30 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​​ចុះទៅ​កន្លែង​ទំនប់​វារីអគ្គិសនី​ដោយ​ស្នើ​ឱ្យ​អ្នក​ភូមិ​ចាក​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃពុធ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានជួបប្រជុំជាមួយប្រជាជនប្រហែល២០០នាក់មកពីគ្រួសារដែលបដិសេធមិនព្រមបើកផ្លូវសម្រាប់ទំនប់វារីអគ្គិសនីសេសានក្រោម២ដែលកំពុងសាងសង់នៅក្នុងខេត្តស្ទឹងត្រែង ដោយសង្ឃឹមថា នឹងបញ្ចុះបញ្ចូលពួកគាត់ឲ្យទទួលយកការផ្តល់សំណង។

បើទោះជារដ្ឋាភិបាលបានបន្តគម្រោងសម្រាប់អាងស្តុកទឹកដែលនឹងធ្វើឲ្យជន់លិចផ្ទះសំបែងរបស់ពួកគាត់នៅក្នុងស្រុកសេសានក៏ដោយ ក៏គ្រួសារដែលរស់នៅក្នុងតំបន់នេះមិនព្រមទទួលយកសំណងដែលស្នើឡើងគឺដីស្រែទំហំ៥ហិកតានៅកន្លែងផ្សេងក្នុងស្រុកនេះ និងជម្រើសផ្ទះថ្មីមួយខ្នង ឬទឹកប្រាក់៦.០០០ដុល្លារដែរ។

លោក សៀក មេគង្គ មេឃុំស្រែគរបានមានប្រសាសន៍កាលពីម្សិលមិញថា លោករដ្ឋមន្ត្រីបានជួបប្រជុំជាមួយក្រុមអ្នកភូមិនៅវត្តមួយក្នុងមូលដ្ឋាន និងមានការចូលរួមពីលោក គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលក្រុមហ៊ុនរបស់លោកកំពុងសាងសង់ទំនប់វារីអគ្គិ សនីដែលមានកម្លាំង៤០០មេហ្គាវ៉ាត់សហការជាមួយក្រុមហ៊ុន Hydrolancang International Energy របស់ចិន។

លោក សៀក មេគង្គ បានមានប្រសាសន៍ថា “ក្រុមអ្នកភូមិត្រូវតែចាកចេញនៅចុងឆ្នាំ២០១៦នេះ ដូច្នេះពួកគាត់ត្រូវពិចារណាសហការជាមួយអាជ្ញាធរ។ រដ្ឋាភិបាលចង់ដោះស្រាយបញ្ហានេះដោយសន្តិវិធី”។

លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តបានមានប្រសាសន៍ថា អ្នកភូមិប្រហែល៦០០គ្រួសារទៀតនៅក្នុងគម្រោងទំនប់វារីអគ្គិសនីនេះបានយល់ព្រមចំពោះការផ្តល់សំណងរបស់រដ្ឋាភិបាល ហើយថា ពួកគាត់ប្រហែល២០០គ្រួសារបានចាកចេញរួចហើយ។

លោកថ្លែងថា “យើងនឹងព្យាយាមធ្វើការងារនេះជាមួយគ្រួសារដែលមិនទាន់បានព្រមព្រៀងនៅឡើយ ប៉ុន្តែគ្រួសារទាំងនោះត្រូវតែចាកចេញនៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៧ ព្រោះទ្វារទឹកនឹងបិទនៅខែកញ្ញា ឆ្នាំ២០១៧”។

អ្នកស្រី ថា វី ជាគ្រួសារមួយក្នុងចំណោមគ្រួសារមិនទាន់យល់ព្រមដែលបានចូលរួមការប្រជុំកាលពីថ្ងៃពុធ បាននិយាយថា អ្នកស្រីនិងគ្រួសារដទៃទៀតមិនចាប់អារម្មណ៍នឹងការទទូចដោយអង្វររបស់លោក ស៊ុយ សែម ឡើយ។

អ្នកស្រីនិយាយថា “ខ្ញុំសម្រេចចិត្តមិនចាកចេញឡើយ បើទោះជាទឹកជន់លិចក៏ដោយ។ ខ្ញុំនឹកភូមិកំណើត និងដីដូនតារបស់ខ្ញុំ។ បើខ្ញុំទៅកន្លែងផ្សេង ព្រលឹងរបស់ពួកគាត់នឹងដាក់បណ្ដាសាខ្ញុំ ហើយក្រុមគ្រួសាររបស់ខ្ញុំមិនសប្បាយចិត្តឡើយ”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស