កាលពីម្សិលមិញ កូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដើម្បីឌឺដង និងច្រានចោលនៅក្នុងប្រតិកម្មតបទៅនឹងរបាយការណ៍ថ្មីមួយរបស់អង្គការក្លូបល វីតណេស (Global Witness) ដែលចោទប្រកាន់ក្រុមគ្រួសារនាយករដ្ឋមន្ត្រីថាប្រើប្រាស់ទំនាក់ទំនងនយោបាយរបស់ខ្លួន ដើម្បីពង្រីកអាណាចក្រជំនួញដ៏ធំដែលពោរពេញដោយការរំលោភបំពានច្បាប់។
តាមរយៈការដកស្រង់សំណុំឯកសារសាជីវកម្មសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម អង្គការប្រឆាំងអំពើពុករលួយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះ បានរកឃើញថា សមាជិកគ្រួសារ ២១ នាក់រាប់ចាប់ពីបងប្អូនបង្កើត និងកូនចៅរបស់លោក ហ៊ុន សែន រហូតដល់ក្មួយប្រុស ក្មួយស្រី និងប្តីប្រពន្ធរបស់ពួកគេ គឺជាម្ចាស់ ឬបានបោះទុនវិនិយោគក្នុងក្រុមហ៊ុនចំនួន ១១៤ ដែលមានដើមទុនសរុបជាង ២០០ លានដុល្លារ។
របាយការណ៍មានឈ្មោះថា “ការគ្រប់គ្រងដ៏អរិភាព” (Hostile Takeover) ដែលចេញផ្សាយកាលពីម្សិលមិញលើកឡើងថា បញ្ជីក្រុមហ៊ុននេះគ្រាន់តែ “មួយចំណែកតូច” ប៉ុណ្ណោះ ដោយផលប្រយោជន៍ផ្សេងៗទៀតទំនងជាត្រូវបានលាក់បាំងនៅពីក្រោយក្រុមហ៊ុនដែលមានតែសម្បកក្រៅ។ របាយការណ៍នេះគូសបញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជីទាំងនេះរកស៊ីជាមួយក្រុមហ៊ុនអន្តរជាតិធំៗដែលរួមមានទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន General Electric ផងដែរ ហើយព្រមានក្រុមហ៊ុនបរទេសនានាកុំឱ្យបំពានច្បាប់ប្រឆាំងអំពើពុករលួយក្នុងប្រទេស ប្រសិនបើពួកគេសហការជាដៃគូ។
កាលពីថ្ងៃពុធ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាតំណាងរាស្ត្រ បានបដិសេធមិននិយាយអំពីរបាយការណ៍នេះតាមទូរស័ព្ទទេ។ ចំណែកឯលោក ហ៊ុន ម៉ានិត កូនប្រុសកណ្ដាលរបស់នាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពស៊ើបការណ៍សម្ងាត់យោធានៃក្រសួងការពារជាតិ មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺឡើយ។
ទោះជាយ៉ាងណា កាលពីម្សិលមិញ កូនៗរបស់លោក ហ៊ុន សែន បានឆ្លើយតបតាមរយៈសារបង្ហោះលើហ្វេសប៊ុកចំអកឌឺដងដាក់របាយការណ៍នេះ និងកាសែតក្នុងស្រុកនានាដែលបានចុះផ្សាយអត្ថបទអំពីវា។
លោកស្រី ហ៊ុន ម៉ាណា ជាកូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រី និងដែលយោងតាមសំណុំឯកសារសាជីវកម្មសាធារណៈបង្ហាញថា ជារាជិនីជំនួញរបស់គ្រួសារនេះ បានចោទប្រកាន់អង្គការក្លូបល វីតណេស ថាព្យាយាមរារាំងឪពុករបស់លោកស្រីកុំឱ្យឈ្នះការបោះឆ្នោតក្នុងពេលខាងមុខ និងឃុបឃិតគ្នាជាមួយកាសែតខេមបូឌា ដេលី និងកាសែតភ្នំពេញប៉ុស្តិ៍។
លោកស្រីបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ”នាងខ្ញុំសូមអរគុណចំពោះក្លូបល វីតណេស ដែលបានចំណាយពេលយ៉ាងច្រើនដើម្បីស្រាវជ្រាវពីក្រុមគ្រួសារត្រកូល ហ៊ុន។ នាងខ្ញុំបានដឹងយ៉ាងច្បាស់ថា ពួកអ្នកចង់បានអ្វីពីគ្រួសារយើងខ្ញុំ គឺឱ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ ពួកអ្នកតែងតែធ្វើរឿងបែបនេះក្នុងគោលដៅបំផ្លាញឪពុករបស់នាងខ្ញុំ តែនាងខ្ញុំ និងគ្រួសារគួរតែអរគុណដល់អស់លោក លោកស្រីដែលបានជួយដល់ឳពុករបស់នាងខ្ញុំឱ្យឈ្នះឆ្នោតគ្រប់អាណត្តិ ព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នកធ្វើឱ្យអ្នកបោះឆ្នោតកាន់តែមានការទុកចិត្ត និងបោះឆ្នោតជូនឪពុកខ្ញុំថែមទៀត។ នាងខ្ញុំក៏សូមកោតសរសើរផងដែរដល់ភ្នំពេញប៉ុស្តិ៍ និងខេមបូឌា ដេលី ដែលបានចេញផ្សាយព័ត៌មាននេះក្នុងពេល និងថ្ងៃតែមួយ ដែលបង្ហាញឱ្យឃើញថាមានកិច្ចសហការដ៏ល្អរវាងសារព័ត៌មានទាំងពីរជាមួយក្លូបល វីតណេស ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូល ហ៊ុន។ សូមអស់លោក លោកស្រីបន្តកិច្ចការបែបនេះតទៅទៀតចុះ ប្រសិនគ្មានការងារធ្វើ”។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អង្គការក្លូបល វីតណេស បានចេញរបាយការណ៍មួយចំនួនលាតត្រដាងអំពើពុករលួយយ៉ាងរាលដាលក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលជាញឹកញាប់ពាក់ព័ន្ធក្រុមមនុស្សជំនិតបំផុតរបស់លោក ហ៊ុន សែន។ ដោយសារការលាតត្រដាងនេះ បុគ្គលិករបស់ខ្លួនត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ២០០៥ ហើយរបាយការណ៍មុនៗមួយចំនួនរបស់ខ្លួនត្រូវបានហាមប្រាមជាផ្លូវការ។
ទាក់ទិនរបាយការណ៍ចុងក្រោយនេះកាលពីម្សិលមិញ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ដែលកាន់មុខតំណែងយោធាជាន់ខ្ពស់ជាច្រើនរួមទាំងតំណែងនាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទផងដែរនោះ បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបញ្ជាក់បន្ថែមពីលើអ្វីដែលប្អូនស្រីរបស់លោកបានលើកឡើង។
លោកគូសបញ្ជាក់ថា “ឱ្យតែពេលជិតបោះឆ្នោតគឺជាពេលវេលាដែលអង្គការមួយឈ្មោះ ក្លូបល វីតណេស បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗដើម្បីចោទប្រកាន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសលើឪពុកខ្ញុំតែម្តង។ ហើយលើកនេះក៏មិនមានអ្វីថ្មីដែរ។ តាមរយៈការសហការគ្នាដ៏ល្អរវាងភ្នំពេញ ប៉ុស្តិ៍ និង ខេមបូឌា ដេលី លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿងវ៉ៃទាំងគ្រួសារតែម្តង ពោលគឺមិនឱ្យរួចខ្លួនម្នាក់ណាឡើយ។ ចាំមើលចេញរឿងអ្វីទៀត?”។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា របាយការណ៍នេះ និងអត្ថបទចុះផ្សាយទាំងនេះពេញទៅដោយកំហុសឆ្គង។ លោកបានមានប្រសាសន៍ថា “នេះជាការវាយប្រហារលើគ្រួសារត្រកូល ហ៊ុន ដែលជាការរៀបចំ និងកិច្ចសហការដ៏ល្អរវាងក្លូបល វីតណេស ខេមបូឌា ដេលី និងភ្នំពេញ ប៉ុស្តិ៍ ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដង ព័ត៌មាននេះពោរពេញទៅដោយកំហុស និងព័ត៌មានមិនពិតក្នុងគោលបំណងតែមួយគត់គឺបង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូល ហ៊ុន”។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ានិត មិនបានពន្យល់ថា កំហុសនោះជាអ្វីនោះទេ ហើយមិនបានឆ្លើយតបសំណើសុំការបំភ្លឺម្តងទៀតឡើយ។
លោក ហ៊ុន សែន មិនបានលើកឡើងអំពីរបាយការណ៍របស់អង្គការក្លូបល វីតណេស ដោយផ្ទាល់ទេ ប៉ុន្តែបានចែករំលែក (share) សារដែលកូនៗរបស់លោកបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ អមដោយរូបថតក្រុមគ្រួសារលោកផឹកស៊ីជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពុទ្ធីវុធ ជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាលី និងត្រូវជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន។
លោកបានសរសេរក្នុងសារមួយថា “ថ្ងៃនេះកូនប្រុសកូនស្រីរបស់ខ្ញុំបានបញ្ចេញសមត្ថភាព របស់ពួកគេលើបណ្តាញសង្គមហ្វេសប៊ុក”។
ប្រហែលជាឧទាហរណ៍ជាក់ស្តែងបំផុតស្តីពីការបំពានច្បាប់ ដែលអង្គការក្លូបល វីតណេស បានចង្អុលបង្ហាញ គឺមុខតំណែងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជានាយកក្រុមហ៊ុន Cambodia Electricity Private ដែលលក់ថាមពលអគ្គិសនីឱ្យទៅក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីរដ្ឋ EdC។ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃយោធាហាមឃាត់បុរស និងស្ត្រីជាយោធាមិនឱ្យកាន់មុខតំណែងក្នុងក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុនឡើយ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងឆ្លើយតបសំណើសុំការបំភ្លឺទាក់ទិនការបំពានច្បាប់ ប៉ុន្តែមិនបានធ្វើការឆ្លើយតបឡើយ។
ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលគ្រប់គ្រងការវិនិយោគបរទេស មិនបានឆ្លើយតបទេចំពោះសំណើសុំការបំភ្លឺម្តងហើយម្តងទៀតអំពីរបាយការណ៍របស់អង្គការក្លូបល វីតណេស នេះ៕ សុខុម