34 C
Phnom Penh

អាជ្ញាធរ​​​តាម​​​ចាប់ខ្លួន​​​មន្ត្រី​​​នគរ​​​បាល​​​ពីរ​​​នាក់​​​ បន្ទាប់ពី​​​មានការ​​​គំរាម​​​អ្នក​​​យក​​​ព័ត៌មាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកយកព័ត៌មានម្នាក់ក្នុងខេត្តមណ្ឌលគិរីដែលបានឡើងដើមស្វាយដើម្បីមើលទៅក្នុងបរិវេណផ្ទះរបស់មន្ត្រីនគរបាលម្នាក់ដែលពាក្យចចាមអារ៉ាមថា មានការលាក់ឈើខុសច្បាប់កាលពីចុងសប្ដាហ៍នោះ បាននិយាយថា ក្រោយមកលោកត្រូវបានឃាត់ខ្លួន និងគំរាមវាយដំ។

លោក ឌឹម សឿន អ្នកយកព័ត៌មានឱ្យបណ្ដាញព័ត៌មានអប្សរាបានចោទប្រកាន់លោក សួស វ៉ូរ៉ា អធិការរងនគរបាលស្រុកកែវសីមា និងលោក សួស អង្គា ប្អូនប្រុសរបស់លោកដែលជាមន្ត្រីនគរបាលព្រំដែននៅក្នុងស្រុកនេះពីបទគំរាមរូបលោក។

យោងតាមលោក ជុយ សុខហេង នាយខណ្ឌរដ្ឋបាលព្រៃឈើកែវសីមាបានឲ្យដឹងថា មន្ត្រីនគរបាលទាំងពីរនាក់នេះមិនត្រូវបានគេឃើញទេ ចាប់តាំងពីមន្ត្រីរដ្ឋបាលព្រៃឈើបានឆែកឆេរបរិវេណផ្ទះរបស់លោក សួស វ៉ូរ៉ា ហើយបានរកឃើញឈើខុសច្បាប់មួយគំនរធំរួចមក។

លោក សុខហេង បានមានប្រសាសន៍កាលពីម្សិលមិញថា លោក សួស វ៉ូរ៉ា និងប្អូនប្រុសរបស់លោកមានពេល៣០ថ្ងៃដើម្បីបង់ប្រាក់ពិន័យសម្រាប់ឈើនេះ ហើយនឹងប្រឈមការចាប់ខ្លួន ប្រសិនបើពួកគេមិនបានបង់ប្រាក់ទេនោះ។

លោក ឌឹម សឿន បាននិយាយថា លោកបានទៅបរិវេណផ្ទះលោក សួស វ៉ូរ៉ា នៅម៉ោងប្រហែល៩ព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីអ្នកភូមិក្នុងមូលដ្ឋានម្នាក់បានប្រាប់លោកអំពីការលាក់ទុកឈើដ៏មានតម្លៃនៅក្នុងបរិវេណផ្ទះរបស់អធិការរងនគរបាលរូបនេះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ក្នុងឃុំស្រែខ្ទុម។

លោកបានមានប្រសាសន៍ថា លោកបានឃើញមនុស្សប្រហែល២០នាក់ រួមមានកម្មករជនជាតិវៀតណាមផង កំពុងលើកឈើដាក់ក្នុងរថយន្ត ហើយលោកបានទូរស័ព្ទទៅលោក សុខហេង ឲ្យធ្វើអន្តរាគមន៍។

លោក ឌឹម សឿន បានថ្លែងថា “ខ្ញុំបានឡើង ដើមស្វាយដើម្បីថតរូប ប៉ុន្តែកម្មករវៀតណាមបានឃើញខ្ញុំ ហើយស្រែកតែម្ដង។ ដូច្នេះហើយ ខ្ញុំបានសម្រេចចិត្តត្រឡប់មករថយន្តរបស់ខ្ញុំវិញយ៉ាងលឿន ប៉ុន្តែនៅពេលនោះមនុស្សប្រាំពីរនាក់បានឡោមព័ទ្ធរថយន្តរបស់ខ្ញុំ”។

លោកបាននិយាយថា លោក សួស វ៉ូរ៉ា និងលោក សួស អង្គា បានគំរាមវាយរូបលោក ហើយថា លោក សួស អង្គា បានលុបរូបថតរបស់លោកចោលទាំងអស់។

“ពួកគេបានរារាំងខ្ញុំមិនឲ្យចេញទេ ហើយលោក សួស វ៉ូរ៉ា បានសួរខ្ញុំថា ‘ហេតុអ្វីបានជាហ្អែងថតរូបអញអ៊ីចឹង? លោកឯងចង់ទារលុយពីអញឬ? ខ្ញុំបានឆ្លើយតបថា ខ្ញុំគ្រាន់តែមកយកព័ត៌មានតែប៉ុណ្ណោះ…ពួកគេបានឃាត់ខ្លួនខ្ញុំអស់រយៈពេលប្រហែល១ម៉ោងកន្លះ”។

លោក ឌឹម សឿន បាននិយាយថា ទាល់តែមន្ត្រីរដ្ឋបាលព្រៃឈើមកដល់នៅម៉ោងប្រហែល១០និង៣០នាទីព្រឹក ទើបលោកត្រូវបានអនុញ្ញាតឱ្យទៅវិញ។ លោកបាននិយាយថា “ខ្ញុំគិតថា នេះគឺជាការរំលោភបំពានធ្ងន់ធ្ងរលើសេរីភាពសារព័ត៌មាន”។

គេមិនអាចទាក់ទងលោក សួស វ៉ូរ៉ា និងលោក សួស អង្គារ បានទេ។ យោងតាមលោក សុខហេង មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានឱ្យដឹងថា ការឆែកឆេរបរិវេណផ្ទះរបស់លោក សួស វ៉ូរ៉ា បានរកឃើញឈើប្រហែល១១០កំណាត់ រួមមានឈើបេង និងធ្នង់ជាប្រភេទឈើប្រណីត និងឈើចំបក់ជាប្រភេទឈើលេខ៣។

លោកបានមានប្រសាសន៍ថា លោក សួស វ៉ូរ៉ា និងប្អូនប្រុសរបស់លោកបានរត់គេចខ្លួន ខណៈដែលនគរបាលកំពុងវាស់វែង និងរឹបអូសឈើទាំងនោះ។

លោកបានថ្លែងថា “ប្រសិនបើពួកគេមិនមកដោះស្រាយបញ្ហានេះទេនោះ យើងនឹងបញ្ជូនរបាយការណ៍ទៅសាលាដំបូងខេត្តដើម្បីសុំដីកាចាប់ខ្លួនពួកគេតែម្ដង”។ លោកបានបន្ថែមថា ក្រុមមន្ត្រីតុលាការក៏កំពុងស្វែងរកមន្ត្រីទាំងពីរនាក់នេះដែរ៕ សារុន         

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស