ក្រុមមន្ត្រីនិយាយថា អនុសេនីយ៍ឯកយោធាដែលមានការងារក្រៅបន្ថែមជាសន្តិសុខនៅផ្សារសុរិយាម៉ល ក្នុងក្រុងភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីព្រឹកម្សិលមិញ បន្ទាប់ពីបានដកកាំភ្លើងអាម៉េភ្ជង់សន្តិសុខដូចគ្នាពេលមានជម្លោះ។
លោក គីម ឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បាននិយាយថា លោក ស៊ុំ វ៉េង អាយុ៤៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅម៉ោងប្រហែល១រំលងអធ្រាត្រក្នុងខណ្ឌដូនពេញ បន្ទាប់ពីកម្លាំងអាវុធហត្ថបានឆ្លើយតបនឹងសេចក្ដីរាយការណ៍ថា មានជនប្រដាប់អាវុធម្នាក់គំរាមបាញ់ប្រធានសន្តិសុខពេលយប់នៅផ្សារនោះ។
យោងតាមលោក គីម ឡេង បានឲ្យដឹងថា សាក្សីជាច្រើនបានប្រាប់នគរបាលថា ក្រោយពីមានជម្លោះមួយប្រាវ លោក វ៉េង ដែលជាប្រធានសន្តិសុខផ្សារនៅពេលថ្ងៃ បានដកកាំភ្លើងកា៥៤ពីចង្កេះ ហើយបានអាម៉េគំរាមបាញ់លោក អុីន ពៅ អាយុ៣៧ឆ្នាំ។
លោកនិយាយថា “យើងមិនប្រាកដថា ជនសង្ស័យជាយោធា ឬនគរបាល ព្រោះយើងមិនអាចសួរគាត់បានសោះ”។ លោកពន្យល់ថា គេបាននាំជនសង្ស័យទៅស្នាក់ការកងរាជអាវុធហត្ថតែម្ដងដើម្បីសាកសួរ។
ទោះជាយ៉ាងនេះក្ដី យោងតាមរូបថតបង្ហោះតាមអុីនធឺណិតដោយបណ្ដាញព័ត៌មានក្នុងស្រុកកាលពីម្សិលមិញ អត្តសញ្ញាណប័ណ្ណរបស់លោក វ៉េង ប្រាប់ឲ្យដឹងថា គាត់ជាអនុសេនីយ៍ឯកក្នុងកងអន្តរាគមន៍៥១១របស់ក្រសួងការពារជាតិ។ ប័ណ្ណសម្គាល់ខ្លួនដែលចុះហត្ថលេខាដោយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេដាក់បង្ហាញលើតុក្បែរលិខិតអនុញ្ញាតប្រើកាំភ្លើង កាំភ្លើងខ្លី និងបង់គ្រាប់។
ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លោក អុិត សុវណ្ណ អ្នកនាំពាក្យកងយោធពលខេរមភូមិន្ទ និងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិសុទ្ធតែមិនអាចទាក់ទងបានទាំងអស់។
កាលពីឆ្នាំ២០១១ លោក កែប ជុតិមា កាលនោះជាអភិបាលក្រុងបានដាក់បម្រាមលើនគរបាល និងយោធាដែលមានការងារទី២ជាសន្តិសុខនៅភោជនីយដ្ឋាន និងក្លឹបរាត្រីក្នុងក្រុងភ្នំពេញ បន្ទាប់ពីមានការបាញ់ស្លាប់ដោយមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលធ្វើការនៅក្លឹបមួយក្នុងខណ្ឌទួលគោក។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននិយាយថា លោកមិនបានដឹងអំពីហេតុការណ៍កាលពីម្សិលមិញទេ ហើយមិនបានដឹងថាតើបម្រាមលើទាហាន និងកងសន្តិសុខដែលធ្វើការជាសន្តិសុខឯកជននៅអនុវត្តទៀត ឬយ៉ាងណាទេ។
លោក សេម ធឿង អ្នកគ្រប់គ្រងហ្គោលដិនសុរិយាម៉ល បាននិយាយថា លោកមិនបានដឹងអំពីប្រវត្តិការងាររបស់លោក វ៉េង ទេ ហើយលោកបាននិយាយបន្ថែមថា គាត់ទើបត្រូវបានគេជួលប្រហែល១ខែមុននេះ។
លោកបាននិយាយថា “ខ្ញុំមិនដឹងមូលហេតុដែលអ្នកទាំងពីរឈ្លោះគ្នាទេ មុននេះពួកគេធ្វើការជាមួយគ្នាបានយ៉ាងល្អ”។ លោកបាននិយាយទៀតថា សាក្សីបានប្រាប់លោកថា លោក វ៉េង និងមិត្តភក្ដិបីនាក់ស្រវឹងស្រាពេលមកដល់ផ្សារនេះ៕ និត