29 C
Phnom Penh

ចេញ​ពី​ការ​សម្ងំ​លាក់​ខ្លួន​មួយ​ភ្លែត លោក កឹម សុខា រំឭក​ខួប​ព្រឹត្តិការណ៍​ខែ​កក្កដា​ឆ្នាំ​១៩៩៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមួយភ្លែតពីកន្លែងសម្ងំលាក់ខ្លួនរបស់លោកនៅខាងក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំងកាលពីថ្ងៃពុធ ដើម្បីដឹកនាំពិធីរំឭកខួប១៩ឆ្នាំ ចាប់តាំងពីការប្រយុទ្ធគ្នានៅខែកក្កដាឆ្នាំ១៩៩៧ ដែលបានឈានទៅដល់ការបណ្តេញសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្ត្រីទី១ ចេញពីតំណែង។

cam-photo-factional-fighting1-rithជាលើកទី២ហើយដែលលោក សុខា បានចុះជណ្តើរនៃអគារដើម្បីចូលរួមក្នុងពិធីមួយនៅចំណតរថយន្តរបស់ខ្លួន ចាប់តាំងពីនគរបាលបានព្យាយាមចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ខែឧសភា លោកបានដឹកនាំអ្នកគាំទ្រប្រហែល១០០នាក់ដើម្បីរំឭកថ្ងៃដែលលោក ហ៊ុន សែន កាលណោះជានាយករដ្ឋមន្ត្រីទី២ បានពង្រឹងអំណាចរបស់លោកលើប្រទេសកម្ពុជា។

លោក កឹម សុខា បានមានប្រសាសន៍ថា “យើងចងចាំជានិច្ច ធ្វើយ៉ាងណាកុំឲ្យព្រឹត្តិការណ៍បង្ហូរឈាមបែបនោះ កើតមានឡើងនៅប្រទេសកម្ពុជាទៀតជាដាច់ខាត”។

ក្នុងការចំអកដែលមិនឲ្យដឹងច្បាស់លើលោក ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្ត្រីតែម្នាក់ឯងរបស់ប្រទេសនេះ បន្ទាប់ពីឈ្នះគូប្រកួតដែលបែកបាក់គ្នាក្នុងការបោះឆ្នោតឆ្នាំ១៩៩៨នោះ លោក សុខា ក៏បានលើកឡើងថា អ្នកខ្លះបានរស់នៅយ៉ាងសុខស្រួលចាប់តាំងពីខែកក្កដាឆ្នាំ១៩៩៧មក។

មុនពេលត្រឡប់ទៅកន្លែងសម្ងំលាក់ខ្លួនវិញ លោកបានមានប្រសាសន៍ថា “អ្នកទាំងឡាយណា ដែលថាខ្លួនបានសេចក្ដីសុខសប្បាយហើយ សូមធ្វើឲ្យអ្នកដទៃទៀត ទទួលបានសេចក្ដីសុខផងដែរ ទើបហៅថា សន្ដិភាពពិតស្ថិតស្ថេរ”។

លោក ញឹក ប៊ុនឆៃ ឧត្តមសេនីយ៍ដែលបានដឹកនាំកងកម្លាំងដែលស្មោះត្រង់នឹងសម្តេចក្រុមព្រះក្នុងអំឡុងពេលវាយប្រយុទ្ធគ្នា ប៉ុន្តែក្រោយមកបានធ្វើជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យលោក ហ៊ុន សែន ក្នុងទសវត្សរ៍ឆ្នាំ២០០០ បានមានប្រសាសន៍តាមរយៈទូរស័ព្ទថា មនុស្សរាប់សិបនាក់ដែលបានស្លាប់និងរងរបួសក្នុងឆ្នាំ១៩៩៧នៅតែគ្មានយុត្តិធម៌នៅឡើយ។

អតីតឧត្តមសេនីយ៍រូបនេះ ដែលបានចេញពីគណបក្សហ៊្វុនស៊ិនប៉ិចកាលពីឆ្នាំមុនដើម្បីចាប់ផ្តើមគណបក្សផ្ទាល់របស់លោក បានមានប្រសាសន៍ថា “វាអយុត្តិធម៌ចំពោះពួកគេ ហើយគ្រួសាររបស់ពួកគេស្វែងរកយុត្តិធម៌ជានិច្ច និងអំពីអ្នកដែលបានធ្វើឲ្យរឿងនេះកើតឡើង”។ ប៉ុន្តែ លោក ប៊ុនឆៃ មិនចង់ឆ្លើយសំណួរទាក់ទិននឹងអ្នកដែលទទួលខុសត្រូវចំពោះការប្រយុទ្ធគ្នានោះទេ។

cam-photo-factional-fighting2-channaលោកបានមានប្រសាសន៍ថា “នៅពេលនោះ មានមូលហេតុមួយចំនួនដែលបានធ្វើឲ្យវាកើតឡើង បន្ទាប់ពីគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិច មានការសង្ស័យគ្នា។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏គួរទទួលខុសត្រូវដែរ តើយើងអាចរកយុត្តិធម៌យ៉ាងណា?”។

សម្តេចក្រុមព្រះ ដែលលោក ហ៊ុន សែន បានបន្ទោសចំពោះការវាយប្រយុទ្ធគ្នាដែលបានកើតឡើងបន្ទាប់ពីមានការបង្កហេតុមួយឆ្នាំពីភាគីទាំងពីរ មិនអាចទាក់ទងបានទេ។

ការប្រយុទ្ធគ្នារយៈពេលពីរថ្ងៃក្នុងក្រុងភ្នំពេញបានឃើញទាហាននិងកម្លាំងសន្តិសុខជាង២០០នាក់ដែលស្មោះត្រង់នឹងសម្តេចក្រុមព្រះត្រូវគេសម្លាប់ ធ្វើទារុណកម្មនិងចាប់ខ្លួន និងបានលុបចោលជ័យជម្នះរបស់ហ៊្វុនស៊ិនប៉ិចក្នុងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនាឆ្នាំ១៩៩៣។

របាយការណ៍មួយរបស់អង្គការសហប្រជាជាតិដែលចេញនៅខែសីហាឆ្នាំ១៩៩៧បានបញ្ជាក់ថា អ្នកប្រឆាំងលោក ហ៊ុន សែន យ៉ាងហោចណាស់ក៏៤១នាក់ដែរត្រូវបានសម្លាប់ចោលភ្លាមៗក្នុងរយៈពេលតែពីរថ្ងៃ ក្នុងនោះមានលោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវបានបាញ់សម្លាប់នៅអាយុ៣៩ឆ្នាំ។

លោក ហ៊ុន សែន បានបដិសេធថាព្រឹត្តិការណ៍នោះមិនមែនជារដ្ឋប្រហារទេ។ លោកបានមានប្រសាសន៍ថា សម្តេចក្រុមព្រះ មានកិច្ចព្រមព្រៀងជាមួយទ័ពព្រៃខ្មែរក្រហមដែលនៅសេសសល់ក្នុងតំបន់ទិសពាយព្យប្រទេស និងបានព្យាយាមធ្វើរដ្ឋប្រហាររបស់ព្រះអង្គផ្ទាល់ ដោយបង្ខំឲ្យគណបក្សប្រជាជនកម្ពុជាធ្វើអន្តរាគមន៍ទប់ស្កាត់។

លោក ហ៊ុន សែន បានមានប្រសាសន៍អំពីរបាយការណ៍សហប្រជាជាតិក្នុងឯកសារព័ត៌មាន BBC ដែលផ្សាយនៅខែវិច្ឆិកាឆ្នាំ១៩៩៧ថា “ប្រហែលមានមនុស្សមិនច្រើនជាង៥០នាក់ទេនៅក្នុងប្រទេសកម្ពុជាដែលបានអានរបាយការណ៍នេះ។ មានប្រជាជន១១លាននាក់ក្នុងប្រទេសកម្ពុជា។ គេមិនយល់អ្វីដែលរបាយការណ៍សិទ្ធិមនុស្សរាយការណ៍នោះទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស