31 C
Phnom Penh

សភា​​​ត្រូវ​​​ស្ន​​​ើ​​​សុំ​​​​​​ឲ្យ​​​ដក​​​អភ័យ​​​ឯកសិទ្ធិ​​​​​​​​​​​​តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងយុត្តិធម៌បានស្នើសុំប្រធានសភាជាតិលោក ហេង សំរិន ឲ្យយល់ព្រមថា តំណាងរាស្ត្រគណបក្សប្រឆាំងពីររូបដែលរងការចោទប្រកាន់ពីបទសញ្ចារកម្ម ត្រូវដកអភ័យឯកសិទ្ធិរបស់ពួកគាត់ ដើម្បីឲ្យសំណុំរឿងនេះ មាន ដំណើរការទៅមុខ។

ទោះជាយ៉ាងនេះក្តី វិធានការបែបនេះនឹងតម្រូវឲ្យមានសំឡេងឆ្នោត២ភាគបីនៅក្នុងសភា ដែលមានន័យថា តំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជានឹងត្រូវការការគាំទ្រពីសមភាគីខ្លះពីគណបក្សសង្គ្រោះជាតិ។

សំណើនេះទាក់ទងនឹងការចោទប្រកាន់ថាលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានស្រីកំណាន់ ដែលបណ្តាលឲ្យមេឃុំគណបក្សសង្គ្រោះជាតិម្នាក់ មន្ត្រីបោះឆ្នោតម្នាក់ និងបុគ្គលិកសិទ្ធិមនុស្ស៤នាក់ត្រូវជាប់ពន្ធនាគារពីបទសូកបា៉ាន់។ នគរបាលក៏បានប៉ុនប៉ងចាប់ខ្លួនលោក សុខា ដែរកាលពីថ្ងៃទី២៦ ខែឧសភា ដោយសារតែខកខានមិនបានចូលបំភ្លឺនៅតុលាការក្នុងករណីអំពើពេស្យាចារ។

លិខិតពីលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចុះនៅថ្ងៃទី៣០ ខែមិថុនា បានស្នើសុំលោក ហេង សំរិន ឲ្យដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ដើម្បីឲ្យគេអាចប្រឈមមុខនឹងសញ្ចារកម្ម។

លិខិតសរសេរថា “ក្រសួងយុត្តិធម៌បានទទួលលិខិត…ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលស្នើសុំឲ្យក្រសួងយុត្តិធម៌ចាត់នីតិវិធីបន្ត ក្នុងការសុំលើកអភ័យឯកសិទ្ធិរបស់តំណាង រាស្ត្រពីររូប”។

លិខិតនោះសរសេរថា “ក្រសួងយុត្តិធម៌សូមគោរពស្នើសុំសម្តេច [លោក សំរិន] ប្រធានរដ្ឋសភាជួយចាត់ វិធានការបន្តលើសំណើលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ”។

យោងតាមក្រមព្រហ្មទណ្ឌ សញ្ចារកម្មអាចទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ ជួយ ឬ រៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ជ្រើសរើស អូសទាញ ឬ ធ្វើការគាបសង្កត់លើបុគ្គល ណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ បទល្មើសនេះត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីពីរទៅប្រាំឆ្នាំ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវជាប់សង្ស័យថាសម្របសម្រួល”សញ្ចារកម្ម” ពោលគឺទាក់ទងនឹងការចោទថាមានស្នេហាក្រៅអាពាហ៍ពិពាហ៍របស់លោក សុខា ជាមួយជាងកាត់សក់វ័យ២៥ឆ្នាំ ដោយបានកក់បន្ទប់សណ្ឋាគារនិងរៀបចំសំបុត្រយន្តហោះ។

លោក ម៉ាលីន បាននិយាយថា “អយ្យការអមសាលាដំបូងរាជធានីមានមូលដ្ឋាននិងនីតិវិធី ដើម្បីចោទប្រកាន់តំណាងរាស្ត្រទាំងពីរពីបទសញ្ចារកម្ម ប៉ុន្តែពួកគាត់ជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ដូច្នេះតុលាការចង់ឲ្យសភាជាតិលើកអភ័យឯកសិទ្ធិពួកគាត់សិន”។

សំណើនេះមានលក្ខណៈផ្ទុយគ្នាស្រឡះនឹងកលល្បិចដ៏ចម្រូងចម្រាសដែលគណបក្សកាន់អំណាចបានប្រើ ដើម្បីដាក់ពន្ធនាគារចំពោះសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងនិងតំណាងរាស្ត្រកាលពីឆ្នាំកន្លងមក គឺបោះឆ្នោតដោយមានសំឡេងភាគច្រើនធម្មតានៃអ្នកតំណាងរាស្ត្រ ដើម្បីផ្តន្ទាទោសពួកគាត់ ទោះបីពួកគាត់មានអភ័យឯកសិទ្ធិរួចផុតពីការផ្តន្ទាទោសក៏ដោយ។

លោក ម៉ាលីន បាននិយាយកាលពីថ្ងៃអាទិត្យថា សភាត្រូវតែដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រទាំងពីរនាក់ជាផ្លូវការជាមុនសិន ព្រោះពួកគេមិនបានចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើសជាក់ស្តែងទេ ដែលផ្ទុយគ្នានឹងតំណាងរាស្ត្រផ្សេងទៀត។ រដ្ឋធម្មនុញ្ញគ្រាន់តែអនុញ្ញាតឲ្យមានការចាប់ខ្លួនតំណាងរាស្ត្រ ប្រសិនបើពួកគេកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលរដ្ឋាភិបាលប្រើ រួមទាំងការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកដែរ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបាននិយាយកាលពីថ្ងៃអាទិត្យថា សំណើត្រូវបានបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រួចហើយ ដែលកំណត់របៀបវារៈសម្រាប់សភា ប៉ុន្តែមិនទាន់មានការពិភាក្សាគ្នាទេ។

អ្នកនាំពាក្យសភារូបនេះបាននិយាយថា “អ្វីដែលខ្ញុំអាចនិយាយបានគឺសភាជាតិនឹងដំណើរការទៅតាមច្បាប់”។ លោក វ៉ាន់ចាន់ និងលោក រតនា មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យសភាអនុវត្តតាមនីតិវិធីច្បាប់។

តំណាងរាស្ត្ររូបនេះបាននិយាយថា “គេមិនអាចដកអភ័យឯកសិទ្ធិតំណាងរាស្ត្របានទេ លុះត្រាតែមានសំឡេងឆ្នោតពីរភាគបី ប៉ុន្តែគណបក្សកាន់អំណាចមិនមានសំឡេងឆ្នោតគ្រប់គ្រាន់ទេ”៕

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស