33 C
Phnom Penh

សាច់ថ្លៃលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​​ព្រមាន​​ជាថ្មី​ម្តង​ទៀត​ឱ្យ​បិទ​សង្វៀន​ជល់​មាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រសារបស់បងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា លោកបានអនុវត្តតាមបទបញ្ជារបស់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលឲ្យបិទសង្វៀនជល់មាន់របស់លោកហើយ ប៉ុន្តែបុរសម្នាក់ដែលគ្រប់គ្រងសង្វៀនជល់មាន់នេះបានអះអាងថា វានៅបើកដំណើរការដដែល។

Cambodian duck sellers watch a cockfight in a market in the southeastern town of Kompong Trach March 8, 2005. The World Health Organisation (WHO), which is leading a push for $829,000 in international funding for bird flu surveillance, says Cambodia will not be able to prepare adequate defences against bird flu without outside help. Picture taken March 8, 2005. TO ACCOMPANY FEATURE BIRD FLU-CAMBODIA REUTERS/Chor Sokunthea CS/SA/DH - RTR4WLN

ដំបូងលោក ម៉ៅ ភិរុណ បានបញ្ជាឲ្យលោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រីបិទសង្វៀនជល់មានរបស់គាត់នៅស្រុកល្វាឯមកាលពីខែឧសភា ដោយសារមានការភ្នាល់ខុសច្បាប់ដែលរៀបចំឡើងដោយលោក ថៃ ម៉ាប់ ជាកូនប្រសា។ ប៉ុន្តែនៅពេលអ្នកយកព័ត៌មានកាសែតខេមបូឌា ដេលី បានចុះទៅដល់ផ្ទះនេះកាលពីចុងខែនោះ ពួកគេបានរកឃើញថា មានការភ្នាល់ពេញបន្ទុក ហើយនិយាយជាមួយអ្នកភ្នាល់ជាច្រើនដែលមកភ្នាល់ដោយដាក់ប្រាក់រាប់រយ ឬរហូតដល់រាប់ពាន់ដុល្លារឯណោះ។

កាលពីម្សិលមិញ លោក ម៉ៅ ភិរុណ បានថ្លែងថា លោកបានចេញបទបញ្ជាមួយទៀតឲ្យបិទប្រតិបត្តិការនេះប្រហែល១ខែកន្លងមកហើយ ហើយនៅពេលឆាប់ៗនេះនឹងពិនិត្យតាមដានដើម្បីរកឲ្យឃើញថា តើសង្វៀនជល់មាន់នេះពិតជាបានបិទមែនឬយ៉ាងណា។

លោកអភិបាលខេត្តថ្លែងថា ”យើងបានបញ្ជាឲ្យនគរបាលចុះទៅបិទសង្វៀនជល់មាន់នេះកាលពី១ខែកន្លងមក ហើយពួកគេ [ម្ចាស់សង្វៀន] បានធ្វើកិច្ចសន្យាជាមួយយើងថានឹងបញ្ឈប់ការភ្នាល់ ពីព្រោះវាជាល្បែងស៊ីសង។ ខ្ញុំនឹងបញ្ជូនកម្លាំងនគរបាលឱ្យចុះទៅពិនិត្យថា តើពួកគេនៅតែបើកសង្វៀនជល់មាន់នៅទីនោះដដែលឬយ៉ាងណា។ ប្រសិនបើពួកគេនៅបើកនោះ យើងនឹងចាប់ខ្លួនពួកគេ ហើយបញ្ជូនទៅតុលាការ ពីព្រោះពួកគេរំលោភកិច្ចសន្យា”។

លោក ថៃ ម៉ាប់ បាននិយាយថា លោកជាម្ចាស់សង្វៀននេះ ហើយបានអនុវត្តតាមបទបញ្ជារបស់លោកអភិបាលខេត្តឲ្យបិទកាលពី១ខែកន្លងមកហើយ។ ប៉ុន្តែលោកបដិសេធការដែលថា នៅមានការភ្នាល់នៅទីនោះ ដោយនិយាយថា ការជល់មាន់គឺគ្រាន់តែ “ដើម្បីកម្សាន្ត”តែប៉ុណ្ណោះ។

លោកបាននិយាយថា ”ខ្ញុំបានចំណាយប្រាក់៦០.០០០ដុល្លារដើម្បីធ្វើសង្វៀនជល់មាន់នេះ ហើយ សង្វៀននេះត្រូវបានបិទក្នុងរយៈពេល១០ថ្ងៃតែប៉ុណ្ណោះ។ ខ្ញុំបានខាតបង់ប្រាក់ច្រើនណាស់លើសង្វៀនជល់មាន់នេះ”។

លោក ថៃ ម៉ាប់ បន្តថា លោកក៏ត្រូវបានបញ្ជាឲ្យបិទសង្វៀននេះដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ដែលកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅក្នុងកងកម្លាំងប្រដាប់អាវុធផងដែរ បន្ទាប់ពីមានអត្ថបទមួយអំពីប្រតិបត្តិការជល់មាន់នេះត្រូវបានចុះផ្សាយនៅក្នុងកាសែត ខេមបូឌា ដេលី។ លោកបាននិយាយថា ចាប់តាំងពីពេលនោះមក លោកបានបើកសង្វៀនថ្មីមួយនៅកាស៊ីណូមួយក្បែរព្រំដែនវៀតណាម។

លោក ហ៊ុន សែន បានហាមមិនឲ្យមានសង្វៀនជល់មាន់ច្រើនឆ្នាំមកហើយ ហើយការលេងភ្នាល់គឺជាការខុសច្បាប់ដែលស្ថិតនៅក្រៅទីតាំងដែលមានអាជ្ញាប័ណ្ណ។

ប៉ុន្តែលោក ថៃ ម៉ាប់ អះអាងថា ប្រតិបត្តិការថ្មីរបស់លោកនៅក្នុងខេត្តត្បូងឃ្មុំគឺស្របច្បាប់។ លោកបានថ្លែងថា “អាជ្ញាធរគ្មានសិទ្ធិបិទសង្វៀននេះទេ។ ខ្ញុំបានបើកសង្វៀនជល់មាន់នៅកាស៊ីណូក្នុងខេត្តត្បូងឃ្មុំសម្រាប់តែជនបរទេសប៉ុណ្ណោះ មិនមែនសម្រាប់ជនជាតិខ្មែរឡើយ។ សម្ដេច ហ៊ុន សែន បានហាមតែជនជាតិខ្មែរប៉ុណ្ណោះ ប៉ុន្តែជនបរទេសអាចមកលេងភ្នាល់បាន”។

ប៉ុន្តែ អ្នកគ្រប់គ្រងសង្វៀនជល់មាន់នៅក្នុងខេត្តកណ្ដាលដែលកាលពីខែឧសភា បានប្រាប់អ្នកយកព័ត៌មានថាឈ្មោះ ណាង បាននិយាយកាលពីម្សិលមិញថា នៅមានការជល់មាន់រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

ដោយបដិសេធមិននិយាយបន្ថែម គាត់បានឱ្យដឹងថា ”យើងនៅមានការភ្នាល់ជាសម្ងាត់គឺពីរថ្ងៃក្នុងមួយសប្ដាហ៍”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស