30 C
Phnom Penh

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​មន្ត្រីម្នាក់​ឱ្យ​ជាប់ពន្ធនាគារ​១០ឆ្នាំពីបទ​បាញ់សម្លាប់​មេភូមិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ដែលអះអាងថា បានការពារខ្លួនក្នុងការបាញ់សម្លាប់មេភូមិ កូនប្រុសនិងចៅប្រុសរបស់គាត់ពាក់ព័ន្ធជម្លោះរឿងបង់ប្រាក់៥០ដុល្លារនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុននោះ ត្រូវបានផ្ដន្ទាទោសកាលពីម្សិលមិញឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។

cam-photo-village-chief-channaលោក កែវ សុវណ្ណរិទ្ធ អាយុ២៧ឆ្នាំ ជាអនុសេនីយត្រីផ្នែកសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទបាញ់សម្លាប់លោក ជុក ឡាយ អាយុ៦២ឆ្នាំ កូនប្រុស និងចៅប្រុសរបស់គាត់បន្ទាប់ពីមេភូមិរូបនេះបានប៉ះទង្គិចពាក្យសម្ដីជាមួយខ្លួនអំពីការមិនបានប្រមូលលុយដែលត្រូវការសម្រាប់យកទៅជួសជុលភ្លើងបំភ្លឺតាមផ្លូវ។

លោក សុវណ្ណរិទ្ធ បាននិយាយទៅកាន់អ្នកយកព័ត៌មានខណៈពេលត្រូវបានអនុញ្ញាតឲ្យចេញពីសាលសវនាការបន្ទាប់ពីលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានចេញសាលក្រមថា ការផ្ដន្ទាទោសនេះ “គឺធ្ងន់ធ្ងរណាស់ បង។ វាជាករណីកើតឡើងដោយអចេតនាតែប៉ុណ្ណោះ”។

អំពើមនុស្សឃាតអាចត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី១០ឆ្នាំដល់១៥ឆ្នាំ។ អំឡុងសវនាការជំនុំជម្រះកាលពីថ្ងៃទី២៥ ខែឧសភា លោក សុវណ្ណរិទ្ធ បានអះអាងថា លោកបានការពារខ្លួនកាលពីថ្ងៃទី១៦ ខែធ្នូ ដោយបាញ់សំដៅអ្នកទាំងបី បន្ទាប់ពីពួកគេបានយកដាវមកកាប់ខ្លួនដោយសាររឿងប្រមូលប្រាក់បានតែពាក់កណ្ដាលនៃប្រាក់៥០ដុល្លារ ដែលមេភូមិរូបនេះប្រាប់ឲ្យប្រមូលពីអ្នកជិតខាង។ លោកបាននិយាយថា លោកបានព្រមានមេភូមិរូបេនះ កូនប្រុសរបស់គាត់ឈ្មោះ ប៊ុន លឿន អាយុ២៨ឆ្នាំ និងចៅប្រុសរបស់គាត់ឈ្មោះ ឡាយ រិទ្ធី អាយុ១៨ឆ្នាំម្តងហើយម្តងទៀតមុនពេលបាញ់។

ទោះជាយ៉ាងណា លោក ហោ លីណា ព្រះរាជអាជ្ញារងបានលើកឡើងថា បើទោះជាលោក សុវណ្ណរិទ្ធ ត្រូវបានគេកាប់ដោយប្រើដាវក៏ដោយ ក៏ការបាញ់សម្លាប់អ្នកទាំងបីដោយកាំភ្លើងខ្លីបែបនេះវាហួសពីការការពារខ្លួនដែរ។

លោក ហោ លីណា បានមានប្រសាសន៍អំឡុងសវនាការថា “យោងតាមច្បាប់ ការការពារខ្លួនតាមផ្លូវច្បាប់ត្រូវតែស្មើគ្នាជាមួយកម្លាំងម្ខាងទៀត”។

ថ្លែងតាមទូរស័ព្ទបន្ទាប់ពីប្រកាសសាលក្រមកាលពីម្សិលមិញ លោក ម៉ក់ ប៊ុណ្ណា មេធាវីតំណាងលោក សុវណ្ណរិទ្ធ មានប្រសាសន៍ថា ការផ្ដន្ទាទោសនេះគឺធ្ងន់ធ្ងរណាស់ ពីព្រោះកាំភ្លើងខ្លីគឺជាអាវុធតែមួយគត់ដែលកូនក្ដីរបស់លោកមាននៅពេលនោះ។

លោក ម៉ក់ ប៊ុណា បានមានប្រសាសន៍ថា “វាមិនយុត្តិធម៌សម្រាប់កូនក្ដីរបស់ខ្ញុំទេ ព្រោះកូនក្ដីរបស់ខ្ញូំបានប្រើការការពារខ្លួនតាមផ្លូវច្បាប់តែប៉ុណ្ណោះ។ នៅពេលនោះបើកូនក្ដីរបស់ខ្ញុំមិនមានអាវុធដើម្បីបាញ់ទេនោះ ម៉្លេះអ្នកដែលត្រូវស្លាប់ អាចជាកូនក្ដីរបស់ខ្ញុំ”។

លោក ម៉ក់ ប៊ុណ្ណា មានប្រសាសន៍បន្ថែមថា លោកនឹងពិភាក្សាជាមួយកូនក្ដីរបស់លោកថា តើត្រូវប្ដឹងឧទ្ធរណ៍ឬយ៉ាងណា៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស