34 C
Phnom Penh

បុរស​​​​ម្នាក់​​ដែល​​អ្នក​​​​​​ភូមិ​​​​ចោទ​ថាចេះ​អំពើ​អាបធ្មប់​ ត្រូវ​ខ្មាន់​កំាភ្លើង​បាញ់​​សម្លាប់​​​ដល់​​ផ្ទះ​នៅ​​ពោធិ៍សាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសម្នាក់ដែលរងការចោទប្រកាន់ថាបានប្រើអំពើអាបធ្មប់ធ្វើឲ្យប្រជាជនក្នុងភូមិរបស់គាត់ធ្លាក់ខ្លួនឈឺ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនប្រាំគ្រាប់បណ្ដាលឲ្យស្លាប់ក្នុងផ្ទះរបស់ជនរងគ្រោះនៅខេត្តពោធិ៍សាត់ ហើយនគរបាលចាត់ថា ឃាតកម្មនេះជាករណីសងសឹក។

លោក ស្រី ឈុំណេត នាយប៉ុស្តិ៍ឃុំបានមានប្រសាសន៍កាលពីម្សិលមិញថា ជនដៃដល់បានចូលទៅជិតផ្ទះរបស់ជនរងគ្រោះក្នុងឃុំអន្លង់វិល ស្រុកកណ្ដៀង វេលាម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃច័ន្ទ ហើយបានប្រើកាំភ្លើងអាកា៤៧ បាញ់ទៅលើលោក ឆែម យិន អាយុ៣៤ឆ្នាំចំដើមទ្រូង ជើង និងស្មា។ “នគរបាលរបស់យើងកំពុងស្រាវជ្រាវតាមចាប់ខ្លួនឃាតករដែលបានគេចខ្លួនពីកន្លែងកើតហេតុ”។

លោកគូសបញ្ជាក់ថា កាលពីមុនក្រុមអ្នកភូមិព្រែកតាគង់ ធ្លាប់បានប៉ុនប៉ងសម្លាប់លោក ឆែម យិន ចំនួនបួនលើករួចមកហើយ បន្ទាប់ពីចោទប្រកាន់គាត់ថាប្រើអំពើអាបធ្មប់ឱ្យអ្នកភូមិធ្លាក់ខ្លួនឈឺ ហើយបានដាក់ពាក្យប្ដឹងទៅនគរបាលកាលពីឆ្នាំ២០១៤។ “ឃាតកម្មនេះគឺជាការសងសឹក ពីព្រោះអ្នកភូមិជឿថាគាត់គឺជាគ្រូអាបធ្មប់”។

នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា មានជំនឿទូទៅលើអំពើអាបធ្មប់ ហើយជាញឹកញាប់អ្នកដែលជាប់សង្ស័យប្រើអំពើអាបធ្មប់ក្នុងចេតនាអាក្រក់ រមែងប្រឈមនឹងអំពើហិង្សា។

លោក ស្រី ឈុំណេត ថ្លែងថា លោក ឆែម យិន ត្រូវបានចោទសួរថា តើគាត់ចេះអំពើអាបធ្មប់ឬក៏អត់ “ប៉ុន្តែគាត់បានប្រាប់អ្នកភូមិ និងនគរបាលថា គាត់មិនចេះអំពើអាបធ្មប់ទេ”។

លោក កែវ សុគន្ធា ស្នងការរងខេត្តមានប្រសាសន៍ថា អ្នកភូមិសង្ស័យថា ឪពុករបស់លោក ឆែម យិន គឺជាគ្រូអាបធ្មប់ ហើយបានផ្ទេរមន្តអាគមនេះឲ្យទៅកូនប្រុសរបស់គាត់។ “គាត់មិនមែនជាមនុស្សអាក្រក់ទេ ប៉ុន្តែប្រជាជនភាគច្រើននៅក្នុងភូមិមិនចូលចិត្តគាត់ទេ ពីព្រោះពួកគេជឿថាគាត់ចេះអំពើអាបធ្មប់ពីឪពុករបស់គាត់។ ខ្ញុំបានឮថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្លាប់បានប៉ុនប៉ងសម្លាប់ជនរងគ្រោះ [កាលពីមុន] ប៉ុន្តែគ្មានអ្នកដឹងថាពួកគេជាអ្នកណាទេ”។

លោក តុល សុភ័ក្រ អតីតស្មៀនឃុំអន្លង់វិល មានប្រសាសន៍ថា ធ្លាប់មានការប៉ុនប៉ងសម្លាប់លោក ឆែម យិន ចំនួនបួនលើកអំឡុងអាណត្តិការងាររបស់លោកដែលបានបញ្ចប់កាលពីឆ្នាំ២០១០ ប៉ុន្តែលោក ឆែម យិន មិនដែលដាក់ពាក្យប្ដឹងទៅនគរបាលទេ។

ក្នុងករណីមុនៗដែលស្រដៀងគ្នានឹងករណីនេះ កសិករម្នាក់ឈ្មោះ នាក់ កំព្រា អាយុ២៨ឆ្នាំនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានឃាតករចាក់សម្លាប់កាលពីឆ្នាំមុនដោយសារសង្ស័យថាចេះអំពើអាបធ្មប់។ នៅមួយសប្ដាហ៍មុននោះ គ្រូឱសថបុរាណម្នាក់ឈ្មោះ ប៉ាក់ សុភា អាយុ៥៣ឆ្នាំនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវជនល្មើសកាត់ក្បាលដែលទំនងដោយសារជនល្មើសជឿថា ជនរងគ្រោះជាគ្រូអំពើអាបធ្មប់ នេះបើយោងតាមសមត្ថកិច្ចបានលើកឡើងនៅពេលនោះ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស