26.6 C
Phnom Penh

របាយការណ៍ថ្មី​​របស់​ ក្លូបល វីត​​​ណេស ​​លាត​ត្រដាង​អាណាចក្រ​​ជំនួញ​របស់​​​គ្រួសារ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសថា លោកទទួលបានប្រាក់ចំណូលមិនដល់១៤.០០០ដុល្លារផងទេក្នុង១ឆ្នាំ ស្របពេលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការបង្ខំឲ្យមន្ត្រីកំពូលៗគោរពតាមច្បាប់ប្រឆាំងអំពើពុករលួយថ្មី ដែលតម្រូវឲ្យពួកគេប្រកាសទ្រព្យសម្បត្តិលាក់បាំងរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីដែលរងការចោទប្រកាន់ទូទៅថាដឹកនាំរបបពុករលួយបំផុតមួយក្នុងពិភពលោក បានមានប្រសាសន៍បន្ថែមដោយមិនគួរសមថា “ខ្ញុំនឹងទទួលបានការជួយឧបត្ថម្ភពីកូនៗរបស់ខ្ញុំ។ ខ្ញុំមិនបណ្ដោយឱ្យខ្លួនឯងងាប់ទេ”។

Ousted Thai Prime Minister Thaksin, former Thai Prime Minister Somchai and Cambodian Prime Minister Hun Sen pose with Hun Sen's extended family during their meeting at the latter's house in Phnom Penhជាការពិតណាស់ កូនៗ និងមហាគ្រួសាររបស់លោកមានភាគហ៊ុនធំៗក្នុងក្រុមហ៊ុនជាង១០០ដែលមានដើមទុនសរុបជាង២០០លានដុល្លារនៅក្នុងវិស័យនានាពាសពេញសេដ្ឋកិច្ច នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការក្លូបល វីតណេស (Global Witness) ដែលលាតត្រដាងពីទំហំអាណាចក្រជំនួញរបស់គ្រួសារនាយករដ្ឋមន្ត្រី។

ក្នុងរបាយការណ៍មានឈ្មោះថា “ការគ្រប់គ្រងដ៏អរិភាព” (Hostile Takeover) ដែលចេញផ្សាយនៅថ្ងៃេនះ អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ព្រមានវិនិយោគិនបរទេសបច្ចុប្បន្ន និងវិនិយោគិនបរទេសដែលចង់មកវិនិយោគនៅទីនេះអំពីហានិភ័យនៃការមានទំនាក់ទំនងជាមួយក្រុមហ៊ុនទាំងនោះ ដែលខ្លះរងការចោទប្រកាន់ថាបានបំពានច្បាប់ដោយនិទណ្ឌភាពនៅក្នុងបរិយាកាសដ៏សែនពុករលួយក្រោមការគ្រប់គ្រងដែលស្ទើរតែគ្មានការត្រួតពិនិត្យរបស់លោក ហ៊ុន សែន។

លោក ស្តេហ្វិន ភីល (Stephen Peel) សមាជិកក្រុមប្រឹក្សានាយកនៅអង្គការក្លូបល វីតណេស និងជាអតីតដៃគូក្រុមហ៊ុនមូលបត្រឯកជនបានលើកឡើងក្នុងរបាយការណ៍នេះថា “ការធ្វើជំនួញជាមួយក្រុមហ៊ុននានាដែលជារបស់ ឬគ្រប់គ្រងដោយគ្រួសារកាន់អំណាចនៅក្នុងប្រទេស មិនត្រឹមតែបង្កឲ្យមានការចោទសួរអំពីក្រមសីលធម៌ប៉ុណ្ណោះទេ វាក៏មានហានិភ័យខ្លាំងណាស់ដែរខាងផ្លូវច្បាប់ ហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះ។ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន វិនិយោគិននៅកម្ពុជា ត្រូវពិនិត្យពិច័យដោយប្រុងប្រយ័ត្នដើម្បីធ្វើឲ្យប្រាកដថា ប្រាក់របស់ខ្លួនមិនត្រូវបានបញ្ជូនចូលក្នុងយុទ្ធនាការគាបសង្កត់របស់លោក ហ៊ុន សែន”។

លោក ភែទ្រីក អែលី (Patrick Alley) សហស្ថាបនិកអង្គការនេះបានមានប្រសាសន៍ថា “គ្រួសាររបស់គាត់បានក្តោបក្តាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយប្រជាជនក្នុងរាជធានីភ្នំពេញ ទំនងជាព្យាយាមជាច្រើនដងក្នុងមួយថ្ងៃដើម្បីចៀសវាងការរកលុយឲ្យអ្នកគាបសង្កត់ពួកគេ។វិនិយោគិនបរទេសអាច និងគួរតែដកខ្លួនចេញពីរបបមួយនេះដែលសម្លាប់មនុស្ស បំភិតបំភ័យ និងចាប់អ្នករិះគន់ខ្លួនដាក់ពន្ធនាគារ”។

ដោយភាគច្រើនដកស្រង់ចេញពីសំណុំឯកសារសាជីវកម្មសាធារណៈរបស់ក្រសួងពាណិជ្ជកម្មដែលអាចរកបានតាមប្រព័ន្ធអុីនធឺណិត អង្គការក្លូបល វីតណេស បានភ្ជាប់សាច់ញាតិ២១នាក់របស់លោក ហ៊ុន សែន រាប់ចាប់ពីកូនៗ និងបងប្អូនបង្កើតរហូតដល់សាច់ថ្លៃ ក្មួយប្រុស ក្មួយស្រី និងប្ដីប្រពន្ធរបស់ពួកគេទៅនឹងក្រុមហ៊ុនក្នុងស្រុកចំនួន១១៤ ដែលពួកគេជាម្ចាស់ ជាប្រធាន ជាអ្នកដឹកនាំ ឬក៏វិនិយោគនៅក្នុងក្រុមហ៊ុនទាំងនោះ។ ក្រុមហ៊ុនទាំងនោះមាននៅពាសពេញក្នុងវិស័យចំនួន២០ រាប់ចាប់ពីវិស័យហិរញ្ញវត្ថុរហូតដល់វិស័យព្រៃឈើ ហើយមានកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនយីហោអន្តរជាតិធំៗ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន General Electric ផងដែរ។

អង្គការក្លូបល វីតណេស និយាយថា លទ្ធផលដែលខ្លួនរកឃើញគ្រាន់តែមួយចំណែកតូចប៉ុណ្ណោះ ពីព្រោះសំណុំឯកសារទាំងនោះមិនចុះបញ្ជីនាយក ឬម្ចាស់ភាគហ៊ុនទាំងអស់ជាលក្ខណៈប្រព័ន្ធទេ ពីព្រោះក្រសួងពាណិជ្ជកម្មបង្ហោះតែភាគហ៊ុនដែលប្រកាសជាផ្លូវការប៉ុណ្ណោះ។របាយការណ៍នេះគូសបញ្ជាក់ថា គេជឿថាក្រុមវីរជននៅក្នុងប្រទេសកម្ពុជា បានលាក់បាំងយ៉ាងច្រើននូវផលប្រយោជន៍សាជីវកម្មរបស់ខ្លួននៅពីក្រោយសហការី ក្រុមហ៊ុនដែលមានតែសម្បកក្រៅ និងមានឈ្មោះមិនពិត។

និយាយពីអ្វីដែលបានចុះបញ្ជី លោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រី គឺជារាជិនីនៃអាណាចក្រជំនួញរបស់គ្រួសារនេះ។ លោកស្រីប្រហែលជាមានឈ្មោះល្បីល្បាញបំផុតដោយសារភាគហ៊ុនរបស់លោកស្រីក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលរួមមានទូរទស្សន៍បាយ័ន និងកាសែតកម្ពុជាថ្មី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្នុងកណ្តាប់ដៃយ៉ាងណែនរបស់គ្រួសារនាយករដ្ឋមន្ត្រី និងក្រុមរបស់ខ្លួន។

ទោះជាយ៉ាងណា កំណត់ត្រារបស់ក្រសួងពាណិជ្ជកម្មបានភ្ជាប់លោកស្រី ហ៊ុន ម៉ាណា ទៅនឹងក្រុមហ៊ុនសរុបចំនួន២២ ដោយក្នុង១៨ក្រុមហ៊ុន លោកស្រីជាប្រធាន ឬជានាយក ដែលមានដើមទុនភាគហ៊ុនចុះបញ្ជីចំនួន៦៦,៧លានដុល្លារ។ ក្រៅពីភាគហ៊ុនរបស់លោកស្រីក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ភាគហ៊ុនផ្សេងៗទៀតរួមមានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Moon Media ក្រុមហ៊ុន The Museum Company ដែលគ្រប់គ្រងសារមន្ទីរជាតិអង្គរក្នុងក្រុងសៀមរាប ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលក្រសួងទេសចរណ៍ណែនាំឲ្យធ្វើពិធីជាផ្លូវការ ក្រុមហ៊ុនវិនិយោគរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Cambodia Electricity Private ដែលលក់អគ្គិសនីឱ្យទៅក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរបស់រដ្ឋ EDC ជាដើម។

បុរស និងស្ត្រីអ្នកជំនួញសំខាន់ៗផ្សេងទៀតនៃត្រកូល ហ៊ុន នៅក្នុងកំណត់ត្រាទាំងនោះរួមមានលោកស្រី ហ៊ុន សេងនី ជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី លោកស្រី ហ៊ុន ចន្ថា លោកស្រី ហ៊ុន គឹមឡេង ជាកូនស្រីរបស់លោក ហ៊ុន ណេង ដែលជាបងប្រុសរបស់លោកនាយករដ្ឋមន្ត្រី លោកស្រី ពេជ្រ ច័ន្ទមុន្នី ជាភរិយារបស់លោក ហ៊ុន ម៉ាណែត លោកស្រី យឹម ឆៃលីន ជាភរិយារបស់លោក ហ៊ុន ម៉ានី និងលោក សុខ ពុទ្ធិវុធ ជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាលី ដែលជាកូនស្រីរបស់លោកនាយករដ្ឋមន្ត្រី។

របាយការណ៍នេះមិនបង្ហាញភ័ស្តុតាងជាក់លាក់ណាមួយថា គ្រួសារនេះទទួលបាន ឬពង្រីកផលប្រយោជន៍មុខជំនួញរបស់ខ្លួនដោយខុសច្បាប់នោះទេ ប៉ុន្តែបានបង្ហាញពីការរំលោភច្បាប់ និងសិទ្ធិខ្លះដោយក្រុមហ៊ុនមួយចំនួនក្នុងចំណោមនោះ ដែលសុទ្ធតែត្រូវបានធ្វើសេចក្តីរាយការណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីឆ្នាំ២០១៣ បុគ្គលិកនៅរោងចក្រកាត់ដេរអេសអិលក្នុងរាជធានីភ្នំពេញបានប្រាប់ថា លោកស្រី ហ៊ុន សេងនី ជាម្ចាស់ក្រុមហ៊ុនសន្តិសុខ ហ្គារូដា (Garuda Securities ) ដែលផ្តល់ឲ្យរោងចក្រនេះនូវសន្តិសុខ ដែលសហជីពចោទប្រកាន់ថា បានវាយដំលើកម្មករអំឡុងពេលធ្វើកូដកម្ម។

កាលពីឆ្នាំ២០១០ បុគ្គលិកម្នាក់នៅក្រុមហ៊ុនអេច អិល អេច អាគ្រីខាល់ឈ័រ ( HLH Agriculture)បានប្រាប់ថា លោកស្រី ហ៊ុន សេងនី ជាប្រធានក្រុមហ៊ុននេះ។ ក្រុមមន្ត្រីក្នុងខេត្តកំពង់ស្ពឺជាកន្លែងដែលក្រុមហ៊ុននេះគ្រប់គ្រងចម្ការពោតមួយកន្លែង បានបញ្ជាក់ពីទំនាក់ទំនងអាជីវកម្មនេះ នេះបើយោងតាមមន្ត្រីសិទ្ធិមនុស្ស និងអ្នកភូមិមូលដ្ឋានដែលចោទប្រកាន់ក្រុមហ៊ុននេះថា បានកាប់ឈើខុសច្បាប់ក្នុងតំបន់នោះ។

លោក យឹម លាង បងថ្លៃរបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រីមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណដែលពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏ជូរចត់ទាក់ទិននឹងដីមួយកន្លែងដែលក្រុមហ៊ុននេះចង់បាននៅក្នុងខណ្ឌទួលគោកក្នុងរាជធានីភ្នំពេញ។គ្រួសារដែលរស់នៅលើដីនេះបានចោទប្រកាន់ក្រុមហ៊ុននេះបានជួលមនុស្សមួយក្រុមឲ្យមកប្រើអំពើហិង្សាលើពួក

គាត់ ហើយមានពេលមួយនោះ ថែមទាំងបានបោះពស់វែកមួយការ៉ុងតាមបង្អួចចូលក្នុងផ្ទះរបស់ពួកគាត់ទៀតផង។ បន្ទាប់ពីឪពុក និងកូនស្រីត្រូវបានចាប់ដាក់ពន្ធនាគារដោយសារតែវិវាទនេះ ពួកគាត់បានដោះស្រាយជាមួយក្រុមហ៊ុន ហើយបានរួចពីពន្ធនាគារមកវិញ។

កំណត់ត្រាអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្មក៏បានចុះបញ្ជីលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រីថា ជាប្រធានក្រុមហ៊ុនអគ្គិសនី Cambodia Electricity Private ជាមួយបងប្អូនស្រីរបស់លោកគឺលោកស្រី ហ៊ុន ម៉ាណា និងលោកស្រី ហ៊ុន ម៉ាលី ។ ទោះជាយ៉ាងណា ដោយសារជាមន្ត្រីយោធានោះ លោក ហ៊ុន ម៉ានិត ត្រូវបានរារាំងមិនឲ្យក្លាយជាសមាជិកក្រុមប្រឹក្សានាយកនៃក្រុមហ៊ុននេះដោយច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃយោធា។

សម្ព័ន្ធក្រុមហ៊ុនដ៏ធំបំផុតតែមួយគត់នេះដែលមានទំនាក់ទំនងជាមួយគ្រួសារនេះ គឺសុទ្ធតែក្រុមហ៊ុនពាណិជ្ជកម្មដែលជាប់ពាក់ព័ន្ធនឹងអ្វីដែលរបាយការណ៍នេះចាត់ទុកថា ជាវិស័យពាណិជ្ជកម្មពុករលួយបំផុតនៅក្នុងប្រទេសកម្ពុជា។ ការនាំចូល និងនាំចេញក្នុងឆ្នាំ២០១៣របស់ប្រទេសកម្ពុជាមានទំហំរហូតដល់ប្រមាណ១៨ពាន់លានដុល្លារនេះបើយោងតាមធនាគារពិភពលោក។ នៅក្នុងឆ្នាំដដែលនោះ អង្គការសុចរិតភាពហិរញ្ញវត្ថុពិភពលោក (Global Financial Integrity) បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាបានខាតបង់ប្រាក់ចំនួន៤លានដុល្លារនៅក្នុងរំហូរពាណិជ្ជកម្មខុសច្បាប់។

អង្គការក្លូបល វីតណេស បានលើកឡើងថា ខ្លួនបានដាក់សំណើសុំការធ្វើអត្ថាធិប្បាយទៅកាន់មនុស្សដែលបានលើកឡើងនៅ ក្នុងរបាយការណ៍នេះ ហើយទទួលបានការឆ្លើយតបមកវិញពីមនុស្សតែម្នាក់ប៉ុណ្ណោះ   គឺលោក សុខ ពុទ្ធិវុធ ស្វាមីរបស់លោកស្រី ហ៊ុន ម៉ាលី ។

កំណត់ត្រាអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្មបានភ្ជាប់លោក សុខ ពុទ្ធិវុធ ទៅនឹងក្រុមហ៊ុនចំនួន៧ ក្នុងនោះមានក្រុមហ៊ុនសោម៉ាគ្រុបដែលលោកធ្វើជានាយកប្រតិបត្តិ។ កំណត់ត្រានេះក៏បានចុះបញ្ជីផងដែរថា លោក ជាប្រធានក្រុមហ៊ុន Soma Construction & Development ដែលមានជាប់ពាក់ព័ន្ធនៅក្នុងគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានទឹកប្រាក់រាប់លានដុល្លារ ជាគម្រោងមួយដែលមានវិវាទដីធ្លីរាប់ឆ្នាំជាមួយអ្នកភូមិមូលដ្ឋាន។

អង្គការក្លូបល វីតណេស ក៏បានប្រើប្រាស់ផងដែរនូវកិច្ចព្រមព្រៀងជីវម៉ាសដែលក្រុមហ៊ុន សោម៉ា គ្រុប បានចុះហត្ថលេខាជាមួយក្រុមហ៊ុន General Electric កាលពីឆ្នាំ២០១២ ជាផ្នែកនៃកិច្ចព្រមព្រៀងថាមពលមួយផ្សេងទៀត ដែលរដ្ឋាភិបាលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះ មុននោះមួយឆ្នាំ ជាឧទាហរណ៍មួយនៃកិច្ចសន្យាសាធារណៈនិងអាជ្ញាប័ណ្ណរដ្ឋ ដែលគ្រួសារត្រកូលហ៊ុនទទួលបាន។

ដោយឆ្លើយតបទៅនឹងការអះអាងនៅក្នុងរបាយការណ៍នេះអំពីឥទ្ធិពលហួសហេតុរបស់គ្រួសារត្រកូលហ៊ុននេះលើក្រុមហ៊ុននៅកម្ពុជានៅក្នុងអីុម៉េលមួយផ្ញើទៅកាន់អង្គការក្លូបល វីតណេស កាលពីខែកុម្ភៈ លោក សុខ ពុទ្ធិវុធ បានលើកឡើងថា លោកបានឃើញ”ម្តងហើយម្តងទៀតថា ដំណោះស្រាយល្អៗកម្រត្រូវបានអនុវត្តឲ្យត្រឹមត្រូវណាស់” ប៉ុន្តែលោកបានបន្ទោសបញ្ហានេះលើ “សមត្ថភាពមានកម្រិត” របស់រដ្ឋាភិបាល។

លោកបានមានប្រសាសន៍ថា “ខ្ញុំអាចយល់បាននូវការសន្និដ្ឋានរបស់អ្នកដែលថា ខ្ញុំបានរំលោភអំណាចរបស់ខ្ញុំដើម្បីឈានទៅដល់ចំណុចមួយដែលខ្ញុំមាននៅក្នុងពេលសព្វថ្ងៃ ប៉ុន្តែ ខ្ញុំសូមធានាថា ខ្ញុំទទួលខុសត្រូវប្រកបដោយភាពប្រាកដប្រជាចំពោះការអភិវឌ្ឍ ហើយគោរពវិស័យឯកជន។ខ្ញុំទទួលស្គាល់ថា ការអភិវឌ្ឍមិនទាន់ចប់ទេ។ ទោះជាយ៉ាងណា ខ្ញុំបានបង្កើតក្រុមដ៏ល្អមួយដែលខ្ញុំជឿថា មានចក្ខុវិស័យដូចខ្ញុំក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា”។

លោកបានបន្តថា “ខ្ញុំដឹងថា ខ្ញុំរស់នៅក្រោមម្លប់របស់គ្រួសារខ្ញុំ។ ជំនួញដែលខ្ញុំបានបង្កើតឡើងមានបំណងផ្តល់គំនិតថ្មីសម្រាប់ប្រទេសរបស់ខ្ញុំ និងដើម្បីផ្តល់ដំណោះស្រាយដែលខ្ញុំជឿថានឹងជួយអភិវឌ្ឍប្រទេសកម្ពុជា”។

ពេលទាក់ទងកាលពីម្សិលមិញ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រជាប់ឆ្នោតនោះបានបដិសេធមិននិយាយតាមទូរស័ព្ទឡើយ ហើយបានស្នើឲ្យមានការលាយលក្ខណ៍ជាអក្សរនៅក្នុងសំណើសុំសម្ភាសណាមួយ ហើយដាក់ជូនតាមរដ្ឋសភា។បងប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានិត មិនឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ។

អង្គការក្លូបល វីតណេស បានចេញរបាយការណ៍ “ការគ្រប់គ្រងដ៏អរិភាព”នេះជាមួយទិន្នន័យសិក្សាស្រាវជ្រាវសាធារណៈមួយដែលហៅថា សាជីវកម្មកម្ពុជា។

របាយការណ៍នេះមានខ្លឹមសារថា “វាគួរតែត្រូវបានប្រើប្រាស់ជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ដំណើរការស្រាវជ្រាវ និងវិភាគ ដែលជួយវិនិយោគិនក្នុងការថ្លឹងថ្លែងកម្រិតនៃហានិភ័យ តាមរយៈការពិចារណាថាតើនរណាដែលពួកគេគួរចាប់ដៃគូជាមួយ។ បើគ្មានធនធាននេះទេ ពួកគេនឹងជួបការលំបាកក្នុងការកំណត់ថា តើនរណាដែលទទួលបានផលប្រយោជន៍ពីការវិនិយោគរបស់ពួកគេ ដោយធ្វើឲ្យពួកគេងាយរងហានិភ័យផ្លូវច្បាប់ និងហរិញ្ញវត្ថុ។ លើសពីនេះទៅទៀតការប្រើប្រាស់ទិន្នន័យនេះនឹងជួយពួកគេក្នុងការកំណត់ថា តើការវិនិយោគរបស់ពួកគេជួយឲ្យមានការប្រព្រឹត្តអំពើពុករលួយរំលោភបំពានសិទ្ធិមនុស្ស អយុត្តិធម៌សង្គម ឬបទល្មើសបរិស្ថានកាន់តែខ្លាំងឬយ៉ាងណាហើយថាតើវាអាចផលប៉ះពាល់អ្វីខ្លះដល់ពលរដ្ឋសាមញ្ញនៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ពួកគេផ្ទាល់”។

ក្រុមហ៊ុនបរទេសដែលចង់វិនិយោគ ឬប្រកបអាជីវកម្មនៅកម្ពុជា ជាធម្មតាត្រូវឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នមួយដែលលោក ហ៊ុន សែន ធ្វើជាប្រធានដោយផ្ទាល់។ ក្រុមមន្ត្រីនៅក្រុមប្រឹក្សានេះ រួមទាំងក្រុមទំនាក់ទំនងសាធារណៈ និងក្រុមផ្នែកច្បាប់ផងនោះសុទ្ធតែបដិសេធមិនពិភាក្សាអំពីរបាយការណ៍នេះឡើយ ហើយក៏មិនបានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយដែរ៕សុខុម និងស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស