41.3 C
Phnom Penh

ការ​តវ៉ា​ ‘ថ្ងៃច័ន្ទ​ពណ៌ខ្មៅ’ លើ​ក​ទី​៩​ បញ្ចប់​ដោយ​ការ​ប៉ះទង្គិចគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកត់សម្គាល់ឱ្យឃើញពីការតវ៉ា ”ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី៩ បានបញ្ចប់ដោយការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមសកម្មជន និងកម្លាំងសន្តិសុខក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។

អ្នកតវ៉ាប្រហែល៥០នាក់ដែលភាគច្រើនមកពីសហគមន៍ដែលរងការបណ្ដេញចេញក្នុងរាជធានីបានប្រមូលផ្ដុំគ្នានៅតំបន់បឹងកក់នៅម៉ោងប្រហែល៨និង៣០នាទីព្រឹក ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែឧសភា ដោយចោទប្រកាន់ពីបទសូកប៉ាន់ស្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងឲ្យបដិសេធរឿងស្នេហាលួចលាក់។

អ្នកស្រី អឹុម ស្រីទូច ប្រវាយប្រតប់ជាមួយនគរបាលដែលព្យាយាមចាប់យកបដា និងប៉េងប៉ោងអំឡុងការតវ៉ា ‘ ថ្ងៃច័ន្ទពណ៌ខ្មៅ’ លើកទី៩ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកស្រី អឹុម ស្រីទូច ប្រវាយប្រតប់ជាមួយនគរបាលដែលព្យាយាមចាប់យកបដា និងប៉េងប៉ោងអំឡុងការតវ៉ា ‘ថ្ងៃច័ន្ទពណ៌ខ្មៅ’ លើកទី៩ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកស្រី សុង ស្រីលាភ ជាសកម្មជនម្នាក់បាននិយាយថា ប្រហែល៣០នាទីក្រោយមក ក្រុមសន្តិសុខខណ្ឌដូនពេញជាច្រើននាក់ដែលល្បីឈ្មោះចំពោះការបង្ក្រាបដ៏ហិង្សារបស់ពួកគេទៅលើការតវ៉ារបស់គណបក្សប្រឆាំងបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ បានមកដល់ហើយបានបំផ្លាញទ្រុងដែលជានិមិត្តរូបបញ្ជាក់ពីស្ថានភាពមន្ត្រីប្រាំនាក់ដែលត្រូវបានឃុំខ្លួន។

ស្ថានភាពកាន់តែតានតឹងឡើងនៅពេលក្រុមសន្តិសុខបានព្យាយាមចាប់យកស្គរ ដែលក្រុមអ្នកតវ៉ាស្លៀកពាក់ខ្មៅបានប្រើប្រាស់។ អ្នកស្រី ស្រីលាភ បាននិយាយថា “ពួកគេបំផ្លាញសម្ភាររបស់យើង ហើយបានរុញពួកយើងឲ្យដួលលើដី”។

អ្នកស្រីបាននិយាយថា “ពួកគេបានវាយទាត់ធាក់ពួកយើងនៅពេលពួកយើងអង្គុយលើដី ហើយបានដាល់អ្នកតវ៉ាជាបុរសម្នាក់ពីរដៃចំខ្នង”។ អ្នកស្រីបានបន្ថែមថា សកម្មជនយ៉ាងតិចប្រាំនាក់បានរងរបួសស្រាល ដោយមានការរយះមុខរហូតដល់គ្រេចកដៃ។

ប្រហែល១ម៉ោងក្រោយមក នៅក្នុងខណ្ឌដង្កោ អ្នកតវ៉ាប្រហែល១២នាក់ទៀតដែលបានប្ដូរអាវខ្មៅទៅសដើម្បីព្យាយាមឲ្យអាជ្ញាធរជឿថា ពួកគាត់មិនបានញុះញង់ឲ្យមាន “បដិវត្តន៍ពណ៌” ដូចការចោទប្រកាន់ពីមុននោះ បានព្យាយាមធ្វើដំណើរទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ ក៏ត្រូវបានជួបជាមួយកម្លាំងសន្តិសុខផងដែរ។

cam-photo-front-satoshiនៅពេលពួកគាត់ជិះរ៉ឺម៉កម៉ូតូកង់បីឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី សន្តិសុខមួយក្រុមបានបញ្ជាឲ្យពួកគាត់ចុះពីរ៉ឺម៉កកង់បី។ ប្រហែល១៥នាទីក្រោយមក នគរបាលបានជិះម៉ូតូមកដល់ ហើយបានចាប់ហែកបដា និងប៉េងប៉ោង ដោយបានរុញច្រានក្រុមសកម្មជនដែលបានអន្តរាគមន៍។

នៅពេលការប្រវាយប្រតប់គ្នាបានស្ងប់ស្ងាត់ អ្នកស្រី សៀ ណារ៉េត អតីតអ្នកភូមិបឹងកក់បានស្តីបន្ទោសក្រុមសន្តិសុខ។

អ្នកស្រីបានស្រែកទាំងទឹកភ្នែកថា ”អ្នកឯងដូចសត្វធាតុអ៊ីចឹង…អ្នកឯងនឹងទទួលបាននូវអ្វីដែលអ្នកឯងបានធ្វើមកលើពួកយើងមិនខាន!”។

នៅពេលទាក់ទងតាមទូរស័ព្ទ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគំរាមអ្នកចូលរួមការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដោយការចាត់វិធានការតាមផ្លូវច្បាប់ ហើយបានអះអាងថាពួកគាត់ត្រូវបានផ្ដល់មូលនិធិដោយភាគីទី៣ តែលោកបានបដិសេធមិននិយាយលម្អិតទេ។

ឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា “ប្រសិនបើពួកគាត់នៅតែមិនព្រមអនុវត្តតាមបទបញ្ជាឲ្យបញ្ឈប់ការតវ៉ាទៀតនោះ យើងនឹងចាត់វិធានការផ្សេងទៀត។ យើងប្រហែលជាបញ្ជូនពួកគេទៅតុលាការ”។

ដោយបន្តចោទប្រកាន់ការតវ៉ាថា បានបញ្ចុះបញ្ចូលកូនៗរបស់ពួកគេឱ្យយំដាក់កាមេរ៉ានោះ លោកថ្លែងថា “ដើម្បីបោះពុម្ពអាវយឺត ដំបូងពួកគេត្រូវការលុយ។ អ្នកដែលចូលរួមការតវ៉ាមិនមែនជាអ្នកដែលផ្ដល់លុយឲ្យពួកគេទេ។ ខ្ញុំដឹងអ្នកដែលផ្តល់លុយដល់ពួកគេ”។

លោកបានមានប្រសាសន៍ថា “ពួកគេគឺជាអ្នកតវ៉ាអាជីពតែម្ដង។ ពួកគេធ្វើឲ្យក្មេងៗយំដូចជាការពិតអ៊ីចឹង” ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស