31 C
Phnom Penh

ច្បាប់​ចាយ​វាយ​ថវិកា​របស់​អាមេរិក​​ភ្ជាប់​ជំនួយ​​ដើម្បី​បញ្ចប់​​​ការ​ប្រើ​ហិង្សា​របស់​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ច្បាប់ចាយវាយថវិកាដែលអនុម័តដោយគណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិក(U.S. Senate Appropriations Committee) កាលពីសប្តាហ៍មុនស្នើឱ្យបញ្ចប់ការផ្តល់ជំនួយអាមេរិកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយសារការយាយីរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំងនិងសង្គមស៊ីវិល។

ក៏នឹងមានការផ្អាកផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមផងដែរ លុះណាតែរដ្ឋាភិបាលយល់ព្រម”ពិចារណា” សំណុំរឿង០០៣ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាដោយផ្ទាល់និងម្តងហើយម្តងទៀតថានឹងបិទនោះ។

លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសអាមេរិក និយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអគារការិយាល័យរបស់លោក ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ អំឡុងដំណើរទស្សនកិច្ចកាលពីខែមករា។ រូបថតៈ ព្រីង សំរាំង/ រ៉យទ័រ
លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសអាមេរិក និយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអគារការិយាល័យរបស់លោក ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ អំឡុងដំណើរទស្សនកិច្ចកាលពីខែមករា។ រូបថតៈ ព្រីង សំរាំង/ រ៉យទ័រ

ច្បាប់ថវិកាប្រតិបត្តិការរបស់រដ្ឋនិងក្រៅប្រទេស៥២ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០១៧ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការនេះកាលពីថ្ងៃពុធ ដាក់ជំនួយជាទឹកប្រាក់៧៧,៨លានដុល្លារដល់ប្រទេសកម្ពុជាក្នុងហានិភ័យធ្ងន់ធ្ងរពេលនេះនៅពេលដែលមជ្ឈដ្ឋានជាច្រើនឃើញថា មានការបង្ក្រាបកើនឡើងទៅលើអ្នករិះគន់ និងអ្នកប្រឆាំងនៅមុនការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ។

ច្បាប់ដដែលនេះមានខ្លឹមសារ “គ្មានថវិកាណាមួយក្នុងចំណោមថវិកាទាំងនេះត្រូវបានបម្រុងទុកដោយច្បាប់នេះសម្រាប់ផ្តល់ជំនួយដល់ប្រទេសកម្ពុជាទេ  លុះណាតែរដ្ឋមន្ត្រីក្រសួងការបរទេសកំណត់  និងរាយការណ៍ជូនគណៈកម្មាធិការសភាត្រឹមត្រូវថា រដ្ឋាភិបាលកម្ពុជាបានបញ្ឈប់អំពើហិង្សា និងការយាយីទៅលើសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា រួមទាំងគណបក្សប្រឆាំងផង”។

យោងតាមរបាយការណ៍ព្រឹទ្ធសភាដែលអមជាមួយច្បាប់នេះបានឱ្យដឹងថា ភាគច្រើននៃថវិកាដែលបានផ្តល់អនុសាសន៍សម្រាប់ប្រទេសកម្ពុជាចំនួន៦៩,៩លានដុល្លារនោះ នឹងផ្តល់សម្រាប់កម្មវិធីសុខភាព និងជំនួយអភិវឌ្ឍន៍។

ភាគច្រើននៃថវិកាដែលនៅសល់នឹងផ្តល់សម្រាប់ការអប់រំនិងការហ្វឹកហ្វឺនយោធា ការដោះមីន ការប្រឆាំងភេរវកម្ម និងកម្មវិធីពាក់ព័ន្ធផ្សេងៗទៀត។ ថវិកាដែលនៅសល់ចំនួន១,៥លានដុល្លារទៀត ត្រូវបានលៃទុកសម្រាប់សាលាក្តីខ្មែរក្រហម និងមកជាមួយនូវលក្ខខណ្ឌផងដែរ។

ច្បាប់ដដែលនេះបន្តថា សាលាក្តីខ្មែរក្រហមនឹងឃើញថវិកានេះ “ប្រសិនបើរដ្ឋមន្ត្រីការបរទេសបញ្ជាក់ និងរាយការណ៍ជូនគណៈកម្មាធិការអំពីថវិកានេះថា សាលាក្តីនឹងពិចារណាសំណុំរឿង០០៣”។

របាយការណ៍ព្រឹទ្ធសភារៀបរាប់លម្អិតពីគំនិតរបស់គណៈកម្មាធិការនេះ។ របាយការណ៍នេះលើកឡើងថា ច្បាប់នេះនឹងកំណត់ការគាំទ្ររបស់អាមេរិកសម្រាប់សាលាក្តីទាំងស្រុងចំពោះសំណុំរឿង០០៣ដែលនៅរង់ចាំនេះ ប្រឆាំងលោក មាស មុត មេបញ្ជាការទ័ពជើងទឹកខ្មែរក្រហម ដែលជាប់ពាក់ព័ន្ធក្នុងការចាប់កប៉ាល់ S.S. Mayaguez ក្នុងឆ្នាំ១៩៧៥ ដែលបណ្តាលឱ្យទាហានអាមេរិក៤១នាក់ស្លាប់។

របាយការណ៍នេះបន្តថា “គណៈកម្មាធិការនេះក៏នឹងគាំទ្រផែនការរបស់ក្រសួងការបរទេសអាមេរិកក្នុងការបញ្ចប់ការគាំទ្រសាលាក្តី ប្រសិនបើតុលាការចេញសេចក្តីបង្គាប់ឱ្យបិទសំណុំរឿងនេះ ដែលបច្ចុប្បន្នស្ថិតក្រោមការស៊ើបអង្កេត។

គណៈកម្មាធិការនេះបន្តបន្ទរជំនឿដ៏រាលដាលដែលថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានបង្កើនការគាបសង្កត់លើគណបក្សសង្គ្រោះជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដែលតែងរិះគន់ការដឹកនាំរបស់លោក។

របាយការណ៍នេះបន្ថែមថា “គណៈកម្មាធិការព្រួយបារម្ភថា ការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាទៅលើសង្គមស៊ីវិល និងគណបក្សប្រឆាំងសំដៅធ្វើឱ្យប៉ះពាល់ដល់ទស្សនៈសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុងឆ្នាំ២០១៧”។

គណៈកម្មាធិការនេះក៏បានណែនាំឱ្យក្រសួងការបរទេសដាក់សម្ពាធលើរដ្ឋាភិបាលឱ្យធ្វើការស៊ើបអង្កេត “ដែលគួរឱ្យជឿទុកចិត្តបាន”ទៅលើការវាយប្រហារដោយគ្រាប់បែកឆ្នាំ១៩៩៧លើការតវ៉ារបស់គណបក្សប្រឆាំងក្នុងរាជធានីភ្នំពេញដែលបានបណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់ និងរងរបួសពលរដ្ឋអាមេរិកម្នាក់។ ការស៊ើបអង្កេតមិនបានសម្រេចរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) មិនដែលឈានដល់ការសន្និដ្ឋានជាក់លាក់ថា ពិរុទ្ធជនជានរណាទេ ប៉ុន្តេបានលើកឡើងខ្លាំងៗពីការជាប់ពាក់ព័ន្ធរបស់កម្លាំងសន្តិសុខដែលស្មោះត្រង់ទៅនឹងគណបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់លោក ហ៊ុន សែន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍កាលពីម្សិលមិញថា អ្នកដែលរិះគន់រដ្ឋាភិបាលជុំវិញការប្រព្រឹត្តទៅលើគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សនោះ បានស្នើឱ្យកម្ពុជាបោះបង់ចោលច្បាប់របស់ខ្លួនផ្ទាល់។

លោកបានលើកឡើងដល់ច្បាប់ថវិកានេះថា “វាអាស្រ័យលើសហរដ្ឋអាមេរិក។ អ៊ីចឹងមានន័យថា តើយើងត្រូវបញ្ឈប់ការអនុវត្តនីតិរដ្ឋឬ?”។

លោកថ្លែងថា “វាមិនត្រឹមត្រូវទេក្នុងការដាក់សម្ពាធលើរដ្ឋអធិបតេយ្យនោះ។ ពួកគេប្រើប្រាស់ជំនួយមកដាក់សម្ពាធលើរដ្ឋាភិបាលឱ្យធ្វើខុស នេះបើយោងតាមនីតិរដ្ឋ”។

គេនៅតែរង់ចាំមើលថា តើសំណើរបស់គណៈកម្មាធិការព្រឹទ្ធសភានឹងតំណាងឱ្យសភាអាមេរិកឬយ៉ាងណា។ សំណៅច្បាប់ដដែលនេះធ្វើឡើងតាមរយៈសភាជាន់ទាបរួមទាំងការគ្មានលក្ខខណ្ឌណាមួយបន្ថែមដោយព្រឹទ្ធសភាឡើយ។

ប៉ុន្តែវាមិនមែនជាលើកទី១ទេដែលអាមេរិកដាក់កម្រិតលើជំនួយរបស់ខ្លួនចំពោះប្រទេសកម្ពុជានោះ។ កាលពីខេមករាឆ្នាំ២០១៤ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់ចាយវាយថវិកាដែលបានផ្អាកការផ្តល់មូលនិធិមួយចំនួនដល់រដ្ឋាភិបាលកម្ពុជា លុះណាតែប្រទេសនេះបានធ្វើការស៊ើបអង្កេតដោយឯករាជ្យលើការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុននោះ បើមិនដូច្នោះទេ លុះណាតែគណបក្សសង្គ្រោះជាតិបានបញ្ចប់ការធ្វើពហិការមិនចូលសភាក្រោយការបោះឆ្នោត។ច្បាប់នេះផ្តោតគោលដៅលើមួយផ្នែកតូចប៉ុណ្ណោះនៃថវិកាចំនួន៨០លានដុល្លារនៅឆ្នាំនោះ ហើយគណបក្សសង្គ្រោះជាតិបានបញ្ចប់ការធ្វើពហិការបស់ខ្លួនប៉ុន្មានខែក្រោយមក។

ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមកការមានទំនាក់ទំនងល្អជាថ្មីរយៈពេលខ្លីចំពោះភាពជាសត្រូវឥតលាក់លៀមនេះ ដោយជាថ្មីម្តងទៀត គណបក្សសង្គ្រោះជាតិកំពុងធ្វើពហិការមិនចូលសភា នៅពេលនេះគឺការតវ៉ាជំុវិញការចាប់ខ្លួនតំណាងរាស្ត្ររបស់ខ្លួនកាលពីពេលថ្មីៗនេះ និងការវាយប្រហារតាមផ្លូវច្បាប់របស់រដ្ឋាភិបាលទៅលើលោក កឹម សុខា អនុប្រធានគណបក្សពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ។

ចាប់តាំងពីពេលនោះមក ប្រទេសផ្តល់ជំនួយផ្សេងៗទៀតបានស្នើឱ្យកាត់ជំនួយរបស់ខ្លួនដែរ។ កាលពីប្រាំពីរខែមុន សភាអឺរ៉ុបបានអនុម័តលើសេចក្តីសម្រេចចំនួនពីរ ដោយជំរុញឱ្យគណៈកម្មការអឺរ៉ុបកាត់កញ្ចប់ជំនួយជាទឹកប្រាក់៤៦៥លានដុល្លារដែលសន្យាផ្តល់ដល់ប្រទេសកម្ពុជារហូតដល់ឆ្នាំ២០២០ លុះណាតែស្ថានភាពសិទ្ធិមនុស្សប្រសើរឡើង។សមាជិកសភាអឺរ៉ុបម្នាក់ដែលបានគាំទ្រសេចក្តីសម្រេចនេះបានលើកឡើងថា អ្នកដែលគ្រប់គ្រងប្រទេសកម្ពុជា គឺដូចជា “ក្រុមមនុស្សខិលខូច” អ៊ីចឹង។

លោក ហ៊ុន សែន បានឆ្លើយតបចំពោះការគំរាមកាត់ផ្តាច់ជំនួយនេះដោយសម្តីក្អេងក្អាង។កាលពីខែមិថុនា មួយសប្តាហ៍បន្ទាប់ពីសេចក្តីសម្រេចកន្លងមករបស់សភាអឺរ៉ុប លោកនាយករដ្ឋមន្ត្រីបានតតាំងជាមួួយគណៈកម្មការអឺរ៉ុបក្នុងការឱ្យអនុវត្តតាម ដោយលើកឡើងថា លោកមានការបារម្ភតិចតួច ពីព្រោះអង្គការមិនមែនរដ្ឋាភិបាលទៅវិញទេជាអ្នកដែលត្រូវរងគ្រោះនោះ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស