27 C
Phnom Penh

រដ្ឋាភិបាល​ទទួល​បាន​សារ​ក្រោយពី​ការ​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ថា​ពិភពលោក​កំពុង​ឃ្លាំមើល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីការថ្កោលទោសពីពិភពលោកលើរដ្ឋាភិបាលកម្ពុជានៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ក្រុមសិទ្ធិមនុស្សបានផ្ញើសារមួយទៅគណបក្សកាន់អំណាចនៅថ្ងៃអង្គារថា ពិភពលោកនឹងមិន “ធ្វើមិនដឹងមិនឮ” ចំពោះការខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្ក្រាបក្រុមប្រឆាំងនិងក្រុមអ្នករិះគន់ផ្សេងទៀតនោះទេ។

cam-photo-foreign-pressureសេចក្តីថ្លែងការណ៍ ដែលចុះហត្ថលេខាដោយអង្គការសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិចំនួនប្រាំពីរ លើកឡើងនូវការរិះគន់ជាទូទៅលើរដ្ឋាភិបាលនៅអំឡុងសម័យប្រជុំលើកទី៣២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានបញ្ចប់កាលពីថ្ងៃសុក្រនៅទីក្រុងហ្សឺណែវ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា “សេចក្តីថ្លែងការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សបង្ហាញថា ពិភពលោកនឹងមិនធ្វើមិនដឹងមិនឮ នៅពេលដែលរដ្ឋាភិបាលកម្ពុជារំលោភយ៉ាងគំរលលើប្រព័ន្ធច្បាប់និងតុលាការរបស់ខ្លួន ដើម្បីបំបិទសំឡេងឯករាជ្យនិងសង្គមស៊ីវិល”។

សេចក្តីថ្លែងការណ៍លើកឡើងនូវការរិះគន់ខ្លាំងៗពីសំណាក់អាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប ស្របជាមួយនឹងការអត្ថាធិប្បាយពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន (Zeid Ra’ad Al Hussein) ដែលបានកត់សម្គាល់ឃើញ “ការរឹតត្បិតកាន់តែខ្លាំងនិងគួរឲ្យសោកស្តាយ” នៃលំហប្រជាធិបតេយ្យនៅកម្ពុជា ក្នុងការថ្លែងបើករបស់លោកទៅកាន់ក្រុមប្រឹក្សានេះកាលពីថ្ងៃទី១៣ខែមិថុនា។

សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ការព្រួយបារម្ភពីប្រទេសជប៉ុន ជាប្រទេសគាំទ្រសំខាន់នៃសេចក្តីសម្រេចក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ដែលជាប្រវត្តិសាស្ត្រមិនសូវនិយាយច្រើនដូចបណ្តារដ្ឋាភិបាលបស្ចិមប្រទេស ក្នុងការរិះគន់របស់ខ្លួនលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។

យោងតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសជប៉ុនបានបង្ហាញកង្វល់របស់ខ្លួនទាក់ទិននឹង “ភាពតានតឹងនយោបាយកាន់តែខ្លាំងនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យមានការរួមតូចខ្លាំងនៃលំហសម្រាប់សកម្មភាពស្របច្បាប់និងជាធម្មតារបស់គណបក្សប្រឆាំងនានានិងបណ្តាអង្គការសង្គមស៊ីវិល”។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល បានដាក់ទូរស័ព្ទចុះមិននិយាយជាមួយអ្នកកាសែតកាលពីថ្ងៃអង្គារ។

អំឡុងសម័យប្រជុំនៅទីក្រុងហ្សឺណែវ លោក នៃ សំអុល តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា រដ្ឋាភិបាល “ប្រកាន់ខ្ជាប់យ៉ាងច្បាស់លាស់តាមនីតិរដ្ឋ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ”។

លោក ខាល ថាយ័រ (Carl Thayer) អ្នកជំនាញខាងអាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាកងកម្លាំងការពារជាតិអូស្ត្រាលី (Australian Defense Force Academy) បានមានប្រសាសន៍ថា លោក ហ៊ុន សែន ទំនងនឹងបន្តមិនយកចិត្តទុកដាក់នឹងការរិះគន់ទេ ទាល់តែមានផែនការចាំបាច់ដើម្បីធ្វើឲ្យម្ចាស់ជំនួយបរទេសស្ងប់ចិត្តប៉ុណ្ណោះ ក្នុងពេលដែលការបោះឆ្នោតឃុំសង្កាត់ខិតជិតមកដល់នៅឆ្នាំក្រោយ។

លោកបាននិយាយថា “ក្រុមអ្នករិះគន់ក្នុងប្រទេសកម្ពុជាកំពុងសម្លឹងមើលរកការបញ្ចប់ភាពទាល់ច្រកក្នុងប្រទេសដោយនាំយកលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញ ដោយការលើកលែងទោស ហើយសម្រាប់គណបក្សប្រជាជនកម្ពុជាបន្ថយការវាយប្រហាររបស់ខ្លួនលើគណបក្សប្រឆាំង ដើម្បីឲ្យការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧សេរីនិងត្រឹមត្រូវ”។

“ក្នុងខណៈនេះយើងកំពុងមើលឃើញការសាកល្បងនៃឆន្ទៈនយោបាយ។ លោក ហ៊ុន សែន លេងល្បែងនេះយ៉ាងល្អ ហើយនៅពេលដែលឱកាសល្អហុចឲ្យ លោកនឹងគ្រាន់តែធ្វើសម្បទានត្រឹមត្រូវដើម្បីទប់ស្កាត់ការអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោកប៉ុណ្ណោះ”។

លោក កែម ឡី អ្នកវិភាគនយោបាយ បានមានប្រសាសន៍ថា លោកក៏ជឿដែរថា រដ្ឋាភិបាលនៅទីបញ្ចប់នឹងធ្វើសម្បទានដែលចៀសមិនផុត ដើម្បីបញ្ចៀសការកាត់ជំនួយបរទេស ដែលត្រូវបានស្នើឡើងរួចហើយដោយសភាអឺរ៉ុបនិងព្រឹទ្ធសភាអាមេរិក។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ខ្ញុំគិតថា គេឆ្លាតវាងវៃក្នុងការឆ្លើយតបទៅនឹងសំណួរឬសេចក្តីថ្លែងការណ៍ទាំងនោះ”។

លោកបាននិយាយបន្ថែមថា “គេត្រូវការពេលថែមទៀតដើម្បីរក្សាមុខមាត់របស់ខ្លួន មុនពេលចាត់វិធានការណាមួយដោយធ្វើតាមសេចក្តីថ្លែងការណ៍នោះ។ បើមិនធ្វើតាមទេ ខ្ញុំអាចនិយាយបានថា ប្រហែលជាពួកគេនឹងសម្លាប់ខ្លួនឯងហើយ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស