នគរបាលបានបញ្ឈប់សកម្មភាពរបស់ព្រះសង្ឃដ៏ល្បីមួយអង្គមិនឲ្យចែកចាយអាវ ដែលជំរុញឲ្យជួយការពារ ព្រៃឡង់ នៅផ្ទះសំណាក់ក្នុងខេត្តព្រះវិហារកាលពីព្រឹកថ្ងៃសុក្រ ដោយលើកឡើងថាមិនបានសុំការអនុញ្ញាត សម្រាប់ការជួបជុំគ្នា។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានមានសង្ឃដីកាថា ព្រះអង្គបង្ខំចិត្តចាក់សោនៅក្នុងបន្ទប់ បន្ទាប់ពីសមត្ថកិច្ចបានព្យាយាមចាប់ព្រះអង្គ រីឯមន្ត្រីនគរបាល បុគ្គលិក សិទ្ធិមនុស្ស និងម្ចាស់ផ្ទះសំណាក់ បាននិយាយថា មិនមានការប៉ុនប៉ងចាប់ព្រះសង្ឃទេ។

យោងតាម ព្រះតេជគុណ ប៊ុត ប៊ុនទិញ ព្រះសង្ឃនិងសកម្មជនបរិស្ថានមួយក្រុមបានជួបជុំគ្នានៅផ្ទះសំណាក់ ម្លប់តាសេក ក្នុងក្រុងព្រះវិហារ នៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ដើម្បីជួយព្រះអង្គចែកអាវដែលមាន សរសេរពាក្យថា “យើងរួមគ្នាការពារព្រៃឡង់”។
ព្រះតេជគុណបានមានសង្ឃដីកាថា មិនយូរប៉ុន្មានក្រោយពីការជួបជុំគ្នាបានចាប់ផ្ដើមឡើង មន្ត្រីនគរបាលខេត្ត ប្រហែល២០នាក់បានចូលអគារនោះ។
ព្រះអង្គបានមានសង្ឃដីកាថា នគរបាលបាននិយាយថា ‘ធ្វើអីក៏ដោយ ត្រូវតែធ្វើការសុំការអនុញ្ញាតសិន។ អាត្មា បានប្រាប់ពួកគេថា អាត្មាមិនបានសុំទេ ពីព្រោះគ្មានច្បាប់ណានិយាយអ៊ីចឹងទេ”។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមានសង្ឃដីកាថា នៅពេលព្រះអង្គមិនយកចិត្តទុកដាក់នឹងមន្ត្រីទាំងនោះ ហើយ បន្តចែកអាវ ជម្លោះក៏បានកើតឡើង ហើយព្រះអង្គឡើងជិះឡានត្រឡប់មកភ្នំពេញវិញ។ ប៉ុន្តែ មន្ត្រីពីរនាក់បាន ទាញព្រះអង្គចេញពីឡានមុនពេលព្រះអង្គបញ្ឆេះមាសុីនឡាន។
ព្រះអង្គមានសង្ឃដីកាថា “នៅពេលនោះអាត្មាបាននិយាយថា ‘ហេតុអ្វីចាប់អាត្មា? ពីព្រោះអាត្មាមិនបានធ្វើអ្វី ខុសទេ’។ នគរបាលបាននិយាយថា ពួកគេមិនបានចាប់អាត្មាទេ ប៉ុន្តែគ្រាន់តែនាំខ្លួនអាត្មាទៅប៉ុស្តិ៍នគរបាលប៉ុណ្ណោះ។ បន្ទាប់មកទៀតអាត្មាបាននិយាយថា អាត្មានឹងមិនទៅប៉ុស្តិ៍ នគរបាលទេ។ ភ្លាមនោះបន្ទាប់ពីពួកគេលែងដៃអាត្មា អាត្មាបានរត់ចូលបន្ទប់ផ្ទះសំណាក់”។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមានសង្ឃដីកាថា នៅពេលចាក់សោនៅក្នុងបន្ទប់ ព្រះអង្គបានគង់នៅក្នុងបន្ទប់២ម៉ោង ខណៈដែល សកម្មជនផ្សេងទៀតបានចរចាជាមួយនគរបាល។ ព្រះអង្គមានសង្ឃដីកាថា ព្រះអង្គនិមន្តចេញពីបន្ទប់នៅ ម៉ោង៩និង៤០នាទីព្រឹក បន្ទាប់ពីទទួលបានការធានាថា ព្រះអង្គនឹងមិនត្រូវគេឃាត់ព្រះកាយទេ។
ព្រះតេជគុណ បុ៊ត ប៊ុនទិញ បានមានសង្ឃដីកាថា ស្ថានការណ៍បានធូរស្រាលភ្លាម ហើយក្រុមមន្ត្រីបាន ចាកចេញពីផ្ទះសំណាក់បន្ទាប់ពីផ្តល់ការគាំទ្ររបស់ខ្លួនដល់មូលហេតុរបស់សកម្មជន និងយកអាវមួយចំនួន ដែរ។
ព្រះអង្គមានសង្ឃដីកាថា “នៅទីបញ្ចប់ នគរបាលបានស្នើឲ្យយើងឲ្យអាវមួយចំនួនដល់ពួកគេ ដូច្នេះអាត្មាបានឲ្យ អាវទៅនគរបាល។ គ្មានបញ្ហាទេ”។
លោក កែវ ចំរើន ស្នងការរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា គ្មានប្រយោជន៍ទេដែលមន្ត្រីរបស់លោក ប៉ុងប៉ងចាប់ព្រះតេជគុណ ប៊ុត ប៊ុនទិញ ឬអ្នកណាម្នាក់នោះ។
លោកបានមានប្រសាសន៍ថា “យើងគ្រាន់តែទៅទីនោះសួររកមូលហេតុដែល ព្រះសង្ឃចែកអាវឲ្យប្រជាពលរដ្ឋ ដោយមិនសុំការអនុញ្ញាតពីអាជ្ញាធរប៉ុណ្ណោះ។ ព្រះសង្ឃគួរធ្វើសកម្មភាពនៅកន្លែងមួយសមរម្យ នៅពេលវេលា ត្រឹមត្រូវ”។
លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តព្រះវិហារក៏បាននិយាយដែរថា នគរបាល មិនបានប៉ុងប៉ងចាប់ព្រះតេជគុណ ប៊ុត ប៊ុនទិញ ទេ ប៉ុន្តែបានទទួលស្គាល់ថា លោកមិនបានឃើញការប្រឈម មុខដាក់គ្នាពីដំបូងដោយផ្ទាល់ភ្នែកទេ ព្រោះមកដល់ផ្ទះសំណាក់នោះនៅម៉ោងប្រហែល៩ទៅហើយ ពេលដែល ព្រះសង្ឃនិងសកម្មជនបានបំបែកគ្នា។
លោកបាននិយាយថា “នគរបាលបានមកដល់ផ្ទះសំណាក់នោះនៅម៉ោង៨ព្រឹក ហើយព្រះសង្ឃបានចាកចេញ នៅម៉ោងប្រហែល៩ព្រឹក”។ លោកបាននិយាយបន្ថែមថា លោកមិនបានដឹងថាតើព្រះតេជគុណ ប៊ុត ប៊ុនទិញ ចាក់សោនៅក្នុងបន្ទប់ដូចដែលព្រះសង្ឃអង្គនេះបានអះអាងឬយ៉ាងណាទេ។
ដូចលោកស្នងការរង កែវ ចំរើន និងលោក ឡោ ចាន់ ដែរ ម្ចាស់ផ្ទះសំណាក់ម្លប់តាសេក អ្នកស្រី ឃឹម ពេជ្រ បាន និយាយថា នគរបាលមិនបានប៉ុនប៉ងចាប់ព្រះតេជគុណ ប៊ុត ប៊ុនទិញ ទេ ប៉ុន្តែ ព្រះសង្ឃបានចាក់សោនៅក្នុង បន្ទប់ក្រោយពីមានការប្រកែកគ្នាខ្លាំងឡើងជាមួយនគរបាល ប៉ុន្តែមានរយៈពេលប្រហែល២០នាទីប៉ុណ្ណោះ។
អ្នកស្រី ពេជ្រ បាននិយាយថា “នគរបាលបានសួរព្រះសង្ឃ ថាតើព្រះសង្ឃមានការអនុញ្ញាតសម្រាប់ការធ្វើ សកម្មភាពរបស់ព្រះអង្គដែរឬទេ ប៉ុន្តែព្រះសង្ឃមិនមានលិខិតបង្ហាញទេ”។
អ្នកស្រីបាននិយាយថា “បន្ទាប់ពីនគរបាលនិងព្រះសង្ឃជជែកគ្នា ព្រះសង្ឃបាននិមន្តទៅបន្ទប់និងចាក់សោ នៅក្នុងបន្ទប់ប្រហែល២០នាទី”។
ទាក់ទងបន្ទាប់មកកាលពីថ្ងៃសុក្រ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានប្រកាន់តាមការរៀបរាប់របស់ព្រះអង្គ និងមាន សង្ឃដីកាថា ព្រះអង្គមិនដឹងថា ហេតុអ្វីក៏លោក ចាន់ មន្ត្រីសម្របសម្រួលអង្គការអាដហុកអះអាងហេតុការណ៍ នេះថាកើតឡើងតែមួយម៉ោងដូច្នេះទេ។
ព្រះអង្គបានមានសង្ឃដីកាថា “យើងត្រូវបានគេដោះលែងនៅម៉ោង១០ មិនមែនម៉ោង៩ទេ។ អ្នកសម្របសម្រួល អង្គការអាដហុកព្យាយាមបកស្រាយរឿងខុសគ្នាទៅវិញ”៕ និត