កាលពីថ្ងៃច័ន្ទ លោក វីលៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានដើរឆ្លងកាត់ទ្វាររបស់ហាង Domino’s Pizza នៅក្នុងសង្កាត់បឹងកេងកង១ ដែលជាតំបន់រីកចម្រើនយ៉ាងឆាប់រហ័សក្នុងរាជធានីភ្នំពេញហើយត្រូវបានស្វាគមន៍ដោយបុគ្គលិក ដែលឈរទះដៃអបអរសាទរជារាងពាក់កណ្តាលរង្វង់។
នៅក្នុងវីដេអូមួយបង្ហោះនៅលើគេហទំព័រយូធូបដោយគេហទំព័រព័ត៌មានក្នុងស្រុកថ្មីៗ បុគ្គលិកជនជាតិខ្មែរបាននាំគ្នាទះដៃព្រមៗគ្នាជាច្រើនដងអមដោយការស្រែកឡើងថា ” Have more pizza! Have more fun!” ខណៈឯកអគ្គរដ្ឋទូតរូបនេះបានញញឹមដាក់ក្រុមបុគ្គលិកទាំងនេះមួយភ្លែត។

ក្រោយមកឯកអគ្គរដ្ឋទូតរូបនេះបានដោះអាវធំរបស់ខ្លួនចេញ រួចពាក់អាវចុងភៅជំនួសវិញ បន្ទាប់មកបានដើរទៅពីក្រោយបញ្ជរជាកន្លែងដែលបុគ្គលិកនៅក្នុងហាងនេះបានប្រាប់លោកអំពីរបៀបធ្វើភីហ្សាដែលទិញសិទ្ធិពីសហរដ្ឋអាមេរិកហើយក្រោយមកទៀតបានប្រាប់លោកអំពីរបៀបដាក់ចំណិតសាច់ (pepperoni) លើភីហ្សា ។
លោក វីលៀម ហេដ បាននិយាយដោយធ្វើត្រាប់តាមតុងអីុតាលីថា “Voila, នេះជាភីហ្សារបស់ខ្ញុំ”។ ហើយបន្ទាប់មកបុគ្គលិកបាននាំគ្នាទះដៃហើយស្រែកឡើងម្តងទៀតខណៈឯកអគ្គរដ្ឋទូតរូបនេះដើរចេញពីកន្លែងចម្អិនមកវិញ។
យោងតាមស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ព្រឹត្តិការណ៍អន្តរវប្បធម៌នេះបាន ប្រារព្ធធ្វើឡើងថ្ងៃទី១នៃសប្តាហ៍ភោជនីយដ្ឋានអាមេរិក (American Restaurant Week) ជាព្រឹត្តិការណ៍មួយត្រូវបានបង្កើតឡើងដើម្បី”នាំយកមុខម្ហូបផ្សេងៗរបស់សហរដ្ឋអាមេរិកមកកាន់សង្គមកម្ពុជា” តាមរយៈការផ្សព្វផ្សាយនៅភោជនីយដ្ឋានចំនួន២០ក្នុងរាជធានីភ្នំពេញមុនថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែកក្កដា។
ព្រឹត្តិការណ៍នេះដែលគេផ្តោតសំខាន់ទៅលើភោជនីយដ្ឋាន Hawaiian គ្រប់គ្រងដោយជនជាតិជប៉ុនដែលមានជំនាញខាងធ្វើហតដក (Hotdog) និងហាង Tex-Mex taqueria គ្រប់គ្រងដោយប្តីប្រពន្ធដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកនោះ បង្ហាញអំពីការបូករួមបញ្ចូលគ្នាដែលសាធារណជនទទួលស្គាល់យ៉ាងឆាប់រហ័ស ខណៈវប្បធម៌វិជ្ជាធ្វើម្ហូបរបស់សហរដ្ឋអាេមរិកកំពុងឈានជើងសាជាថ្មីចូលមកក្នុងរាជធានី ដែលកំពុងមានការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។ ហើយការចូលរួមទិញសិទ្ធិនេះបង្ហាញពីការរស់ឡើងវិញនៃវប្បធម៌អាមេរិកក្រោយសាកលភាវូបពាណិជ្ជកម្ម ក្នុងនោះមានដូចជាហាង Swensen’s ជាហាងការ៉េមត្រូវបានបង្កើត ឡើងក្នុងឆ្នាំ១៩៤៨ក្នុងទីក្រុងសាន ហ្វ្រានស៊ីស្កូ ដែលឥឡូវមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកាណាដា និងដែលនៅសេសសល់តែ៣ហាងប៉ុណ្ណោះក្នុងសហរដ្ឋអាមេរិក ប៉ុន្តែ មានហាងរាប់សិបបានពង្រីកខ្លួនទូទាំងតំបន់អាស៊ី។
Krispy Kreme ជាហាងដូណាត់ដែលបច្ចុប្បន្នក៏មាននៅរាជធានីភ្នំពេញដែរនោះត្រូវបានបង្កើតឡើងនៅរដ្ឋ ណស ការ៉ូឡាយណា មុនពេលល្បីសុះសាយទូទាំងភាគអាគ្នេយ៍សហរដ្ឋអាេមរិក ហើយបន្ទាប់មកបានល្បីទូទាំងពិភពលោក ប៉ុន្តែ ឥឡូវេនះធនាគារវិនិយោគអាល្លឺម៉ង់គ្រោងនឹងទិញយកហើយ។
នៅឯហាង Dairy Queen ដែលមានមូលដ្ឋាននៅក្រុងមីនីអ៊ែរប៉ូលីស និងដែលមានសាខាស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ ភ្នែករបស់អ្នកគ្រប់គ្រងអាយុ២៤ឆ្នាំម្នាក់ឈ្មោះ នាក់ សីហាបានបាញ់ឆ្ពោះទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ខណៈគាត់អញ្ជើញឯកអគ្គរដ្ឋទូតរូបនេះចូលមើលនៅក្នុងហាងនេះកាលពីថ្ងៃច័ន្ទ។
លោក សីហា បាននិយាយកាលពីម្សិលមិញ ខណៈហតដក កំពុងតែវិលយឺតៗនៅលើម៉ាស៊ីនចម្អិនពីក្រោយគាត់ថា “គាត់បានរៀនលាយការ៉េម…[និង] សេវា ព្រមទាំងរបៀបប្រាស្រ័យទាក់ទងជាមួយអតិថិជន។ ខ្ញុំគិតថាគាត់គឺជាមនុស្សល្អ ព្រោះគាត់និយាយសុភាពរាបសា ហើយចិត្តល្អខ្លាំងណាស់”។
លោក សីហា បានលើកឡើងទៀតថា គេបានយកម្ហូបរបស់សហរដ្ឋអាមេរិកមកទទួលរូបគាត់អំឡុងពេលទៅលែងផ្ទះរបស់មិត្តភក្តិជនជាតិអាមេរិកាំងម្នាក់ក្នុងរាជធានីភ្នំពេញ។
លោកបានថ្លែងថា “ពេលខ្ញុំទៅមើលបាល់ទាត់ គាត់តែងតែយកការ៉េម ហតដក និងភេសជ្ជមកទទួលខ្ញុំ។ អាហារអាមេរិកាំងឆ្ងាញ់ណាស់”។
ទោះជាយ៉ាងណា លោក សីហា បានលើកឡើងថា អាហារអាមេរិកដែលលោកចូលចិត្តទៅញាំុ គឺ ហតដក និងការ៉េមនៅហាង Dairy Queen ។
លោក វៀល ប្រោន ដែលគ្រប់គ្រងហាង Lone Pine ហើយប្រពន្ធជនជាតិខ្មែររបស់លោកគ្រប់គ្រងហាង Taqueria Corona ជាហាង ដែលសុទ្ធតែបានចូលរួមក្នុងសប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាេមរិកដែរនោះ បាននិយាយការពារការបញ្ចូលម្ហូបម្យ៉ាងឈ្មោះ taqueria នៅក្នុងព្រឹត្តិការណ៍នេះ។ លោកបានលើកឡើងថា ម្ហូបម៉ិកស៊ីកូត្រូវបាននាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយក្រោយមកប្តូររស់ជាតិតាមម្ហូបអាមេរិក រួចនាំចេញទៅក្រៅប្រទេស។
លោកបានមានប្រសាសន៍ថា នៅសហរដ្ឋអាមេរិក “មានភោជនីយដ្ឋានម៉ិកស៊ីកូគ្រប់ផ្សារ និងគ្រប់ផ្សារដែលតម្រៀបគ្នាជាជួរតាមដងផ្លូវ។ ឥឡូវនេះវាល្បីទូទាំងប្រទេសនិងទូទាំងពិភពលោក។ មានហាងម៉ិកស៊ីកូនៅទៅក្រុងឡុងដ៍ ប៉ារីស … និងគ្រប់ទីកន្លែង”។
ដោយមានបទពិសោធន៍ប្រហែល៤០ឆ្នាំនៅក្នុងរបបរកស៊ីផ្នែកភោជនីយដ្ឋានៅក្នុងទីក្រុងញូវយ៉ក និងភ្នំពេញ លោក វៀល ប្រោន បាននិយាយថា បញ្ជីរាយនាមមុខម្ហូបរបស់ហាង Lone Pine ឆ្លុះបញ្ចាំងអំពីឥទ្ធិពលនៃវប្បធម៌ម្ហូបសហរដ្ឋអាមេរិក ក្នុងនោះរួមមានដូចជាម្ហូប gumbo ដែលគេនិយមចូលចិត្តទទួលទានខ្លាំងជាដើម។
លោកបានថ្លែងថា “ខ្ញុំទទួលបានសៀវភៅធ្វើម្ហូបពីភោជនីយដ្ឋានរបស់លោក” [នៅក្នុងក្រុង ញូវ អ័រលីនស៍] តាមអីុនធឺណិត។ ពលរដ្ឋមកពីរដ្ឋ លូអីុសីុអាណា និងមកពីញូវអ័រលីនស៍ សុទ្ធតែនិយាយថា gumbo ឆ្ងាញ់ណាស់ វាល្បីដល់ប្រទេសក្រៅ”។
ប៉ុន្តែ មិនមែនសុទ្ធតែមនុស្សគ្រប់គ្នារំភើបចំពោះការខិតខំប្រឹងប្រែងរបស់ស្ថានទូតអាមេរិកក្នុងការផ្សព្វផ្សាយសិទ្ធិចែកចាយទូទាំងពិភពលោក ដែលជំនាញខាងធ្វើការ៉េមទឹកដោះគោ មាន់បំពង និងប៊័រហ្គ័រនោះឡើយ។
លោក ម៉ូរីត វែន ផេល ជនជាតិហូឡង់និងជាប្រធានអង្គការមិនមែនរដ្ឋាភិបាលឈ្មោះ MoPo Tsyo Patient Information Center បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា “វាគួរឲ្យសោកស្តាយណាស់។ មុខម្ហូបប្រពៃណីខ្មែរមានរសជាតិ និងផ្តល់ប្រយោជន៍ដល់សុខភាពជាង”។ លោកបានបន្ថែមថា សត្វល្អិតដែលជាអាហារដ៏ពេញនិយមនៅកម្ពុជាកំពុងតែត្រូវបានចាត់ទុកជាប្រភពប្រ៊ូតេអីុននៅថ្ងៃអនាគតនៅលោកខាងលិច។
លោកបានបន្ថែមទៀតថា “យើងកំពុងតែជំនួសអតីតកាលដោយអនាគតកាល”។
លោក ជេ រ៉េមែន អ្នកនាំពាក្យស្ថានទូតអាមេរិកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានឧបត្ថម្ភកម្មវិធីអាហារូបត្ថម្ភទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ប៉ុន្តែ ថាសប្តាហ៍ភោជនីយដ្ឋាន “ដ៏សប្បាយរីករាយ” នេះមិនមែនជាពេលដែលត្រូវនិយាយអំពីក្តីព្រួយបារម្ភពាក់ព័ន្ធអាហារូបត្ថម្ភឡើយ។
លោកបានលើកឡើងក្នុងអីុម៉េលមួយថា “ខ្ញុំតែងតែត្រងត្រាប់តាមដំបូន្មានរបស់ម្តាយខ្ញុំដែលថា អ្វីៗទាំងអស់ត្រូវតែមានការប្រមាណ”។
ត្រឡប់ទៅកាន់ហាង Domino’s Pizza វិញ កាលពីថ្ងៃអង្គារ សិស្សសាលាអន្តរជាតិ Hope International School ដែលមានឈ្មោះប្រាយអែន គីម អាយុ១៧ឆ្នាំ និងឈ្មោះ ចាស្ព័រ ថ បានទទួលទានសាច់ភីហ្សាដែលមានស្រោចទឹកម៉ាយ៉ូណេ(mayonnaise)ពីលើ។ ប័ណ្ណផ្សព្វផ្សាយដែលនៅលើតុពួកគេបានផ្សព្វផ្សាយអំពីភីហ្សាសាច់ជ្រូកថ្មី។
សិស្ស ប្រាយអែន គីម បាននិយាយថា “ខ្លួនចូលចិត្តម្ហូបអាមេរិកគឺ “ប៊ឺហ្គ័រ និងប៊ឺហ្គ័រយក្ស” ហើយថា ចំណង់ចំណូលចិត្តរបស់ខ្លួនគឺ “អ្វីៗដែលមានសាច់ពីលើ [ប៉ុន្តែ] មិនមែន pepperoni ទេ។ ខ្ញុំមិនចូលចិត្តpepperoni ហ្នឹងទេ”។
នៅឯតុមួយទៀត និស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រម្នាក់ឈ្មោះ គុណ រិទ្ធី អាយុ២១ឆ្នាំបានលើកឡើងថា ខ្លួនទាយថា ហាង Domino’s Pizza និងអាហារនៅក្នុងហាងនេះនឹងនៅតែមានវត្តមានរហូត។
និស្សិតរូបនេះនិយាយថា “ពលរដ្ឋខ្មែរតែងតែចូលចិត្ត ប្រេន (យីហោ) មកពីអាមេរិក”៕ ស៊ុយឈាង