នៅក្នុងរយៈពេល២៤ម៉ោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកព្យួរ និងបន្ទាប់មកបានប្រគល់តួនាទីឲ្យវិញដល់ឧត្តមសេនីយ៍ផ្កាយ៣ បម្រើការនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបានស្តីបន្ទោសមន្ត្រីនគរបាលចរាចរម្នាក់ដែលឃាត់លោកឲ្យឈប់ដោយសារមិនគោរពភ្លើងស្តុបកាលពីដើមសប្តាហ៍នេះ។
កាលពីថ្ងៃច័ន្ទ មន្ត្រីនគរបាលចរាចរម្នាក់ ឈ្មោះ សូត្រ កញ្ញា បានបង្ហោះវីដេអូចូលក្នុងទំព័រហ្វេសប៊ុកដែលបង្ហាញឲ្យឃើញពីការឈ្លោះគ្នារវាងខ្លួន និងឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា អគ្គនាយករងនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីខ្លួនបានឃាត់មន្ត្រីរូបនេះឲ្យឈប់ដោយសារបើកមិនគោរពភ្លើងស្តុបក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃនោះ។

នៅក្នុងវីដេអូនោះ គេឃើញឧត្តមសេនីយ៍ ឯក ម៉ម ស្រីុមវណ្ណា និយាយទូរស័ព្ទទៅកាន់ថ្នាក់លើរបស់មន្ត្រីចរាចររូបនេះ ដោយរអ៊ូប្រាប់អំពីហេតុការណ៍ដែលលោកត្រូវបានឃាត់ឲ្យឈប់ ហើយបាននិយាយសំដៅដល់មន្ត្រីនគរបាលចរាចររូបនេះដោយប្រើពាក្យអសុរសថា “អា” ។
គេបានឮឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា បាននិយាយថា “ហួសស្តុបម៉ោ វាបត់ម៉ោអាប៉ូលិសចរាចរម្នាក់ឃើញឡានធំវាឲ្យទៅ វាអត់ចាប់ឡានធំ។វានិយាយថា ‘ខ្ញុំមិនចង់ចាប់ឡានធំទេ ខ្ញុំចង់ចាប់ឡានបងឯង'”។
បន្ទាប់ពីដាក់ទូរស័ព្ទចុះមន្ត្រីរូបនេះបានងាកសំដៅទៅរក លោក សូត្រ កញ្ញា ហើយនិយាយថា “ហ្អែងអត់ស្គាល់បងទេ”។
លោក សូត្រ កញ្ញា បានឆ្លើយតបបែបពន្យុះ។ លោកបាននិយាយមុនពេលឧត្តមសេនីយ៍ឯករូបនេះ និងអ្នកបើករថយន្តត្រឡប់ចូលរថយន្តម៉ាកតូយ៉ូតា RAV4 របស់ខ្លួន ហើយបើកចេញទៅថា “អាឡូវ ខ្ញុំគ្រាន់តែចង់ប្រាប់បងឯងប៉ុណ្ណេះទេ ខ្ញុំជាមន្ត្រីថ្នាក់ក្រោមទេ បើបងឯងចង់ប្រាប់ដកខ្ញុំចេញក៏បានដែរ។ ខ្ញុំសុខចិត្តទទួលកំហុសខ្ញុំ បងឯងដកខ្ញុំចេញតាហ្មងទៅ បើជ្រុលថាបានតេហើយនោះ ខ្ញុំកូនមន្ត្រីប៉ូលិសតូចទេ”។
នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកលោក សូត្រ កញ្ញា បានពន្យល់ពីហេតុការណ៍ដែលទីបំផុតលោកត្រូវបានព្យួរពីអង្គភាពក្រោយពេល ឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា ហៅទូរស័ព្ទរួច ហើយបានអំពាវនាវឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយខ្លួន។
នៅពេលរំលងអធ្រាត្រឈានចូលព្រឹកម្សិលមិញ លោក ហ៊ុន សែន បានបង្ហោះវីដេអូនេះលើទំព័រហ្វេសប៊ុករបស់លោក អមដោយសារប្រកាសថា លោកបានចុះអត្ថលេខាលើអនុក្រឹត្យដក ឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា ចេញពីតំណែងហើយ។
លោកនាយករដ្ឋមន្ត្រីបានសរសេរថា “ខ្ញុំបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្តាប់សាចុះសាឡើងនូវការនិយាយរបស់ ឧត្តមសេនីយ៍រូបនេះ។ពាក្យ(អាប៉ូលិសចរាចរ) ជាពាក្យមិនត្រឹមតែប្រមាថមើលងាយថ្នាក់ក្រោមតែប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ននគរបាលទាំងមូល”។
លោកបានសរសេរបន្ថែមថា “ខ្ញុំអត់មានជម្រើសឲ្យល្អក្រៅពីសម្រេចចិត្តទាំងការឈឺចាប់ និងសោកស្តាយដើម្បីដកតំណែង និងឋានន្តរស័ក្តិ ព្រមទាំងបណ្តេញគាត់ចេញពីមន្ត្រីនគរបាលប៉ុណ្ណោះ”។
ទោះជាយ៉ាងណា ក្រោយមកនៅពេលព្រឹកលោក នាយករដ្ឋមន្ត្រីបានលើកឡើងថា លោកបានកែសម្រួលការសម្រេចចិត្ត ហើយថា ឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា នឹងត្រូវដកពីតំណែង ប៉ុន្តែអនុញ្ញាតឲ្យធ្វើការនៅក្រសួង មហាផ្ទៃ។ លោក ហ៊ុន សែន បានសរសេរថាឧត្តមសេនីយ៍រូបនេះនឹងត្រូវផ្តល់តួនាទីផ្សេងប្រសិនបើលោក “ទទួលស្គាល់កំហុស” ។
បន្ទាប់មកនៅម៉ោងប្រហែល៦ល្ងាចលោក ហ៊ុន សែន បានបង្ហោះរូបភាព៦សន្លឹក ស្តីពីឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា និងលោក សូត្រ កញ្ញា ចាប់ដៃគ្នា អមដោយសារដែលសរសេរថា ករណីនេះត្រូវបានដោះស្រាយហើយ ហើយថា មន្ត្រីទាំងពីររូបនេះគ្មាននរណាបាត់បង់ការងារទេ។
លោក ហ៊ុន សែន បានសរសេរដោយគ្មានការពន្យល់ថា តើកំហុសអ្វីដែលមន្ត្រីនគរបាលចរាចររូបនេះបានប្រព្រឹត្តនោះថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានដឹងថា ឧត្តមសេនីយ៍ ម៉ម ស្រីុមវណ្ណា និងអនុសេនីយ៍ សូត្រ កញ្ញា បានជួបគ្នាហើយទទួលស្គាល់កំហុសរៀងៗខ្លួន ព្រមទាំងប្តេជ្ញាចិត្តកែប្រែកសាងខ្លួនឲ្យក្លាយជាមន្ត្រីល្អ ដើម្បីបម្រើប្រទេសជាតិ”។
ដោយសំដៅដល់គោលនយោបាយឈ្នះឈ្នះដែលលោកធ្លាប់បានប្រើប្រកបដោយជោគជ័យដើម្បីស្រោចស្រង់សន្តិភាពជូនប្រទេសជាតិក្នុងទសវត្សរ៍ ១៩៩០ នោះ លោកបានសរសេរបន្ថែមថា “នេះជាការប្រែក្លាយពីស្ថានភាពចាញ់ចាញ់ ដែលមានកន្លងមកទៅជាស្ថានភាពឈ្នះ ឈ្នះ នៅប៉ុន្មានម៉ោងមុននេះ”។
ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ ឧត្តមសេនីយ៍ឯករូបនេះ បានលើកឡើងម្តងទៀតអំពីការអត់ឱនឲ្យរបស់លោកនាយករដ្ឋមន្ត្រី។
លោកមានប្រសាសន៍ថា “សូមអរគុណដល់សម្តេច [ហ៊ុន សែន] ដែលបានដោះស្រាយបញ្ហាដោយប្រើគោលនយោបាយ ឈ្នះឈ្នះ”។
លោក ចេវ ហាក់ ប្រធាននគរបាលចរាចររាជធានីបានមានប្រសាសន៍ថា “វាចប់ហើយ”។ លោកក៏បានបដិសេធមិននិយាយបន្ថែមដែរ។ គេនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេកាលពីម្សិលមិញ ថា តើឧត្តមសេនីយ៍រូបនេះត្រូវបង់ប្រាក់ពិន័យចំពោះការមិនគោរពភ្លើងស្តុបឬយ៉ាងណានោះ។
លោក កែម ឡី អ្នកវិភាគនយោបាយបានលើកឡើងថា ហេតុការណ៍ទាំងមូលចង្អុលបង្ហាញឲ្យឃើញពីរបៀបគ្រប់គ្រងរបស់គណបក្សកាន់អំណាច។ លោកបានមានប្រសាសន៍ ថា “នេះគឺជាវប្បធម៌នយោបាយពីថ្នាក់កំពូល ហើយវាមានឥទ្ធិពលលើថ្នាក់ក្រោម។ អ្នកដែលទទួលបន្ទុកបញ្ហានេះគួរតែអគ្គស្នងការនគរបាល បើមិនអ៊ីចឹងក្រសួងមហាផ្ទៃ មិនមែននាយករដ្ឋមន្ត្រីឡើយ។ ពួកគេចាត់វិធានការតាមអារម្មណ៍ មិនមែនតាមវិធានការរដ្ឋបាលទេ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ George Wright)