26 C
Phnom Penh

ប្រភព​​​ពីមន្ត្រី​ក្រសួង​​​បាន​​​លើក​​​ឡើង​​​ថា លោក គ្រី ស៊ាងឡុង​ ​នៅ​​​តែ​​​បម្រើ​​​ការ​​​នៅ​​​ក្រសួង​​​ដដែល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានលើកឡើងនៅក្នុងសប្តាហ៍នេះថា លោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំដែលមានកេរ្តិ៍ឈ្មោះអសោច និងដែលត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភានោះ នៅតែបម្រើការនៅក្រសួងដដែល។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែមិថុនា ក្រសួងបានលើកឡើងថាលោក គ្រី ស៊ាងឡុង ត្រូវបានដកចេញពីតំណែងជាប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ប៉ុន្តែមិនបានបញ្ជាក់ថា តើលោកត្រូវបានបណ្តេញចេញពីក្រសួងទាំងស្រុងឬគ្រាន់តែប្តូរមុខតំណែងនោះឡើយ។

cam-photo-kry-seang-long-WEB-ONLYទោះជាយ៉ាងណា កាលពីថ្ងៃច័ន្ទ មន្ត្រីក្រសួងពីររូបដែលសុទ្ធតែស្នើសុំមិនបញ្ចេញឈ្មោះដោយសារករណីនេះជាករណីដ៏រសើបនោះ បានបញ្ជាក់ថា លោក គ្រី ស៊ាងឡុង នៅបម្រើការនៅក្នុងក្រសួងនៅឡើយ។

មន្ត្រីម្នាក់បានលើកឡើងក្នុងសារបង្ហោះតាមអីុនធឺណិតថា “បន្ទាប់ពីត្រូវបានដកចេញពីតំណែងគាត់បានដាក់ច្បាប់សុំឈប់សម្រាករយៈពេល៣ខែ”។មន្ត្រីរូបនេះបានបន្ថែមថា “គាត់នៅបម្រើការជាមន្ត្រីរាជការនៅក្នុងក្រសួងនៅឡើយទេ”។

មន្ត្រីទី២បានលើកឡើងថា “គាត់នៅតែជាមន្ត្រីអប់រំ”។ មន្ត្រីទី២រូបនេះ បានបន្ថែមថា លោក គ្រី ស៊ាងឡុង “មិនបានបង្ហាញខ្លួននៅក្រសួងឡើយចាប់តាំងពីត្រឡប់មកពីប្រទេសកូរ៉េវិញ”។

ពេលទាក់ទងកាលពីម្សិលមិញ លោក ­ហាន ឌីវីន ប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំបានបដិសេធមិនឆ្លើយសំណួរពាក់ព័ន្ធនឹងការងាររបស់លោក គ្រី ស៊ាងឡុងឡើយដោយបង្វែរសំណួរទៅលោក រស់ សាលីន អ្នកនាំពាក្យក្រសួង។

លោក រស់ សាលីន ក៏បានបដិសេធមិនឆ្លើយសំណួរអំពីករណីនេះដែរ។ លោកបានមានប្រសាសន៍មុនពេលដាក់ទូរស័ព្ទរបស់អ្នកព័ត៌មានម្នាក់ចុះថា “អ្វីដែលយើងបានធ្វើគឺអនុលោមទៅតាមច្បាប់”។

លោក គ្រី ស៊ាងឡុង ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៦ខែមិថុនា ពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែជនជាតិកូរ៉េរបស់លោក បន្ទាប់ពីធ្វើជាតំណាងឲ្យប្រទេសកម្ពុជាអំឡុងវេទិកាស្តីពីការអភិវឌ្ឍន៍ធនធានមនុស្សអាស៊ានបូក៣ឆ្នាំ២០១៦(2016 Asean+3 HRD Forum) នេះបើយោងតាមការបញ្ជាក់ពីនគរបាលកូរ៉េខាងត្បូងកាលពីខែមុន។

យោងតាមលិខិតដែលលោក ឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងផ្ញើទៅកាន់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា  បន្ទាប់មកក្រសួងអប់រំបានបង់ប្រាក់ពិន័យជាង១២.០០០ដុល្លារសម្រាប់សំណងជំងឺចិត្ត និងថ្លៃសេវាផ្លូវច្បាប់ដើម្បីឲ្យមានការដោះលែងលោកពីមណ្ឌលឃុំឃាំងនៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី៨ ខែមិថុនា។

ប៉ុន្តែក្រសួងអប់រំមិនបានទទួលស្គាល់ករណីនេះជាសាធារណៈឡើយរហូតដល់ថ្ងៃទី២៣ខែមិថុនា ជាថ្ងៃដែលអត្ថបទមួយស្តីអំពីការចាប់ខ្លួននេះត្រូវបានចុះផ្សាយនៅក្នុងកាសែត ខេមបូឌា ដេលី ដោយអះអាងថា លោក គ្រី ស៊ាងឡុង ត្រូវបានតម្រូវឲ្យសងប្រាក់វិញ ហើយត្រូវបានដកចេញពីតំណែងជាប្រធាននាយកដ្ឋាន។

សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារដូច្នេះថា “ក្រុមប្រឹក្សាវិន័យរបស់ក្រសួងបានចាត់វិធានការរដ្ឋបាលរួចហើយ…ដោយបានដកតួនាទីពីប្រធាននាយកដ្ឋាន”។

នៅថ្ងៃបន្ទាប់ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានមួយផ្សេងទៀតឆ្លើយតបទៅនឹងការរិះគន់ចំពោះការដោះស្រាយរបស់ខ្លួននៅក្នុងករណីនេះ ដោយបញ្ជាក់ថា  លោក គ្រី ស៊ាងឡុង ត្រូវបានព្យួរពីមុខតំណែងបន្ទាប់ពីវិលត្រឡប់ពីទីក្រុងសេអ៊ូលមកវិញនៅថ្ងៃទី១០ ខែមិថុនា ហើយបានដកតួនាទីពីជាប្រធាននាយកដ្ឋានបួនថ្ងៃក្រោយមក។

ក្រសួងក៏បានចោទប្រកាន់អ្នករិះគន់ថាលាក់ពុត និងកំសាកផងដែរចំពោះការដែលពួកគេមិនបាន “រិះគន់ ឬចាត់វិធានការស្រដៀងគ្នានេះលើមេដឹកនាំគណបក្សនយោបាយរបស់ខ្លួនដែលមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ” ជាការសំដៅយ៉ាងច្បាស់ក្រឡែតដល់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងត្រូវបានសើុបអង្កេតពាក់ព័ន្ធរឿងស្នេហាលួចលាក់។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណ បក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញថា លោក គ្រី ស៊ាងឡុង “បាននាំភាពអាម៉ាស់” ដល់ក្រសួងអប់រំដែលអាចប្រឈមនឹងការខូចកេរ្តិ៍ ឈ្មោះតាមរយៈការរក្សាបុគ្គលរូបនេះឲ្យនៅធ្វើការដដែលនោះ។

លោកស្រីបានមានប្រសាសន៍ថា “ប្រសិន បើគាត់លេចមុខឡើងវិញនៅក្នុងប្រព័ន្ធនេះគាត់មិនអាចលាក់ខ្លួនបានឡើយ។ មានមនុស្ស ល្អនៅក្នុងក្រសួង មនុស្សដែលប្រកាន់គោលការណ៍។ ខ្ញុំសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងនេះនឹងមិនលាក់បាំងកំហុសរបស់គាត់ឡើយ”។

លោក ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាអ្នកធ្វើកំណែទម្រង់នោះមិនបាននិយាយស្តីអ្វីឡើយពាក់ព័ន្ធករណីនេះ។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានលើកឡើងក្នុងអីុម៉េលមួយថា លោកមិនភ្ញាក់ផ្អើលទេចំពោះការដែលថា លោក គ្រី ស៊ាងឡុង មិនត្រូវបានបណ្តេញចេញទាំងស្រុងនោះ។

លោកបានមានប្រសាសន៍ថា មាន “ករណីមួយចំនួនដែលមន្ត្រីសាធារណៈត្រូវបានបញ្ជាក់ថា បានប្រព្រឹត្តកំហុស ឬរំលោភច្បាប់ និងគោលការណ៍មួយចំនួន ប៉ុន្តែ ពួកគេត្រូវបានផ្ទេរទៅកាន់នាយកដ្ឋាន ឬស្ថាប័នផ្សេង ឬក៏បញ្ចុះឋានៈ ហើយនៅក្នុងករណីខ្លះថែមទាំងបានដំឡើងឋានៈទៀតផងនៅពេលក្រោយមក”។ លោកបានថ្លែងថា “ហេតុដូច្នេះ ប្រសិនបើវាជាករណីអ៊ីចឹងមែន វាគ្មានអ្វីប្លែកទេ”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស