35 C
Phnom Penh

ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​​ត្រូវ​បាន​បញ្ចុះ​ឋានៈ​ចំពោះ​ការ​លក់​ដី​​រដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានមន្ទីរកសិកម្មខេត្តកោះកុងត្រូវបានដកចេញពីតួនាទី និងបានបញ្ចុះឋានៈបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរកឃើញថា លោកបានលក់ដីមន្ទីរមួយផ្នែកក្នុងតម្លៃរាប់សែនដុល្លារ ហើយបានយកប្រាក់នោះដាក់ហោប៉ៅខ្លួនឯង ប៉ុន្តែមិនបានប្រឈមវិធានការផ្លូវច្បាប់ឡើយ។

យោងតាមលោក ទី ចាន់ណា ប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រសួងកសិកម្មបានឲ្យដឹងថា ករណីនេះបានលេចឡើងកាលពីខែឧសភា នៅពេលមន្ត្រីមន្ទីរប្រាំមួយនាក់បានចោទលោក មាស សុភាព ថាបានលក់ដីដែលនៅទំនេរនៅក្នុងក្រុងខេមរភូមិន្ទទំហំ១៥០គុណនឹង២៤៥ម៉ែត្រ ក្នុងតម្លៃជាទឹក ប្រាក់៣២០.០០០ដុល្លារ។

លោកមានប្រសាសន៍ថា “ក្រសួងកសិកម្មបានស៊ើបអង្កេតករណីនេះ ហើយបានរកឃើញថា លោក មាស សុភាព ពិតជាបានលក់ដីរបស់រដ្ឋដូចអ្នកនៅក្រោមបង្គាប់របស់គាត់ចោទប្រកាន់មែន។

លោក ទី ចាន់ណា បានមានប្រសាសន៍ថា ក្រុមស៊ើបអង្កេតបានសួរមន្ត្រីគ្រប់រូបដែលបម្រើការនៅក្នុងមន្ទីរកសិកម្មខេត្តកាលពីខែឧសភា ហើយពួកគាត់ភាគច្រើនបានផ្ដល់សក្ខីកម្មថា ការអះអាងនេះគឺជាការពិត ប៉ុន្តែលោកបានអះអាងថា លោកមិនចាំថាករណីនេះកើតឡើងនៅពេលណា ឬដីនេះលក់ឱ្យនរណាឡើយ។

លោកបានថ្លែងថា បើទោះជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មត្រូវបានជូនដំណឹងអំពីការគៃបំបាត់ដោយទុច្ចរិតនៅក្នុងរយៈពេល១សប្ដាហ៍ក៏ដោយ ក៏មិនទាន់មានការចាត់វិធានការដែររហូតដល់ថ្ងៃអង្គារ នៅពេលលោក មាស សុភាព ត្រូវបានដកចេញពីតួនាទីជាប្រធានមន្ទីរ ហើយផ្ទេរមករាជធានីភ្នំពេញឱ្យបម្រើការជាអនុប្រធានមជ្ឈមណ្ឌលឯកសារ និងព័ត៌មានកសិកម្ម។

លោក អុី ម៉េងលាង អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ បានមកកាន់តួនាទីជំនួសលោក មាស សុភាព ក្នុងឋានៈជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង។

យោងតាមមាត្រា៦០១នៃក្រមព្រហ្មទណ្ឌ ការគៃបំបាត់ដោយទុច្ចរិតនូវទ្រព្យសម្បត្តិរដ្ឋត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។

នៅពេលសួរថាតើហេតុអ្វីបានជាលោក មាស សុភាព មិនប្រឈមវិធានការច្បាប់ លោក ទី ចាន់ណា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅលោករដ្ឋមន្ត្រី វេង សាខុន ដែលគេមិនអាចទាក់ទងបាន។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក មាស សុភាព បានបដិសេធថា លោកមិនបានលក់ដីរបស់រដ្ឋយកលុយដាក់ហោប៉ៅខ្លួនឯងឡើយ។ លោកបានថ្លែងថា “អ្នកក្រោមបង្គាប់របស់ខ្ញុំចោទខ្ញុំថាបានលក់ដីមន្ទីរកសិកម្មខេត្តក្នុងតម្លៃ៣២០.០០០ដុល្លារ។ វាជារឿងមិនពិតឡើយ”។

លោកបានអះអាងថា លោកត្រូវបានបញ្ចុះឋានៈ ប៉ុន្តែបានលើកឡើងថា លោកមិនថាដោយសារមូលហេតុអ្វីឡើយ ដោយបន្ថែមថា សេចក្តីសម្រេចនេះគឺជា “សិទ្ធិរបស់លោករដ្ឋមន្ត្រី”។

លោក ប៊ុន លើត អភិបាលខេត្តកោះកុងក៏បានអះអាងផងដែរថា លោក មាស សុភាព គ្មានកំហុសទេ ប៉ុន្តែបានលើកឡើងថា លោកមិនត្រូវបានសាកសួរទេអំឡុងការស៊ើបអង្កេតរបស់ក្រសួងកាលពីខែឧសភា។

ដោយបដិសេធមិននិយាយលម្អិត លោកមានប្រសាសន៍ថា “ខ្ញុំបានស៊ើបអង្កេតហើយ ហើយបានរកឃើញថា ការចោទប្រកាន់ថាលោក មាស សុភាព បានលក់ដីនោះ គឺមិនពិតឡើយ ពីព្រោះដីនេះស្ថិតក្នុងបញ្ជីសារពើភណ្ឌរបស់មន្ទីរកសិកម្មខេត្តនៅឡើយ”។

គេមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មបានទេ៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស