ប្រឈមនឹងលោក និល ណុន ប្រធានអង្គជំនុំជម្រះជាមួយនឹងការសម្លឹងមើលសឹងតែភ្ញាក់ផ្អើលនាព្រឹកថ្ងៃច័ន្ទ លោក កាំង ហ្កេកអ៊ាវ បានក្រឡេកមើលទៅឆ្វេងដៃ ងើបឈរ ហើយដើរចេញយ៉ាងស្ងៀមស្ងាត់ពីបន្ទប់សវនាការសាលាក្តីខ្មែរក្រហម ជាអ្វីដែលនឹងស្ទើរតែប្រាកដជាពេលវេលាចុងក្រោយ។
វាបានដល់ទីបញ្ចប់នៃការផ្តល់សក្ខីកម្មរយៈពេល១២ថ្ងៃពីអតីតមេគុក ដែលមានឈ្មោះបដិវត្តន៍របស់គាត់ហៅថា ឌុច ជាងបួនឆ្នាំចាប់តាំងពីគាត់បានឡើងសវនាការចុងក្រោយក្នុងការជំនុំជម្រះដំបូងលើលោក នួន ជា បងធំទី២ខ្មែរក្រហម និងប្រមុខរដ្ឋ ខៀវ សំផន។ ប្រាំពីរឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីការចាប់ផ្តើមការជំនុំជម្រះ ឌុច ដែលជាលទ្ធផល ឌុច ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ត្រឡប់មកកាន់តុលាការវិញ មានសុខភាពទន់ខ្សោយជាងនៅពេលដែលគាត់បានបង្ហាញមុខចុងក្រោយជាសាធារណៈ ហើយមានសក់ស្កូវកោរអស់ មិនប្រើពេលយូរទេសម្រាប់អតីតមេគុករូបនេះ ដើម្បីចាប់ផ្តើមរ៉ាយរ៉ាប់អំពើឃោរឃៅដែលបានប្រព្រឹត្តឡើងក្រោមការមើលខុសត្រូវរបស់គាត់នៅមន្ទីរស-២១ ជាកន្លែងដែលមានមនុស្សច្រើនជាង១៥.០០០នាក់ត្រូវគេគិតថា ត្រូវបានគេបញ្ជូនឲ្យទៅស្លាប់នៅទីនោះ។
ហើយ ឌុច មិនបានឲ្យខាតពេលទេ ដោយចង្អុលទៅ “ពូ នួន” ចំពោះតួនាទីរបស់គាត់ក្នុងឧក្រិដ្ឋកម្មទាំងនេះ។
ឌុច បាននិយាយនៅថ្ងៃទី១នៃការផ្តល់សក្ខីកម្មរបស់គាត់ នៅពេលដែលលោកដេល ឡៃសាក់ (Dale Lysak) ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញានៅសាលាក្តីខ្មែរក្រហមសួរទាក់ទិននឹងការអះអាងរបស់ នួន ជា ថា ក្នុងនាមជាអនុប្រធានរបស់ ប៉ុល ពត គាត់ “មិនដែលបានទទួលខុសត្រូវ” ចំពោះឧក្រិដ្ឋកម្មនៅស-២១នោះ ថា “ខ្ញុំភ្ញាក់ផ្អើលចំពោះការបដិសេធរបស់ ពូ នួន”។
ឌុច បាននិយាយថា “គ្រប់គ្នាត្រូវគោរពគោលការណ៍បក្ស ដែលសម្រេចដោយលេខាបក្ស និងអនុលេខាបក្ស។ នេះជាមាគ៌ាអង្គការ ដូច្នេះការបដិសេធរបស់គាត់គឺគ្មានន័យ”។
នេះនឹងកំណត់បានជារបៀបនិយាយសម្រាប់ការផ្តល់សក្ខីកម្មផ្សេងទៀតរបស់ ឌុច។ មេគុករូបនេះបានដាក់ការបន្ទោសលើលោក នួន ជា ចំពោះឧក្រិដ្ឋកម្មជាច្រើន ក្នុងនោះមានទាំងការបញ្ជាឲ្យ”ដុតសម្លាប់”ជនបស្ចិមប្រទេសបួននាក់ និងគ្រួសារទាំងមូលរបស់កម្មាភិបាលដែលត្រូវបោសសម្អាត គឺត្រូវតែ “កម្ទេចចោល”។
ក្នុងសវនាការដែលព្រះរាជអាជ្ញាបានខំប្រឹងបង្ហាញការទាក់ទងផ្ទាល់រវាងឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅនឹងកន្លែងនិងការសម្រេចធ្វើឡើងដោយថ្នាក់លើរបស់របបនេះ ឌុច បាននិយាយម្តងហើយម្តងទៀតអំពីការរាយការណ៍ទៅ នួន ជា និងការអនុវត្តតាមបញ្ជារបស់គាត់។ ទោះបីជាការផ្តល់សក្ខីកម្មរបស់គាត់លើ លោក ខៀវ សំផន មានតិចតួចក៏ដោយ ក៏ ឌុច បានចំអកចំពោះការអះអាងដែលថាប្រមុខដ្ឋរូបនេះមិនបានដឹងអំពីការសម្លាប់ដ៏ច្រើនដែលធ្វើឡើងដោយខ្មែរក្រហម។
ថ្វីបើមានសភាពរាងកាយមិនសូវមាំមួនក៏ដោយ ក៏ឌុច នៅតែសកម្មនិងផ្តោតយកចិត្តទុកដាក់ក្នុងសវនាការដែរ។ នៅពេលដែលផ្តល់ការឆ្លើយតបស៊ីជម្រៅនិងគួរពិចារណា ប្រសិនបើជួនកាលឲ្យចម្លើយស្មុគស្មាញនោះ គាត់ក៏អាចផ្តល់នូវចម្លើយខ្លីនិងតបតវិញ នៅពេលដែលទទូចសួរដោយមេធាវីការពារក្តី។
ទោះជាមានហេតុផលច្រើនក្រាស់ក្រែលដែលលើកមកពិភាក្សារួចហើយ ពោលគឺម៉ាស៊ីនសម្លាប់ជាប្រព័ន្ធដែលជាមន្ទីរស-២១ និងបណ្តាញបញ្ជាតគ្នាដ៏តឹងរ៉ឹងរបស់របបនេះក៏ដោយ ក៏លោក ឡៃសាក់ បាននិយាយថា ការផ្តល់សក្ខីកម្មរបស់ ឌុច គឺ “ចាំបាច់និងជាពេលដ៏សំខាន់” ក្នុងសវនាការដែលបាននាំមកនូវភ័ស្តុតាងសំខាន់ថ្មី។
លោកបាននិយាយតាមរយៈអីុម៉េលថា “ខ្ញុំគិតថា វាសំខាន់ណាស់…ដែលប្រធាននៃក្បាលម៉ាស៊ីនសន្តិសុខ [បក្សកុម្មុយនិស្តកម្ពុជា] បានច្រានចោលថាមិនគួរឲ្យជឿសោះចំពោះការរួមគំនិតនិងទ្រឹស្តីរដ្ឋប្រហាររបស់ក្រុមការពារ នួន ជា”។
“វាជាកិច្ចការរបស់ ឌុច ជាប្រធានមន្ទីរស-២១ ដើម្បីបង្ហាញពីការគំរាមសន្តិសុខដែលអាចមានចំពោះរបបនេះ ហើយគាត់អាចយល់បានយ៉ាងឆាប់រហ័សថា ឈ្មោះនិងសេចក្តីលម្អិតក្នុងសេចក្តីដកស្រង់ខ្លីៗអំពីការរួមគំនិតដែលដាក់ឲ្យគាត់ដោយមេធាវីការពារ គឺមិនត្រឹមត្រូវនោះទេ”។
ការយល់ឃើញនេះត្រូវបានឆ្លើយបដិសេធដោយលោក វីកទ័រ កូប៉េ (Victor Koppe) មេធាវីការពារក្តីរបស់ នួន ជា ដែលបានចូលរួមក្នុងការឆ្លើយឆ្លងក្តៅគគុកច្រើនលើកច្រើនសាជាមួយ ឌុច ដោយបានចោទប្រកាន់មេគុករូបនេះ ថាបានប៉ុនប៉ងបំផ្លិចបំផ្លាញសំណុំរឿងកូនក្តីរបស់លោក និងបានបំភាន់តុលាការដោយចេតនា។
លោក កូប៉េ បាននិយាយក្នុងសារអុីម៉េល ដោយសំដៅទៅលើមេបញ្ជាការភូមិភាគឧត្តរ ដែលផ្តល់ចម្លើយសារភាពដោយបង្ខិតបង្ខំដល់អ្នកសួរចម្លើយមន្ទីរស២១មុននឹងស្លាប់នៅក្នុងគុកថា “មែនហើយ គាត់បានព្យាយាមយ៉ាងប្រុងប្រយ័ត្នមិនឆ្លើយសំណួរខ្ញុំទាក់ទងនឹងការបះបោរនិងការទាស់ទែងផ្ទៃក្នុង។ ហើយ [សភាជំនុំជម្រះ] ក៏ឲ្យគាត់រួចពីការឆ្លើយដែរ។ តាមពិត គាត់បានដឹងអំពីគម្រោងរដ្ឋប្រហាររបស់ កុយ ធួន និងអ្នកផ្សេងទៀត។ គឺមានទាំងអស់ក្នុងចម្លើយសារភាព”។
លោក គ្រេក អេតឈីសុន ដែលធ្វើជាប្រធានស៊ើបអង្កេតក្នុងការិយាល័យសហព្រះរាជអាជ្ញានៅឯតុលាការខ្មែរក្រហមអស់រយៈពេលប្រាំមួយឆ្នាំ បានមានប្រសាសន៍ថា ទោះបីជាមានការសារភាពរបស់គាត់ក៏ដោយ ក៏សក្ខីកម្មរបស់ ឌុច ដែលស្ថិតនៅក្នុងសវនាការទាំងបីលើក គឺផ្តល់នូវពន្លឺថ្មីតិចតួចទាក់ទិននឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម។
លោក អេតឈីសុន បាននិយាយក្នុងសារអុីម៉ែលថា “មានករណីលើកលែងគួរឲ្យគត់សម្គាល់មួយ បានស្ថិតនៅក្នុងសេចក្តីរៀបរាប់របស់គាត់អំពីការសន្ទនាផ្សេងៗដែលគាត់និយាយថា គាត់បាននិយាយជាមួយមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ រួមទាំង [រដ្ឋមន្ត្រីការបរទេស] សុន សេន នួន ជា និង ខៀវ សំផន”។
លោកបាននិយាយថា “សេចក្តីរៀបរាប់ទាំងនេះផ្តល់នូវការយល់ឃើញក្នុងបណ្តាញការងារខាងក្នុងរបស់របបនេះ ដែលទោះជាយ៉ាងណាក៏ដោយមិនអាចទាក់ទងបានទេ”។
មិនដូចគ្នានឹងកម្មាភិបាលថ្នាក់កណ្តាលផ្សេងទៀត ដែលហាក់ដូចជាគេចវេះ និងលាក់គំនិត នៅពេលដែលបង្ហាញឲ្យឃើញភ័ស្តុតាងដែលភ្ជាប់ពួកគេទៅនឹងឧក្រិដ្ឋកម្មនោះ ឌុច គឺមានការសហការគ្រាន់បើ និងមិនលាក់លៀមក្នុងសវនាការទាំងបី ដោយទទួលស្គាល់នូវឧក្រិដ្ឋកម្មសាហាវយង់ឃ្នង ហើយក៏បានសុំទោស។
លោក ធារី គ្រូវេលលីយេ អ្នកកាសែតជនជាតិបារាំង ដែលនិពន្ធសៀវភៅមានចំណងជើងថា “មេសារភាព” បន្ទាប់ពីយកព័ត៌មានអំពីសវនាការរបស់ ឌុច បាននិយាយថា ទោះបីវាជាការប៉ាន់ស្មានក្នុងការប៉ុនប៉ង ដើម្បីវិភាគទៅលើផ្នត់គំនិតរបស់ ឌុច ក៏ដោយ ក៏លោកជឿថាទំនងជាមានកម្រិតមួយនៃការគណនាចំពោះសេចក្តីស្មោះត្រង់របស់គាត់។
លោក គ្រូវេលលីយេ បាននិយាយក្នុងសារអុីម៉ែលថា “អ្វីដែលតែងតែជារឿងគួរឲ្យព្រួយបារម្ភក្នុងករណីរបស់ ឌុច គឺថា គាត់បានទទួលស្គាល់នូវឧក្រិដ្ឋកម្មរបស់គាត់យ៉ាងពិសេសតាំងពីពេលដែលគេរកគាត់ឃើញក្នុងឆ្នាំ១៩៩៩មកម្លេះ។ រឿងនេះនឹងគាំទ្រគំនិតដែលថា ការសារភាពទោសកំហុសរបស់គាត់ គឺបានធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលខ្លះដែរ”។
យកព័ត៌មានអំពីសាលាក្តីអន្តរជាតិទាំងអស់នាពេលបច្ចុប្បន្នស្តីពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លោក គ្រូវេលលីយេ បាននិយាយថា ឌុច គឺមានលក្ខណៈលើកលែងដែលអាចចូលជួបថ្នាក់ដឹកនាំខ្មែរក្រហមបាន។
លោកបាននិយាយថា “បើប្រៀបធៀបទៅនឹងឧក្រិដ្ឋជនសង្គ្រាមជាច្រើនដែលបានសារភាពឧក្រិដ្ឋកម្មរបស់ខ្លួននៅក្នុងតុលាការឧក្រិដ្ឋកម្មសង្គ្រាមនាពេលសហសម័យនេះ ឌុច មានលក្ខណៈពិសេសឯកជាងគេដោយយល់ដឹងស៊ីជម្រៅចំពោះប្រព័ន្ធភេរវកម្មដែលគាត់បានបម្រើ ហើយមានសិទ្ធិចូលជួបផ្ទាល់នឹងសមាជិកជាន់ខ្ពស់បីបួននាក់ទៀតរបស់របបនេះ។ គាត់ក៏មានបញ្ញាយល់ដឹងជ្រៅជ្រះ និងវិភាគទៅលើមនោគមវិទ្យាដែលគាត់ប្រកាន់យកដែរ។
លោកបាននិយាយបន្ថែមថា “ចំពោះអ្នកដែលមិនដែលស្ថិតនៅក្នុងកាលៈទេសៈប្រវត្តិសាស្ត្ររបស់កម្ពុជានាទសវត្សរ៍ឆ្នាំ១៩៧០ និងដែលមិនបានកើតក្នុងវប្បធម៌ខ្មែរនោះ ខ្ញុំអាចនិយាយថា ឌុច ពិតជាបានផ្តល់នូវការឆ្លុះបញ្ចាំងស៊ីជម្រៅដ៏កម្រទៅលើថាតើយើងជាមនុស្សលោកមានដំណើរការយ៉ាងណា ក្នុងពេលដែលជាប់នៅក្នុងមហាឃាតកម្ម”។
លោក ប៊ូ ម៉េង ដែលត្រូវជាប់គុកនៅមន្ទីរស២១ ប៉ុន្តែ មានជីវិតរស់នៅដោយសារតែអាចគូររូប ប៉ុល ពត បានមានប្រសាសន៍ថា លោកមិនជឿថា ឌុច មានវិប្បដិសារីចំពោះឧក្រិដ្ឋកម្មដែលគាត់មើលការខុសត្រូវលើទេ។
លោក ម៉េង បាននិយាយថា “វាមិនជាបញ្ហាថា គាត់បានសារភាពចំពោះការប្រព្រឹត្តឧក្រិដ្ឋកម្មច្រើនជាងមេដឹកនាំខ្មែរក្រហមដទៃទៀតទេ។ ខ្ញុំនៅតែមិនទុកចិត្តថា គាត់ពិតជាសម្តែងនូវវិប្បដិសារីពិតប្រាកដទេ”។
លោក យុ ឆាង នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា លោកជឿថា សេចក្តីស្មោះត្រង់របស់ ឌុច គឺកើតចេញពីការមានសង្ឃឹមថា ថ្ងៃណាមួយគាត់នឹងមានសេរីភាព។
លោក ឆាង បានមានប្រសាសន៍ក្នុងសារអីុម៉េលថា “ឌុច បានសារភាពច្រើន សហការច្រើន ចែករំលែកក៏ច្រើនដែរ ពីព្រោះវាជាលក្ខខណ្ឌផ្លូវច្បាប់ ដើម្បីកាត់បន្ថយទោសរបស់គាត់ ហើយគាត់ប្រហែលជាសង្ឃឹមថា គាត់អាចឈានដល់ចំណុចមួយដែលមានសេរីភាព”។
លោកបានមានប្រសាសន៍ថា “ខ្ញុំចង់ឲ្យតុលាការបញ្ជាឲ្យគាត់អានចម្លើយសារភាពទាំងអស់នៅមន្ទីរស២១រហូតដល់គាត់ស្លាប់”៕(រាយការណ៍បន្ថែមដោយ គុច ណារ៉េន) និត