38 C
Phnom Penh

អភិបាល​ក្រុង​បានលុង​ ត្រូវ​ដក​ពី​តំណែង​​​ដោយសារ​ដឹកនាំ​​​​ផ្ដាច់​ការ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលក្រុងបានលុង ខេត្តរតនគិរីត្រូវបានដកចេញពីតំណែង បន្ទាប់ពីរងការចោទប្រកាន់ថាលោករើសអើង ប្រកាន់បក្ខពួកនិយម និងធ្វើ “ដូចជនផ្ដាច់ការ” ខណៈស្ថិតក្រោមការពិនិត្យពិច័យរបស់ថ្នាក់លើទៅហើយពាក់ព័ន្ធជម្លោះមួយជាមួយក្រុមអាជីវករផ្សារ និងតំណាងរាស្ត្រគណបក្សកាន់អំណាចមួយរូបកាលពីឆ្នាំមុន។

ការដកអភិបាល អ៊ុក សំអុល ចេញពីតំណែងត្រូវបានប្រកាសជាផ្លូវការតាមរយៈអនុក្រឹត្យចុះថ្ងៃទី២៨ ខែមិថុនា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីម្សិលមិញ។

លោក ញ៉ែម សំអឿន អភិបាលរងខេត្តនេះបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ងិន ណែល ដែលជាមន្ត្រីក្រសួងមហាផ្ទៃនឹងជំនួសតំណែងលោក អ៊ុក សំអុល ចំណែកឯលោក អ៊ុក សំអុល នឹងផ្លាស់ទៅកាន់មុខងារនៅសាលាខេត្ត។

លោកថ្លែងថា សេចក្ដីសម្រេចដកលោក អ៊ុក សំអុល មួយផ្នែកធំធ្វើឡើងដោយផ្អែកលើទង្វើបក្ខពួកនិយមជាញឹកញាប់របស់លោកក្នុងចំណោមមន្ត្រីក្រុងដូចជាការចាត់តាំងឱ្យបក្ខពួករបស់ខ្លួនបំពេញការងារដែលគេចង់បានខ្លាំងជាដើម។

លោកបន្តថា “គាត់រើសអើងក្នុងចំណោមមន្ត្រីដែលបានរារាំងការងារមិនឱ្យប្រព្រឹត្តទៅដោយរលូន។ ក្រសួងមហាផ្ទៃបានស៊ើបអង្កេត ហើយរកឃើញថា គាត់បានប្រព្រឹត្តកំហុសជាច្រើន។ នោះជាមូលហេតុដែលរដ្ឋាភិបាលសម្រេចដកគាត់ចេញពីតំណែង”។ ប៉ុន្តែ លោកបញ្ជាក់ថា សេចក្ដីសម្រេចនេះក៏កើតចេញពីជម្លោះជាមួយអាជីវករផ្សារក្នុងទីក្រុងនេះកាលពីឆ្នាំមុនដែរ។

កាលពីខែមេសា ឆ្នាំ២០១៥ អាជីវករផ្សារ និងប្រជាពលរដ្ឋរស់នៅក្បែរនោះប្រមាណជាង២០០នាក់បានធ្វើញត្តិតវ៉ាប្រឆាំងផែនការរបស់លោក អ៊ុក សំអុល ចាប់យកដីជាប់ផ្សារ ដើម្បីសាងសង់តូបបន្ថែមទៀតលើដីនោះ ហើយដាក់ជួលតូបទាំងនោះ។

ពេលនោះលោក សា លាង ជាពាណិជ្ជករដែលទទួលបានការអនុញ្ញាតឲ្យអភិវឌ្ឍផ្សារនេះតាំងពីមុនពេលលោក អ៊ុក សំអុល ត្រូវបានតែងតាំងជាអភិបាលស្រុក បានបញ្ចុះបញ្ចូលសុំការគាំទ្រពីលោក ប៊ូ ឡាំ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលបានកាន់ជើងខាងពាណិជ្ជករ និងអ្នកធ្វើញត្តិ ហើយចោទប្រកាន់អភិបាលក្រុងរូបនេះថាបានធ្វើសកម្មភាពចាប់យកដីធ្លី។ ចំណែកឯទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានសម្រេចគាំទ្រលោក សា លាង កាលពីខែកញ្ញា។

នៅពេលនោះ លោក ញែម សំអឿន បញ្ជាក់ថា មុខតំណែងរបស់អភិបាលក្រុងរូបនេះមានសុវត្ថិភាពធម្មតា។ លោកបានប្រាប់អ្នកយកព័ត៌មានម្នាក់ថា ”យើងនឹងមិនដកអភិបាលក្រុងបានលុង អ៊ុក សំអុល ចេញពីតំណែងទេ ពីព្រោះគាត់មិនបានធ្វើអ្វីខុសផង។ យើងគ្រាន់តែណែនាំគាត់ប៉ុណ្ណោះ”។

ទោះជាយ៉ាងណា កាលពីម្សិលមិញ លោកលើកឡើងថា សេចក្ដីសម្រេចនេះត្រូវបានកែប្រែដោយសារមានពាក្យបណ្ដឹងកាន់តែច្រើនឡើងៗ។ លោកបានមានប្រសាសន៍ថា “ដំបូងឡើយ យើងសម្រេចមិនដកគាត់ចេញទេ ប៉ុន្តែគាត់ចេះតែបន្តធ្វើខុសទៀត។ គាត់គ្មានជំនាញភាពជាអ្នកដឹកនាំ និងធ្វើដូចជាជនផ្ដាច់ការ ហើយមន្ត្រីក្រោមបង្គាប់របស់គាត់មិនសប្បាយចិត្តចំពោះទង្វើរបស់គាត់ឡើយ”។

ជាការឆ្លើយតប លោក អ៊ុក សំអុល មានប្រសាសន៍ថា លោកមិនធ្លាប់ទទួលបានការព្រមានថា ថ្នាក់លើរបស់លោកមិនពេញចិត្តការធ្វើការងាររបស់លោកនោះទេ ហើយថា ការចោទប្រកាន់ទាំងនេះមកលើរូបលោកគឺមិនពិតឡើយ។

លោកបានបន្តថា “ខ្ញុំមិនដឹងថា ខ្ញុំបានធ្វើអ្វីខុសទេ ហើយថ្នាក់លើក៏មិនធ្លាប់ហៅខ្ញុំទៅអប់រំណែនាំចំពោះកំហុសឆ្គងដែរ។ ខ្ញុំសុំបដិសេធ [ការចោទប្រកាន់] ពីព្រោះខ្ញុំមិនដែលរើសអើងប្រកាន់បក្ខពួកដូចលោកអភិបាលរងខេត្តអះអាងទេ”។

លោក ញែម សំអឿន មានប្រសាសន៍ថា អភិបាលក្រុងរូបនេះត្រូវបានណែនាំដដែលៗឲ្យកែប្រែអត្តចរិតចេញ ប៉ុន្តែនៅតែមិនព្រមធ្វើតាម។ លោកបានបញ្ជាក់ថា លោក អ៊ុក សំអុល ទំនងជាត្រូវផ្ទេរទៅបំពេញការងារនៅការិយាល័យរដ្ឋបាលរបស់សាលាខេត្តដែលលោកធ្លាប់ធ្វើការកាលពីមុន។ ចំណែកឯអភិបាលក្រុងថ្មីដែលនឹងចូលកាន់តំណែងឆាប់ៗនេះ គឺលោក ងិន ណែល ជាប្រធានពន្ធនាគារខេត្តរតនគិរី មុនពេលលោកផ្លាស់ទៅក្រសួងមហាផ្ទៃកាលពីប្រហែល២ឆ្នាំមុន៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស