27 C
Phnom Penh

ខុទ្ទកាល័យ​​​ឧបនាយករដ្ឋមន្ត្រី​​ឱ្យ​ស៊ើប​អង្កេត​​​ការ​ជ្រៀត​ជ្រែក​ករណី​បៀត​បៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខុទ្ទកាល័យលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានស្នើឲ្យស៊ើបអង្កេតអ្នករិះគន់រដ្ឋាភិបាលម្នាក់ដែលបានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានជួយធ្វើមាតុភូមិនិវត្តមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំមួយរូប ដែលបានបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែភាសាម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ពីព្រោះមន្ត្រីរូបនេះគឺជាប្រុសកំណាន់របស់លោកជំទាវ ម៉ែន សំអន។

cam-photo-koreaលោក ឆាំ ឆានី ជាសកម្មជនបក្សប្រឆាំងនិយាយឥតសំចៃម្នាក់ដែលរស់នៅក្រៅប្រទេសកម្ពុជាយ៉ាងតិច១ទសវត្សរ៍នោះ បានធ្វើការចោទប្រកាន់នៅក្នុងទំព័រហ្វេស ប៊ុករបស់ខ្លួនដ៏មានប្រជាប្រិយភាពកាលពីថ្ងៃអាទិត្យ ដោយនិយាយថា លោក គ្រី ស៊ាង ឡុង មន្ត្រីក្រសួងអប់រំមួយរូបបានបៀតបៀនស្ត្រីម្នាក់ ពីព្រោះលោកសប្បាយចិត្តដោយបានរួចពីក្រញាំដៃលោកស្រី ម៉ែន សំអន។

លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតាំងពីឆ្នាំ២០០៤ និងជាអ្នកស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃពុធ ខុទ្ទកាល័យក្រសួងបានស្នើឲ្យ ”សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់ វិធានការផ្លូវច្បាប់ដើម្បីស្វែងរកម្ចាស់គណនីខាងលើយកមកផ្ដន្ទាទោសតាមច្បាប់”។

សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ”នេះគឺជាការប្រមាថដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោកជំទាវដែលជាមេដឹកនាំស្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងរដ្ឋាភិបាល ជាសមាជិករដ្ឋសភា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍”។

ការបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យលើកឡើងថា លោកស្រី ម៉ែន សំអន បានស្វែងរកជំនួយពីលោក ហ៊ុន សែន និងកូនប្រុសច្បងរបស់លោកក្នុងការទទួលបានលោក គ្រី ស៊ាងឡុង មកប្រទេសកម្ពុជាវិញបន្ទាប់ពីមន្ត្រីរូបនេះបានបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែភាសាខណៈលោកនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមវេទិកា Asean+3 HRD កាលពីចុងខែឧសភា។

“សារពីមិត្តភក្តិម្នាក់លើកឡើងថា៖ខ្ញុំដឹងថា គ្រី ស៊ាងឡុង មិនអាចមកវិញទេ បើមិនមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និង ហ៊ុន ម៉ាណែត ពីព្រោះកម្ពុជាមិនមានសន្ធិសញ្ញាបត្យាប័នជាមួយកូរ៉េទេ ហើយគ្រី ស៊ាងឡុង ជាប្រុសកំណាន់ជំទាវម្នាក់ ដែលប្ដីទើបស្លាប់”។

សារដដែលនេះបន្តថា “ម៉្លោះហើយលោក ឡុង នេះមិនហា៊នយកស្រីណានៅស្រុកខ្មែរបានទេ អ៊ីចឹងហើយឆ្លៀតពេលមានឱកាសចេញក្រៅ ដូចបានរួចខ្លួនអ៊ីចឹង”។

ទំព័រហ្វេសប៊ុកដដែលនេះមិនបានចេញឈ្មោះលោកស្រី ម៉ែន សំអន ទេ ប៉ុន្តែបានដាក់បញ្ចូលរូបថតលោកស្រី លោក ហ៊ុន សែន លោក ហ៊ុន   ម៉ាណែត   និងលោក គ្រី ស៊ាង ឡុង ។

យោងតាមលិខិតមួយច្បាប់របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងដែលផ្ញើជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា លោក គ្រី ស៊ាងឡុង ត្រូវបានដោះលែងពីកន្លែងឃុំខ្លួននៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី៨ ខែមិថុនាបន្ទាប់ពីក្រសួងអប់រំបានបង់ប្រាក់ពិន័យ និងប្រាក់ប្រដាប់ក្ដីចំនួនជាង១២.០០០ដុល្លារ។

ក្រសួងអប់រំបានអះអាងថា ចាប់តាំងពីពេលនោះមក លោក គ្រី ស៊ាងឡុង ត្រូវបានដកចេញពីតួនាទីរបស់លោក។

នៅក្នុងសារតាមទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ លោក ឆាំ ឆានី ដែលកូនប្រុសរបស់លោក ហ៊ុន សែន បានគំរាមប្ដឹងពីបទបរិហារកេរ្តិ៍កាលពីខែមករាជុំវិញការបង្ហោះសារតាមទំព័រហ្វេសប៊ុកមួយទៀតនោះ បាននិយាយថា លោកមិនខ្លាចការចាប់ខ្លួនឡើយ។

លោកបានបន្ថែមថា “ខ្ញុំសូមផ្ញើសារដល់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលសុបិនចង់ចាប់ខ្លួនខ្ញុំ បំបិទមាត់ខ្ញុំ និងចង់ចាប់ខ្ញុំដាក់គុកថា៖ សុបិនរបស់អ្នកមិនអាចក្លាយជាការពិតឡើយ”៕ សារុន(រាយការណ៍បន្ថែមដោយ Alex Willemyns)          

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស