38.8 C
Phnom Penh

អង្គភាព​ព័ត៌មាន​​រង​ការ​​​ព្រមាន​​​​ខណៈ​ពេល​កំណត់​កន្លង​ផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយអង្គភាពផ្សាយព័ត៌មានតាមវិទ្យុ វេបសាយព័ត៌មាន និងកាសែតភាសាអង់គ្លេសជាច្រើនព្រងើយនឹងការណែនាំឲ្យហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីបក្សកាន់អំណាចកំពូលៗដោយប្រើគោរមងារ ‘សម្ដេច’ បើទោះជាពេលកំណត់នៅខែមិថុនាក្ដី  ក្រសួងព័ត៌មានបាននិយាយថា ខ្លួននឹងចាត់វិធានការម៉ឺងម៉ាត់នៅសប្ដាហ៍នេះ។

កាលពីខែឧសភា អង្គការព័ត៌មានបានទទួលរងការព្រមានថា ពួកគេមានពេលរហូតដល់ចុងខែមិថុនា ដើម្បីចាប់ផ្ដើមការហៅលោក ហ៊ុន សែន និងមន្ត្រីមួយចំនួនថា ‘សម្ដេច’ ជាគោរមងារដែលប្រទានដោយព្រះមហាក្សត្រ ដែលបកប្រែសឹងតែមានន័យថា “ឧត្ដមបំផុត”។

បើទោះជាមានការព្រមាន ដែលមានបន្ទាប់ពីសេចក្ដីណែនាំស្រដៀងគ្នាមួយនៅខែធ្នូក៏ដោយ ក៏អង្គភាពព័ត៌មានក្នុងស្រុកដែលមានវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ដែលដឹងខ្លួនថាជាគោលដៅរបស់រដ្ឋាភិបាល មិនបានធ្វើតាមបទបញ្ជានេះទេ។

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីម្សិលមិញបានព្រមានជាថ្មីទៀតថា អង្គភាពទាំងឡាយណាដែលមិនធ្វើតាមបទបញ្ជានេះអាចត្រូវព្យួរអាជ្ញាប័ណ្ណរបស់ខ្លួន។

លោក ខៀវ កាញារិទ្ធ បានមានប្រសាសន៍ក្នុងសារហ្វេសប៊ុក ជាមធ្យោបាយផ្សព្វផ្សាយជាទីនិយមរបស់លោកថា ”នឹងមានលិខិតព្រមាន ហើយប្រសិនបើការរំលោភនៅតែបន្ត យើងអាចព្យួរអាជ្ញាប័ណ្ណ។

ថ្វីបើលោក កាញារិទ្ធ មានប្រសាសន៍ថា លិខិតព្រមាននឹងត្រូវចេញមុនការចាត់វិធានការក៏ដោយ ក៏លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា ត្រូវចាត់វិធានការភ្លាមទៅលើអង្គភាពទាំងឡាយណាដែលមិនធ្វើតាមបទបញ្ជានេះ។

ដោយបដិសេធមិនរៀបរាប់ច្រើនអំពីអ្វីដែលជាវិធានការទាំងនោះ លោកបានមានប្រសាសន៍ថា “យើងបានជូនព័ត៌មានរួចហើយតាមរយៈលិខិតមួយកាលពីពីរបីខែមុន។ មិនមានការជូនព័ត៌មានទៀតទេ ចាត់វិធានការតែម្ដង”។

លោកបានមានប្រសាសន៍ថា នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយរបស់ក្រសួងនេះនឹងប្រជុំនៅសប្ដាហ៍នេះដើម្បីសម្រេចរបៀបធ្វើបន្ត។

លោកមានប្រសាសន៍ថា “ប្រាកដណាស់ មិនមានភាពជាក់លាក់ទាក់ទិននឹងអ្វីដែលក្រសួងនឹងធ្វើទេ ប៉ុន្តែក្រសួងនឹងពិនិត្យឡើងវិញលើស្ថាប័នព័ត៌មានទាំងអស់ដែលបានសុំការអនុញ្ញាតពីរដ្ឋាភិបាល [ដើម្បីបើក] ហើយនិងពិនិត្យកិច្ចសន្យានិងកិច្ចព្រមព្រៀងជាមួយគ្នា”។ លោកបានមានប្រសាសន៍បន្ថែមថា ការពិន័យជាលទ្ធភាពមួយផ្សេងទៀត។

មន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលមានគោរមងាររួមមាន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

លោក គឹមសេង បានបញ្ជាក់ថា ការប្រើគោរមងារនៅពេលនិយាយទៅកាន់ថ្នាក់ដឹកនាំគឺសំខាន់ក្នុងការរក្សាប្រពៃណីខ្មែរ និងទប់ឥទ្ធិពលនៃវប្បធម៌បរទេសក្នុងប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា “យើងបានឃើញក្មេងៗដើរតាមរបៀបជនបរទេស។ ជួនកាលពួកគេមិននិយាយថា ‘ពូ’ និង ‘មីង’ ទេ ពួកគេហៅឈ្មោះអ្នកទាំងនោះដូចប្រទេសក្រៅដែរ ហើយវប្បធម៌នេះកំពុងរាលដាល ធ្វើឲ្យពួកគេភ្លេចវប្បធម៌របស់ខ្លួន”។

ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញខាងច្បាប់បាននិយាយថា ការគំរាមរបស់ក្រសួងថានឹងបិទអង្គភាពព័ត៌មានណាដែលល្មើស ព្រោះមិនប្រើគោរមងារ មិនមានមូលដ្ឋានច្បាប់ទេ ហើយនឹងរំលោភសេរីភាពព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញទៀតផង៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស