ការព្យាបាលថ្មីមួយដែលរៀបចំឡើងដើម្បីធ្វើឱ្យអ្នកកើតជំងឺបាក់ស្បាត (PTSD) មានស្មារតីនឹងនឡើងវិញ បានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ ហើយអាចប្រើប្រាស់បានដើម្បី ព្យាបាលប្រមាណ ១ ភាគ ៤ នៃប្រជាជនកម្ពុជា ដែលមានជំងឺផ្លូវចិត្តនេះ នេះបើយោងតាមការសិក្សាថ្មីមួយ។
ការសាកល្បងព្រាវៗទៅលើអ្នកជំងឺបាក់ស្បាតចំនួន ៨៤ នាក់ក្នុងរាជធានីភ្នំពេញ ដែលលទ្ធផលរបស់ពួកគេត្រូវបានចុះផ្សាយក្នុងព្រឹត្តិបត្រ “វិកលចរិតវិទ្យាពិភពលោក” (World Psychiatry) កាលពីខែមុន បានស្ទង់មើលថាតើគម្រោងព្យាបាលមួយដែលត្រូវបានអភិវឌ្ឍឡើងជាពិសេសសម្រាប់កម្ពុជា អាចកាត់បន្ថយរោគសញ្ញាជំងឺនេះបានឬក៏អត់ក្នុងរយៈពេលព្យាបាល៥វគ្គ។
យោងតាមអ្នកនិពន្ធអត្ថបទសិក្សាស្រាវជ្រាវ គ្រីស្ទៀន ស្តេណឺត (Christiane Steinert) ជាអ្នកស្រាវជ្រាវនៅ “គ្លីនិកដើម្បីឱសថផ្លូវចិត្ត និងការព្យាបាលជំងឺផ្លូវចិត្ត” (Clinic for Psychosomatic Medicine and Psychotherapy) នៃសាកលវិទ្យាល័យហ្គីសសេន (Giessen University) ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា អ្នកជំងឺដែលទទួលបានការព្យាបាលមានឈ្មោះថា Rotate (ឆ្លាស់វេន) នេះ “កាត់បន្ថយបានយ៉ាងច្រើននូវរោគសញ្ញានៃជំងឺបាក់ស្បាត” បើប្រៀបធៀបនឹងសមាជិកនៃក្រុមត្រួតពិនិត្យ។
ការសិក្សានេះបានរកឃើញថា ប្រសិនបើមនុស្ស១០០នាក់ទទួលការព្យាបាលថ្មីនេះ មាន៧៥នាក់ក្នុងចំណោមនោះទទួលបានលទ្ធផលវិជ្ជមានជាងការព្យាបាលធម្មតា ជាលទ្ធផលជំរុញលើកទឹកចិត្តសម្រាប់អ្នកស្រាវជ្រាវ។
វេជ្ជបណ្ឌិត គ្រីស្ទៀន ស្តេណឺត បានលើកឡើងតាមរយៈសារអេឡិចត្រូនិកកាលពីម្សិលមិញថា “វាជាវិធីសាស្រ្តព្យាបាលផ្តល់សញ្ញាជោគជ័យមួយដែលអាចអនុវត្តបានយ៉ាងងាយស្រួលនៅក្នុងស្រុក”។
អ្នកជំងឺសាកល្បងត្រូវបានណែនាំឱ្យឆ្លងកាត់ការព្យាបាលចំនួន ៥ វគ្គដឹកនាំដោយអ្នកព្យាបាលកម្ពុជា ដែលបានប្រើប្រាស់វិធីសាស្ត្រនានាដែលរៀបចំឡើងដើម្បីធ្វើឱ្យបណ្តារោគសញ្ញានឹងនជាជាងការព្យាបាលជំងឺបាក់ស្បាត។ ក្នុងករណីខ្លះ ការព្យាបាលនោះរួមមានទាំងការព្យាបាល EMDR ដែលអ្នកព្យាបាលបានភ្ញោចការចងចាំអំពីរឿងតក់ស្លុតបណ្តើរ ខណៈណែនាំអ្នកជំងឺឱ្យឆ្លងការកាត់ធ្វើលំហាត់ចលនាភ្នែក ឬការធ្វើត្រាប់រាងកាយ។
អ្នកជំងឺត្រូវបានធ្វើតេស្តរករោគសញ្ញាជំងឺបាក់ស្បាតនៅមុន និងក្រោយពីការព្យាបាលដោយប្រើប្រាស់កម្រងសំណួរ Havard Trauma Qesitionnaire។
ការសិក្សាឆ្នាំ២០១២-២០១៤ នេះលើកឡើងថា ជម្រើសព្យាបាលសុខភាពផ្លូវចិត្តបច្ចុប្បន្នរបស់កម្ពុជា “មិនគ្រប់គ្រាន់” ប៉ុន្តែនិយាយថា អ្នកព្យាបាលក្នុងស្រុកដែលបានចូលរួមពាក់ព័ន្ធក្នុងការសិក្សាថ្មីនេះ អាចភ្ជាប់ជាមួយអ្នកជំងឺរបស់ពួកគេប្រកបដោយខ្លឹមសារ។ ការសិក្សាដដែលលើកឡើងថា “អ្នកព្យាបាល និងអ្នកជំងឺមានប្រវត្តិវប្បធម៌ស្រដៀងគ្នា ជាកត្តាមួយដែលត្រូវបានចាត់ទុកថាសំខាន់នៅក្នុងការងារព្យាបាលជាមួយអ្នកជំងឺ”។
ការសិក្សាដាច់ដោយឡែកមួយដែលត្រូវបានលើកឡើងក្នុងអត្ថបទនេះប៉ាន់ប្រមាណថា ប្រជាជនកម្ពុជា ជាងពាក់កណ្តាលមានជំងឺសុខភាពផ្លូវចិត្ត។
ការសិក្សាមួយទៀតធ្វើឡើងដោយវិទ្យាស្ថានជាតិសុខភាពផ្លូវចិត្ត (National Institute of Mental Health) របស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០០៥ បានរកឃើញថា ជាង៦០ ភាគរយនៃជនអន្តោប្រវេសន៍កម្ពុជា ដែលរស់នៅក្នុងសហរដ្ឋអាមេរិក បានឆ្លងកាត់រោគសញ្ញានៃជំងឺបាក់ស្បាតក្នុងរយៈពេលមួយឆ្នាំមុននេះ ជាអត្រាមួយដែលខ្ពស់ជាងរោគសញ្ញារបស់ពលរដ្ឋអាមេរិក ១៧ភាគរយដែលវិទ្យាស្ថាននេះបានភ្ជាប់ទៅនឹងបទពិសោធន៍របស់ប្រជាជនកម្ពុជា ក្រោមរបបខ្មែរក្រហម។
ប៉ុន្តែក្នុងចំណោមអ្នកជំងឺក្នុងការសិក្សាថ្មីនេះ មូលហេតុទូទៅបំផុតនៃជំងឺនេះ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ៕ សុខុម