41.3 C
Phnom Penh

ក្រសួង​អប់រំ​និង​ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន​សន្យាផ្តល់​អីុនធឺណិត​ប្រើប្រាស់​សម្រាប់​សាលា​រៀន​សាធារណៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រសួងអប់រំបានប្រកាសអំពីផែនការរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន មិត្តហ្វូនក្នុងការផ្តល់អីុនធឺណិតប្រើប្រាស់ដល់គ្រឹះស្ថានអប់រំសាធារណៈចំនួន៥.០០០កន្លែងទូទាំងប្រទេស។

ប៉ុន្តែ មន្ត្រីក្រសួងម្នាក់ និងក្រុមអ្នកជំនាញបានលើកឡើងថា សាលាជាច្រើនមិនអាចទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះក្នុងពេលឆាប់ៗនេះបានទេ ដោយសារនៅខ្វះសេវាគ្របដណ្តប់ អគ្គិសនី និងសម្ភារប្រើប្រាស់។

អនុស្សរណៈនៃការយោគយល់រវាងក្រសួង និងក្រុមហ៊ុនទូរស័ព្ទនេះផ្តោតគោលដៅលើសាលារៀនសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងការិយាល័យរដ្ឋបាលក្រសួង។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានមានប្រសាសន៍ថា សាលារៀនរាប់ពាន់កន្លែងស្ថិតនៅក្នុងតំបន់ដែលមានការតភ្ជាប់ចរន្តអគ្គិសនី និងទូរគមនាគមន៍នឹងអនុញ្ញាតឲ្យតភ្ជាប់បណ្តាញអីុនធឺណិតបាន។

លោកបានថ្លែងថា “ជាការពិត មានសាលារៀនជាង៥.០០០កន្លែងក្នុងប្រទេសកម្ពុជាដែលអាចតភ្ជាប់ប្រព័ន្ធអីុនធឺណិតបាន ប៉ុន្តែ យើងបានជ្រើសរើសសាលារៀន៣៦០កន្លែងដើម្បីធ្វើមុនគេនៅខែកក្កដានេះ”។

លោកបានបន្ថែមថា សាលារៀនត្រូវបានជ្រើសរើសដែលនឹងទទួលបានអត្ថប្រយោជន៍ពីការចាប់ផ្តើមដំបូងនេះស្ថិតក្នុងរាជធានីភ្នំពេញ និងតំបន់ក្រុងផ្សេងៗទៀត។

លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានដែលក្រសួងទើបបង្កើតឡើងថ្មីៗបានមានប្រសាសន៍ថា ដោយសារតែខ្វះខាតកុំព្យូទ័រនៅតាមសាលារៀនជាច្រើននោះ អីុនធឺណិតនឹងប្រើប្រាស់តាមរយៈទូរស័ព្ទស្មាតហ្វូនផ្ទាល់ខ្លួន។

លោកបានមានប្រសាសន៍ថា ”បើទោះជាពួកគេមិនមានកុំព្យូទ័រក៏ដោយ ក៏ពួកគេ… អាចប្រើប្រាស់អីុនធឺណិតតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនបានដែរ។ គ្រូនិងសិស្សភាគច្រើនមានទូរស័ព្ទស្មាតហ្វូន មិនថាអ៊ីចឹង?”។ លោកបានបន្ថែមថា សាលាមធ្យមសិក្សាភាគច្រើនយ៉ាងហោចណាស់ក៏មានកុំព្យូទ័រមួយគ្រឿងដែរសម្រាប់បម្រើការរដ្ឋបាល។

យោងតាមលោក Javier Sola ប្រធានកម្មវិធីនៅវិទ្យាស្ថានបើកទូលាយ ជាអង្គការមិនមែនរដ្ឋាភិបាលដែលបង្កើតបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការអប់រំបានឲ្យដឹងថា ឧបសគ្គចម្បងបំផុតដែលរាំងស្ទះដល់ការប្រើប្រាស់អីុនធឺណិតនៅតាមសាលារៀន គឺកង្វះអគ្គិសនីហ្នឹងឯង។

លោកបានថ្លែងថា “មួយភាគធំនៃប្រទេសកម្ពុជាមិនមានអគ្គិសនីប្រើប្រាស់ទេ ជាពិសេសនៅតាមសាលាបឋមសិក្សា។ការពង្រីកមិនអាចធ្វើលឿនបានទេ ពីព្រោះអគ្គិសនីនៅតែជាបញ្ហានៅឡើយ”។

ទោះជាយ៉ាងណា ប្រធានកម្មវិធីរូបនេះបានថ្លែងថា ផែនការរបស់ក្រសួងគឺជាជំហានមួយក្នុងទិសដៅត្រូវ។

លោកបានមានប្រសាសន៍ថា “គ្រូបង្រៀនកាន់តែច្រើនឡើងៗមានទូរស័ព្ទស្មាតហ្វូនដែលអាចប្រើប្រាស់អីុនធឺណិតបាន។ ដូច្នេះខ្ញុំគិតថា វានឹងមានអត្ថប្រយោជន៍បំផុតចំពោះប្រព័ន្ធអប់រំទូទៅ” ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស