អ្នកជំនាញបាននិយាយក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទស្តីពីការទប់ស្កាត់ហិង្សាក្នុងគ្រួសារថា ការមិនយល់ដឹងអំពីហិង្សាក្នុងគ្រួសារដោយនគរបាលនិងការលំអៀងផ្នែកវប្បធម៌ដែលតែងតែមើលរំលងហិង្សា កំពុងតែធ្វើឲ្យអាជ្ញាធរពិបាកក្នុងការកាត់បន្ថយភាពឃោរឃៅផ្នែកផ្លូវភេទនិងរាងកាយដែលប៉ះពាល់ស្ត្រីខ្មែរម្នាក់ក្នុងបណ្តាស្ត្រី៥នាក់។
អ្នកស្រី ស ស៊ីណែត អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារីបានប្រាប់កិច្ចប្រជុំនៃក្រុមការងារបច្ចេកទេសស្តីពីហិង្សាទាក់ទងនឹងយេនឌឺរបស់រដ្ឋាភិបាលបានមានប្រសាសន៍ថា ការមិនយល់អំពីច្បាប់គឺជាបញ្ហាធ្ងន់ធ្ងរក្នុងបណ្តានគរបាលស្រុកនិងឃុំ ដែលទំនងជាឆ្លើយតបនឹងរបាយការណ៍អំពីការធ្វើបាប។
អ្នកស្រីបានប្រាប់ក្រុមមន្ត្រីនិងតំណាងអង្គការក្រៅរដ្ឋាភិបាលក្នុងពេលប្រជុំនៅឯសណ្ឋាគារសាន់វេក្នុងក្រុងភ្នំពេញថា “ក្នុងន័យការប្រឈមគឺ លេខ១ ចំណេះដឹងពីច្បាប់គឺនៅមានកម្រិតក្នុងបណ្តានគរបាលយុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់”។
អ្នកស្រីបានមានប្រសាសន៍នៅខាងក្រៅកិច្ចប្រជុំថា “កង្វះចំណេះដឹងពីច្បាប់នឹងប៉ះពាល់ដល់ជនរងគ្រោះ ដូចជានៅពេលដែលនគរបាលផ្អិបទុកពាក្យបណ្តឹងជនរងគ្រោះដោយមិនបានបញ្ជូនទៅថ្នាក់លើ ហើយជួនកាលគេគ្រាន់តែសម្របសម្រួលដើម្បីសំណងនៅខាងក្រៅប្រព័ន្ធតុលាការ”។
អ្នកស្រីបានមានប្រសាសន៍បន្ថែមថា “នៅពេលដែលជនរងគ្រោះយល់ព្រមសម្រុះសម្រួលនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ជនរងគ្រោះនៅតែជាជនរងគ្រោះ គឺនាងមិនដែលទទួលបានយុត្តិធម៌ទេ”។
ការស្ទង់មតិក្នុងឆ្នាំ២០១៣របស់ក្រសួងកិច្ចការនារីនិងអង្គការសុខភាពពិភពលោកនិយាយថា មានស្ត្រីខ្មែរម្នាក់ក្នុងបណ្តា៥នាក់មានវ័យពី១៥ឆ្នាំដល់៦៤ឆ្នាំ ដែលបានរៀបការ ឬមានទំនាក់ទំនងស្នេហាបានរាយការណ៍ថាបានទទួលរងហិង្សាផ្នែករាងកាយ ឬក៏ផ្លូវភេទ ឬទាំងផ្លូវកាយ ទាំងផ្លូវភេទ គឺដោយដៃគូរបស់គេយ៉ាងហោចណាស់ក៏ម្តងដែរក្នុងមួយជីវិត។
របាយការណ៍និយាយថា មានស្ត្រី៨ភាគរយនៃស្ត្រីទាំងអស់បានរាយការណ៍ថាជាជនរងគ្រោះនៃហិង្សានៅក្នុងរយៈពេល១២ខែកន្លងមក ហើយហិង្សាទាំងអស់គឺខ្ពស់ក្នុងតំបន់ជនបទ។ ក្នុងបណ្តាស្ត្រីដែលបានស្ទង់ មាន១៤ភាគរយបាននិយាយថា ពួកគេបានទទួលរងហិង្សាផ្នែករាងកាយដោយនរណាម្នាក់ជាជាងដៃគូរួមសង្វាស បន្ទាប់ពីអាយុ១៥ឆ្នាំ ចំណែកឯស្ត្រី២០ភាគរយនិយាយថា បទពិសោធផ្លូវភេទដំបូងរបស់គេគឺដោយបង្ខិតបង្ខំ ឬបង្ខំ។
អ្នកស្រី អ៊ឹង គន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ការទទួលយកវប្បធម៌នៃហិង្សាផ្លូវកាយនិងផ្លូវភេទដែលប្រព្រឹត្តឡើងដោយបុរសប្រឆាំងនឹងប្រពន្ធនិងដៃគូរបស់គេ គឺធ្វើឲ្យមានបញ្ហាជារហូត។
អ្នកស្រីបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា “សម្រាប់កម្រិតការអនុវត្ត កុំបន្ទោសនគរបាលតែម្នាក់ឯង។ វាក៏ដោយសារតែសង្គមរបស់យើងនិងសហគមន៍របស់យើង”។
ដូចជាប្រទេសដទៃទៀត ការពឹងផ្អែកសេដ្ឋកិច្ចគឺជាបញ្ហាសម្រាប់ជនរងគ្រោះក្នុងប្រទេសកម្ពុជា ដែលស្ត្រីតែងតែមានអារម្មណ៍ថា ពួកគេមិនអាចចាកចោលដៃគូដែលរំលោភបំពានបានទេ ហើយក្នុងករណីខ្លះដកសក្ខីកម្មរបស់ខ្លួនមកវិញ ក្រោយពីដាក់ពាក្យបណ្តឹងរួចហើយ។
អ្នកស្រី គន្ថាផាវីបានមានប្រសាសន៍ថា “ស្ត្រីគួរមានជំហររឹងមាំខ្លួនឯង។ នេះជាបញ្ហាដែលយើងត្រូវពិចារណាឲ្យបានហ្មត់ចត់ថែមទៀត។ យើងត្រូវផ្តល់ការអប់រំបន្ថែមទៀតដល់សង្គមរបស់យើងនិងសហគមន៍របស់យើង”។
មន្ត្រីផ្សេងទៀតបានរាយការណ៍ថាមានវឌ្ឍនភាពក្នុងការអប់រំសិស្សសាលានិងគ្រូបង្រៀនទាក់ទងនឹងហិង្សាក្នុងគ្រួសារ ប៉ុន្តែបានកត់សម្គាល់ថាមានកង្វះខាតថវិកា ការគាំទ្រសុខភាពផ្លូវចិត្តនិងសេវាគាំពារជនរងគ្រោះជាផ្លូវការ។
អ្នកនាំពាក្យនគរបាលជាតិ ក្រសួងយុត្តិធម៌និងក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេកាលពីថ្ងៃច័ន្ទ៕