27 C
Phnom Penh

សាររបស់ ស៊ូ ជី ចំពោះ​កម្មករ​ចំណាក​ស្រុក​លាន់ឮ​នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលជិតប្រាំបីខែក្រោយពីការទទួលជ័យជម្នះលើការបោះឆ្នោតរបស់អ្នកស្រីនោះ មេដឹកនាំប្រជាធិបតេយ្យភូមា អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីសប្តាហ៍មុនបានធ្វើដំណើរបង្កប់នូវអារម្មណ៍ក្តុកក្តួលទៅកាន់ក្រុងបាងកក ដោយបានជួបជាមួយកម្មករខ្លះៗនៃកម្មករចំណាកស្រុកជាង២លាននាក់ដែលបានភៀសខ្លួនមកកាន់ប្រទេសថៃ ដើម្បីធ្វើជាកម្មករមានកម្រៃទាប។

អ្នកស្រី ស៊ូជី បានប្រាប់កម្មករដែលអ្នកស្រីសង្ឃឹមថា ស្ថានការណ៍នៅក្នុងប្រទេសភូមាគឺល្អប្រសើរយ៉ាងឆាប់រហ័ស ដើម្បីឲ្យពួកគេអាចវិលត្រឡប់មកមាតុភូមិវិញក្នុងពេលឆាប់ៗ ហើយរកការងារនៅទីនោះ ពោលគឺសារមួយនៃសុទិដ្ឋិនិយមដែលមានទិដ្ឋភាពរំភើបចិត្តរបស់កម្មករភូមាដែលប្រមូលផ្តុំគ្នាយំក្រោមតំណក់ភ្លៀង ក្នុងខណៈដែលអ្នកស្រីនិយាយ។

Myanmar Foreign Minister and State Counselor Aung San Suu Kyi speaks during a meeting with migrant workers at the coastal fishery centre of Samut Sakhonសម្តីរបស់អ្នកស្រីក៏បានលើកឡើងពីសំណាក់ទស្សនិកជនដែលមិនគួរឲ្យជឿគឺ អ្នកដែលសកម្មនៅក្នុងទំព័រហ្វេសប៊ុកដែលកំពុងតែរីកដុះដាលនៅកម្ពុជា ដែលសាររបស់អ្នកស្រី ស៊ូជី ត្រូវបានបកប្រែ និងមានខ្លឹមសារយ៉ាងសាមញ្ញថា “តោះយើង ត្រឡប់ទៅផ្ទះយើងវិញ” ហើយដាក់បញ្ចូលនៅលើរូបអ្នកស្រីនិយាយ គឺបានផ្សព្វផ្សាយព្រោងព្រាតយ៉ាងឆាប់រហ័សតាំងពីថ្ងៃសៅរ៍។

មានពលករខ្មែរប្រមាណ៦០០.០០០នាក់ដែលបានចាកចោលគ្រួសាររបស់ខ្លួន ដើម្បីរកការងារធ្វើបានកម្រៃខ្ពស់នៅប្រទេសថៃ ទោះបីជាមានរបាយការណ៍ជារឿយៗថា មានការធ្វើបាប និងលក្ខខណ្ឌការងារមិនល្អនៅតាមព្រំដែនក៏ដោយ ក៏សាររបស់អ្នកស្រី ស៊ូជី ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាបានសរសេរថា “មិនត្រឹមតែជាភាសាររបស់អ្នកដឹកនាំទេ ប៉ុន្តែជាភាសានៃអ្នកម្តាយដែលមានព្រហ្មវិហារធម៌ពិតចំពោះកូនៗ។ មេដឹកនាំប្រភេទនេះមានមិនច្រើនទេ។ ខ្ញុំចង់ឃើញលោកស្រី អ៊ុងសាន ស៊ូជី មកទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់នេះ”។

សាររបស់លោក កុល ដែលបង្ហោះកាលពីថ្ងៃសៅរ៍ជាប់នឹងរូបភាពកម្មករភូមាយំនៅកន្លែងដែលអ្នកស្រី ស៊ូជី និយាយគឺបានទាក់ទាញ “ឡៃ”៥០០០ ហើយចែករំលែក២០០០ដង។ រូបនេះក៏បានជំរុញឲ្យមានការសរសេរសន្ធឹកសន្ធាប់ ដែលភាគច្រើនចាត់ទុកអ្នកស្រី ស៊ូជី ជាមាតាគំរូមួយរូបដែលផ្ទុយគ្នានឹងថ្នាក់ដឹកនាំរបស់កម្ពុជា គឺយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើស្ថានភាពលំបាកលំបិនរបស់ពលករចំណាកស្រុក។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បានសរសេរថា “ពេលខ្ញុំនឹកឃើញដល់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំភូមាដ៏ល្បីល្បាញ មកបបួលកូនរបស់គាត់ពីប្រទេសថៃ ត្រឡប់ទៅផ្ទះគេវិញ បេះដូងខ្ញុំឈឺផ្សាខ្លាំងណាស់ មិនដឹងថ្ងៃណាកូនយើងមានវាសនាត្រឡប់មកផ្ទះវិញដែរ” ។

លោកបានសរសេរថា “ទាំងនេះជាសម្ដីមាសរបស់មេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី ចុះកម្ពុជាវិញ?”

ភាពចាំបាច់របស់យុវជនដែលត្រូវចាកចោលគ្រួសារនិងសហគមន៍របស់ខ្លួន ដើម្បីស្វែងរកប្រាក់កម្រៃសមរម្យនៅក្រៅប្រទេស បានក្លាយជាបញ្ហានយោបាយដ៏សំខាន់ នោះជាបញ្ហាមួយដែលមិនមានការជួយដោយមានការឆ្លើយតបយ៉ឺតយ៉ាវពីមន្ត្រីកម្ពុជា នៅពេលដែលកម្មករត្រូវគេធ្វើបាប។

បញ្ហាត្អូញត្អែរទាក់ទងទៅនឹងភាពអសកម្មរបស់រដ្ឋាភិបាលគឺកាន់តែអាក្រក់ទៅ ដោយមានការលាតត្រដាងថា សាច់ញាតិរបស់មន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់មានក្រុមហ៊ុនខ្លះៗដែលជ្រើសរើសកម្មករខ្មែរឲ្យធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលនៅទីនោះ តាមសេចក្តីរាយការណ៍មានករណីអាក្រក់បំផុតមួយចំនួនបានកើតឡើង។

លោក កុល បានមានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដោយពន្យល់អំពីការអំពាវនាវទូទៅនៃសាររបស់អ្នកស្រីថា “យើងមិនបានឃើញមេដឹកនាំបច្ចុប្បន្នរបស់យើងមានទស្សនដូច ឬមានផ្នត់គំនិតដូច អ៊ុងសាន សូ៊ជី ទេ”។

លោកបាននិយាយថា “មេដឹកនាំបច្ចុប្បន្នរបស់យើងជំរុញឲ្យពលរដ្ឋធ្វើចំណាកស្រុក ហើយមានមោទនភាពដោយអួតថា ជនជាតិខ្មែរដែលទៅធ្វើការនៅបរទេសគឺជំរុញឲ្យមានកំណើនសេដ្ឋកិច្ច”។

លោក កុល បាននិយាយថា លោកជឿថា ប្រាក់បញ្ញើមកពីបរទេសបានជួយក្រុមគ្រួសារក្រីក្រនៅប្រទេសកម្ពុជា ប៉ុន្តែ លោកបានបន្ថែមថា ភាពឈឺចុកចាប់ពីការងារផ្សេងៗ ពោលគឺរងការធ្វើបាបផ្នែកផ្លូវកាយ ឬផ្លូវភេទ មានប្រាក់កម្រៃទាប បង្ខំឲ្យធ្វើការហួសកម្លាំង ឬត្រូវជាប់ពន្ធនាគារ គឺបន្តញាំញីដល់កម្មករ។

លោក កុល បាននិយាយថា “ពលរដ្ឋខ្មែររាប់រយរាប់ពាន់នាក់បានធ្វើចំណាកស្រុកទៅក្រៅប្រទេស ហើយភាគច្រើនត្រូវប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ។ អ្នកខ្លះ ជាពិសេសនៅប្រទេសថៃរងការធ្វើបាប ឬការកេងប្រវ័ញ្ច ហើយនោះជាហេតុដែលភាសារបស់ អ៊ុងសាន ស៊ូជី បានធ្វើឲ្យរំជួលចិត្តដល់បេះដូងជនកម្ពុជា”។

លោក មឿន តុលា ប្រធានក្រុមសិទ្ធិការងារសង់ត្រាល់ បាននិយាយពីប្រទេសម៉ាឡេស៊ី ដែលនៅទីនោះលោកកំពុងធ្វើការទាក់ទងនឹងបញ្ហាអ្នកបម្រើតាមផ្ទះថា “សាររបស់អ្នកស្រីគួរឲ្យរំជួលចិត្តណាស់… ព្រោះគេគ្រប់គ្នាយល់ថា ជាកម្មករចំណាកស្រុក អ្នកមិនទទួលបានការការពារ ហើយក៏ទទួលរងការធ្វើបាបដែរ”។

លោក តុលា បាននិយាយថា ប្រតិកម្មពីសំណាក់ជនកម្ពុជាភាគច្រើន គឺមិនមែនអំពីអ្នកស្រី ស៊ូជី ដែលហៅពលករចំណាកស្រុកឲ្យវិលត្រឡប់មកមាតុភូមិវិញទេ ប៉ុន្តែ គំនិតដែលថា ឱកាសកាន់តែប្រសើរឡើងនៅក្នុងប្រទេសភូមា គឺបណ្តាលឲ្យអ្នកស្រីគំរាមប្រទេសថៃ ដោយសារតែការធ្វើបាបពលករភូមា ដែលជាសសរទ្រូងនៃកម្លាំង ពលកម្មរបស់ប្រទេសអ្នកស្រី។

លោកបាននិយាយថា បញ្ហានេះផ្ទុយគ្នានឹងរដ្ឋាភិបាលកម្ពុជា ដែលកាលពីខែធ្នូបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសម៉ាឡេស៊ី ដើម្បីចាប់ផ្តើមឡើងវិញនូវការនាំអ្នកបម្រើតាមផ្ទះជាជនជាតិខ្មែរទៅកាន់ប្រទេសនោះ ទោះបីជាមានការអះអាងជាបន្តបន្ទាប់ថា មានការធ្វើបាបពីសំណាក់ថៅកែរបស់គេក៏ដោយ។

លោកបាននិយាយបន្ថែមថា “វាពិតជាខុសគ្នាស្រឡះនៅពេលដែល អ៊ុងសាន ស៊ូជី ធ្វើដំណើរទៅប្រទេសថៃ ហើយនិយាយថា ‘មិនអីទេ តោះ នាំគ្នាទៅផ្ទះវិញ’។ សារនេះដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃ ដើម្បីឲ្យផ្តល់ការការពារបន្ថែមទៀតទៅលើសិទ្ធិកម្មករ ព្រោះជំនួញថៃនានាភាគច្រើនពឹងផ្អែកលើពលករចំណាកស្រុកទាំងនេះ”។

លោកបាននិយាយបន្ថែមថា “ប្រសិនបើគេចាកចេញទៅ ហើយខ្មែរក៏ចេញទៅដែរនោះ ជំនួញនានាត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន។ សូម្បីតែខ្ញុំមិនមកពីប្រទេសភូមាក៏ដោយ ប៉ុន្តែ សារនេះគួរឲ្យរំជួលចិត្តខ្លាំងណាស់ ខ្ញុំស្ទើរតែស្រែកយំ ព្រោះវាបង្ហាញថាជាមេដឹកនាំដែលទទួលខុសត្រូវមួយរូប”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ថា លោកមិនគាំទ្រសេចក្តីអំពាវនាវឲ្យពលករចំណាកស្រុកវិលត្រឡប់មកមាតុភូមិវិញទេ ដោយលោកបញ្ជាក់ថា ជនជាតិភូមាភាគច្រើននៅក្នុងប្រទេសថៃ តាមពិតទៅបានភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសរបស់គេ ហើយមិនស្វែងរកការងារល្អៗឡើយ។

លោក ឥសាន បានមានប្រសាសន៍ដោយពន្យល់ថា រដ្ឋាភិបាលកំពុងស្វែងរកយ៉ាងសកម្មនូវទីផ្សារការងារបរទេស ដើម្បីបំពេញការខ្វះខាតឱកាសការងារនៅកម្ពុជាថា “យើងមិនយក អ៊ុងសាន ស៊ូជី ជាគំរូទេ”។

អ្នកនាំពាក្យរូបនេះបាននិយាយថា “គ្រប់ប្រទេសទាំងអស់មានកម្មករចំណាកស្រុកដូចៗតែគ្នាទេ។ យើងស្វែងរកទីផ្សារការងារនៅបរទេសសម្រាប់ពលរដ្ឋយើង ប៉ុន្តែយើងសុំឲ្យប្រជាជនយើងធ្វើការនៅទីនោះដោយស្របច្បាប់”។

លោក ឡា ម៉ាទីន ទីប្រឹក្សាផ្នែកការងារនៅស្ថានទូតកម្ពុជាប្រចាំក្រុងបាងកកបានមានប្រសាសន៍ថា ” ការអំពាវនាវរបស់អ្នកស្រី ស៊ូជីឲ្យកម្មករវិលត្រឡប់មកប្រទេសវិញ គឺមានបំណងយកចិត្តអ្នកគាំទ្រជាច្រើនដែលស្ថិតក្នុងចំណោមពលករចំណាកស្រុកភូមានៅក្នុងប្រទេសថៃ ហើយជារឿងគួរឲ្យសង្ស័យ។

លោកបាននិយាយថា “នេះជាសារនយោបាយរបស់ អ៊ុងសាន ស៊ូជី ព្រោះអ្នកស្រីធ្វើបែបនេះទាក់ទងនឹងផលប្រយោជន៍នយោបាយរបស់គាត់។ ចំណាកស្រុកគឺជាចរន្តធម្មជាតិ។ វាមិនមែនរឿងអាក្រក់ទេ។ អ្វីដែលអាក្រក់គឺប្រសិនបើពួកគេចូលមកដោយខុសច្បាប់”។

លោក ម៉ាទីន បានមានប្រសាសន៍ថា មន្ត្រីកម្ពុជាបានធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីជួយលុបបំបាត់ការធ្វើបាបពលករចំណាកស្រុកពីសំណាក់ជំនួញថៃ ហើយថា លោកមិនអាចរារាំងជនជាតិខ្មែរមិនឲ្យមកធ្វើការទីនោះបានទេ។

លោកបាននិយាយថា “ប្រាក់ខែនៅប្រទេសថៃខ្ពស់ជាងនៅស្រុកខ្មែរ។ នេះជាហេតុដែលពលរដ្ឋចង់មកធ្វើការនៅទីនេះ”។

លោក រស់ សារ៉ាត់ វ័យ៣៦ឆ្នាំ ដែលបានចាកចេញពីស្រុកកំណើតក្នុងខេត្តកំពង់ធំ ដើម្បីរកការងារធ្វើជាអ្នកអ៊ុតខោអាវក្នុងក្រុងបាងកកក្នុងឆ្នាំ២០១១ បាននិយាយថា គាត់ច្រណែននឹងពលករចំណាកស្រុកភូមាដែលរស់នៅប្រទេសថៃដែលមានមេដឹកមាំប្រកបដោយព្រហ្មវិហារធម៌មកសួរសុខទុក្ខពួកគេ។

លោក សារ៉ាត់ បាននិយាយថា “ខ្ញុំគិតថា អ៊ុងសាន ស៊ូជី ចង់ប្រមូលជនជាតិគាត់ទៅស្រុក ហើយធ្វើការក្នុងស្រុកវិញ ព្រោះគាត់មិនចង់ឲ្យជនជាតិគាត់ជួបការលំបាកនៅទីនេះ”។ កម្មករចំណាកស្រុករូបនេះបាននិយាយបន្ថែមថា គាត់ពិតជាចង់ត្រឡប់មកប្រទេសវិញ ប្រសិនបើមានឱកាសការងាររច្រើន។

កម្មកររូបនេះបាននិយាយថា “ខ្ញុំក៏ចង់ឲ្យលោកនាយករដ្ឋមន្ត្រីខ្មែរធ្វើដូចអ្នកស្រីដែរ ប៉ុន្តែខ្ញុំមិនគិតថា មេដឹកនាំរដ្ឋាភិបាលយើងមានសមត្ថភាពជួយប្រជាជនយើងឲ្យរកបានការងារល្អៗ និងជួយក្រុមគ្រួសារយើងបានទេ”៕រើន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស