28.4 C
Phnom Penh

ប្រធាន​​​​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​វាយ​​​ប្រហារ​​​អភិបាល​​​ខេត្ត​​​បាត់​​​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានរិះគន់យ៉ាងខ្លាំងទៅលើអភិបាលខេត្តបាត់ដំបងលោក ចាន់ សុផល កាលពីថ្ងៃអាទិត្យ ដោយសារតែបដិសេធមិនឲ្យអង្គភាពរបស់លោកស៊ើបអង្កេតអភិបាលស្រុកម្នាក់ពីបទកេងប្រវ័ញ្ចយកប្រាក់រដ្ឋរាប់ពាន់ដុល្លារ។

cam-photo-thma-koul-800x533លោក សុផល បានមានប្រសាសន៍កាលពីព្រឹកថា លោកនឹងមើលខុសត្រូវផ្ទាល់ចំពោះលោក គង់ លី អភិបាលស្រុកថ្មគោល ទាក់ទិននឹងការចោទថាកេបកេងប្រាក់មួយចំនួននៃថវិកា៧០លានរៀល (១៧.៥០០ដុល្លារ) ដែលទុកសម្រាប់សាងសង់ផ្លូវពីរខ្សែ ហើយមិនបានបញ្ជូនករណីនេះទៅអង្គភាពប្រឆាំងអំពើពុករលួយទេ។

លោក សុផលបាននិយាយថា “ខ្ញុំបានបញ្ជាឲ្យមន្ត្រីគ្រប់គ្រងខេត្តយើង…ស៊ើបអង្កេតហើយ។ យើងនឹងបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ ព្រោះថ្នាក់ខេត្តយើងអាចដោះស្រាយបញ្ហានេះបាន”។

លោកអភិបាលខេត្តបាននិយាយបន្តថា “ក្នុងករណីដែលយើងរកឃើញថាលោក លី មានកំហុស យើងនឹងឲ្យគាត់សងវិញ ហើយអប់រំគាត់កុំឲ្យធ្វើខុសទៀត”។

លោក យ៉ិនទៀង បានមានប្រសាសន៍ថា លោក សុផលធ្វើហួសព្រំដែនរបស់លោក។

លោកបាននិយាយថា “ជាអភិបាលខេត្តមិនមានសិទ្ធិស៊ើបអង្កេត ឬសម្រុះសម្រួលករណីពុករលួយបានទេ ព្រោះបទល្មើសគឺជាបទល្មើសឧក្រិដ្ឋ ដូច្នេះគេត្រូវតែបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយទៅតាមច្បាប់”។

លោកបាននិយាយបន្ថែមថា “អភិបាលខេត្តមិនអាចបញ្ចប់ករណីពុករលួយបានទេ។ ទោះបីជាអភិបាលស្រុកសងប្រាក់វិញក៏ដោយ ក៏គាត់មិនអាចរួចពីសំណាញ់ច្បាប់បានដែរ”។

ទាក់ទងបន្ទាប់ពីការរិះគន់របស់លោក យ៉ិនទៀង លោក សុផល បាននិយាយថាលោកមិនព្រួយបារម្ភទេ។

អភិបាលខេត្តរូបនេះបាននិយាយថា “ខ្ញុំមិនខ្វល់ថា អង្គភាពប្រឆាំងអំពើពុករលួយនិយាយអ្វីទេ ស្រេចតែគេទៅចុះ។ ប៉ុន្តែអភិបាលស្រុកគឺជាមន្ត្រីរបស់ខ្ញុំ ហើយខ្ញុំជាមេ ដូច្នេះខ្ញុំអាចប្រើតំណែងរបស់ខ្ញុំជាអភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហានេះ”។

ការអះអាងថាពុករលួយបានធ្វើឡើងនៅក្នុងខិត្តបណ្ណដែលគេបាចចោលក្នុងក្រុងបាត់ដំបងកាលពីពីរបីថ្ងៃមុន ដោយនិយាយថាលោក លី ” កិបកេងថវិការដ្ឋសម្រាប់ស៊ីផឹកជាមួយបក្ខពួកខ្លួន”។

ខិត្តបណ្ណនិយាយថា សម្រាប់ផ្លូវមួយខ្សែ លោក លីបានឃុបឃិតជាមួយក្រុមហ៊ុនសំណង់មិត្តភាពមួយ ដើម្បីផ្តល់ឲ្យពួកគេនូវកុងត្រាមានទឹកប្រាក់៥៥លានរៀល (១៣.៧៥០ដុល្លារ) ដោយគ្មានដំណើរការដេញថ្លៃ ឬការត្រួតពិនិត្យពីមន្ត្រីផ្សេងទៀតទេ ដោយបញ្ជាក់ថាមានប្រាក់សគុណច្រើនណាស់។

ខិត្តបណ្ណនិយាយថា ក្នុងករណីផ្សេងទៀត មានប្រាក់ចំនួន១៥លានរៀល (ប្រហែល៣.៧៥០ដុល្លារ) ទុកសម្រាប់ ការសាងសង់ផ្លូវតូចមួយដែលកសាងមិនទាន់ចប់នៅឡើយ។

លោក លីបានបដិសេធកាលពីថ្ងៃអាទិត្យថា លោកមិនបានទទួលផលប្រយោជន៍ពីកុងត្រាណាមួយទេ។

លោក លីបាននិយាយថា “ខ្ញុំមិនបានប្រព្រឹត្តអំពើពុករលួយដូចការចោទរបស់ជនអនាមិកទេ។គេគ្រាន់តែចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំជាអ្នកក្រ ហើយជិះម៉ូតូទៅធ្វើការរាល់ថ្ងៃ។ ខ្ញុំសូមស្វាគមន៍ការស៊ើបអង្កេតនេះ”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស