងលោក ទី សុគន្ធ ជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងនេះកាលពីឆ្នាំ២០១២ ចំពោះការមិនទប់ស្កាត់ការកាប់ឈើខុសច្បាប់យ៉ាងរាលដាលនៅទូទាំងប្រទេស។

បណ្ដាអង្គការការពារបរិស្ថានបានលើកឡើងថា ការកាប់ឈើខុសច្បាប់រាប់ទសវត្សរ៍បានធ្វើឲ្យបរិមាណឈើគ្រញូងក្នុងប្រទេសកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង ឬស្ទើរតែរងការបំផ្លាញទាំងស្រុង ហើយថា ការកាប់ឈើខុសច្បាប់ដែលហៀរចូលដល់ក្នុងប្រទេសថៃ ជួយបន្តឲ្យការជួញដូរនេះរស់រាន។

លោក សួន ផល្លា មន្ត្រីមួយរូបនៅអាជ្ញាធរគ្រប់គ្រង CITES របស់កម្ពុជាថ្លែងថា លិខិតអនុញ្ញាតណាមួយដែលអនុម័តការនាំចេញឈើគ្រញូងពីប្រទេស គឺសុទ្ធតែក្លែងក្លាយ។

លោកបានលើកឡើងតាមសារអេឡិចត្រូនិកថា “ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៣ រហូតមកទល់ពេលនេះ គណៈគ្រប់គ្រង CITES របស់កម្ពុជាមិនដែលបានចេញលិខិតអនុញ្ញាតណាមួយសម្រាប់ការនាំចេញឈើគ្រញូងទៅកាន់ប្រទេសណាមួយទេ ក្នុងនោះរួមមានទាំងប្រទេសវៀតណាមផង។ ឈើទាំងអស់ត្រូវបាននាំចេញដោយខុសច្បាប់។ ប្រសិនបើលិខិតអនុញ្ញាត CITES ណាមួយត្រូវបានប្រើប្រាស់ វាប្រាកដជាលិខិតអនុញ្ញាតក្លែងក្លាយ។ អាជ្ញាធរគ្រប់គ្រង CITES នៅកម្ពុជានឹងបញ្ជាក់ពីបញ្ហានេះជាមួយលេខាធិការដ្ឋានរបស់ CITES នៅក្នុងទីក្រុងហ្សឺណែវ”។

ទោះជាយ៉ាងណា យោងតាមមជ្ឈមណ្ឌលឃ្លាំមើលការអភិរក្សពិភពលោក (World Conservation Monitoring Center) មានមូលដ្ឋាននៅចក្រភពអង់គ្លេស របស់កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិបានឲ្យដឹងថា តួលេខនាំចេញទាំងនេះផ្អែកលើរបាយការណ៍ផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗ។

លោកស្រី បេកឃី ប្រាយស៍ (Becky Price) មន្ត្រីជំនួយការកម្មវិធីរបស់មជ្ឈមណ្ឌលខាងលើនេះបានមានប្រសាសន៍ថា ប្រទេសនានាត្រូវរាយការណ៍អំពីការនាំចូល និងការនាំចេញសត្វ និងរុក្ខជាតិជិតផុតពូជទាំងអស់ដែលមានចែងនៅក្នុង CITES ម្តងក្នុង១ឆ្នាំ។ ប៉ុន្តែលោកស្រីថ្លែងថា បញ្ជីបង់លេខនៃលិខិតអនុញ្ញាតទាំងអស់ គឺជាឯកសារសម្ងាត់ ហើយលោកស្រីមិនដឹងថា របាយការណ៍ទាំងនោះត្រូវបានពិនិត្យមើលដោយអនុលោមតាមច្បាប់របស់ CITES ឬយ៉ាងណាទេ។

លោក ចាហ្គោ វែដលី (Jago Wadley) អ្នកធ្វើយុទ្ធនាការព្រៃឈើជាន់ខ្ពស់របស់ EIA បានមានប្រសាសន៍ថា ទីភ្នាក់ងាររបស់លោកមានការប្រយ័ត្នប្រយែងចំពោះភាពត្រឹមត្រូវនៃការអះអាងអំពីការនាំចេញឈើរបស់រដ្ឋាភិបាល ដោយពន្យល់ថា មានការត្រួតពិនិត្យឯករាជ្យតិចតួចណាស់លើការជួញដូរដែលអនុសញ្ញារបស់អង្គការសហប្រជាជាតិមានបំណងគ្រប់គ្រង។

លោកបានថ្លែងបន្តថា “ជាអកុសល CITES ពឹងផ្អែកលើភាគីសមាជិករបស់ខ្លួនឲ្យអនុវត្តច្បាប់របស់ខ្លួន ក្នុងនោះរួមមានទាំងអ្នកនាំចេញ និងអ្នកនាំចូលផងដែរ។ បើពួកគេមិនអនុវត្ត CITES ក៏បរាជ័យដែរ។ ប្រទេសសំខាន់ៗដែលពាក់ព័ន្ធក្នុងការមិនអនុវត្តតាមនេះមានដូចជា ឡាវ កម្ពុជា វៀតណាម និងចិន ដែលរវាងគ្នាធ្វើសកម្មភាពទិញលក់ឈើគ្រញូងស្ទើរតែទាំងអស់នៅក្នុងពិភពលោក”។

ក្នុងរបាយការណ៍របស់ខ្លួន EIA ជំរុញឲ្យលេខាធិការដ្ឋានរបស់ CITES ស៊ើបអង្កេតលើការចោទប្រកាន់របស់ខ្លួនមកលើកម្ពុជា ហើយផ្អាកការជួញដូរទាំងអស់ដោយប្រទេសទាំងនេះពាក់ព័ន្ធនឹងអនុសញ្ញានេះ ប្រសិនបើត្រូវបានបញ្ជាក់។

លោក ចាហ្គោ វែដលី បានមានប្រសាសន៍ថា លេខាធិការដ្ឋានធ្លាប់បានដាក់បម្រាមផ្អាកការជួញដូរទៅលើប្រទេសឡាវ ហើយលោកសង្ឃឹមថា បេសកកម្មតាមការគ្រោងទុកទៅកាន់ប្រទេសឡាវ នឹងជួយលាតត្រដាងការរំលោភបំពានដែលកំពុងបន្តកើតមាន។

ទិន្នន័យជួញដូររបស់ CITES សម្រាប់ឆ្នាំ២០១៥ មិនទាន់មានទេ។ ទោះជាយ៉ាងណា យោងតាមទិន្នន័របស់គយវៀតណាម ដែលអង្គការមិនមែនរដ្ឋាភិបាល Forest Trends ទទួលបានបង្ហាញថា កម្ពុជា បានបន្តនាំចេញឈើគ្រញូងរាប់ពាន់ម៉ែត្រគូបទៅកាន់ប្រទេសនេះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦៕សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស